​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ប្រឈម​ការចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​លោក​បានធ្វើ​អត្ថាធិប្បាយ​កាលពី​ជិត​​​ ១០ ឆ្នាំមុន ក្នុង​បទសម្ភាសន៍​មួយ​នៅ​ឆ្នាំ​ ២០១៥ ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ នេះ​បើ​យោងតាម​មន្ត្រីប៉ូលិស​ថៃ​ដែល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គារ​។​


​ការចោទប្រកាន់​នេះ​ធ្វើឡើង​នៅមុន​ថ្ងៃ​ដោះលែង​លោក​ឱ្យនៅ​ក្រៅ​ឃុំ បើទោះបីជា​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា ​តើ​ករណីនេះ​នឹង​វិ​វ​ឌ្ឍ​ទៅជា​យ៉ាងណាក៏ដោយ​។ មហាសេដ្ឋី​ដែល​កំពុង​ជាប់ពន្ធនាគារ​រូបនេះ គឺជា​ឥស្សរ​ជន​នយោបាយ​ចុងក្រោយ​បំផុត​ដែល​ត្រូវបាន​ចោទប្រកាន់​ក្រោម​ច្បាប់​ស្តីពី​ការប្រមាថ​ព្រះមហា​ក្សត្រ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ថៃ​។​

​ដើមចោទ​ដែល​បានដាក់​ពាក្យ​បណ្ដឹង​គឺ​ក្រុម​រដ្ឋាភិបាល យោធា​ដែល​បាន​ដណ្ដើម​អំណាច​បន្ទាប់​​ពី​ការផ្តួលរំលំ​រដ្ឋបាលរ​បស់​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra)​ ត្រូវជា​ប្អូនស្រី​របស់លោក ​ថាក់​ស៊ីន ​កាលពី​ខែឧសភា​ ២០១៤​។ យ៉ាងណាក៏ដោយ លោក ថាក់​ស៊ីន តែងតែបាន​បង្ហាញ​ភក្តី​ភាព​ចំពោះ​របបរាជានិយម​យ៉ាង​ខ្ជាប់ខ្ជួន​។​


​លោក ប្រា​យុ​ធ ផេ​ឆា​រ៉ា​ឃុន (Prayuth Pecharakun)​ អ្នកនាំពាក្យ​ការិយាល័យ​អគ្គ​មេធាវី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការយឺតយ៉ាវ​ដោះស្រាយ​បណ្តឹង​នេះ​គឺ​ដោយសារតែ​លោក ថាក់ស៊ីន​មិនមាន​វត្តមាន​នៅក្នុង​ប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​។


​មហាសេដ្ឋី ថាក់ស៊ីន ដែល​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ចំនួន​ ២ ​ដង ​មុនពេល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​រដ្ឋប្រហារ​ឆ្នាំ ​២០០៦​ បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ពី​ការ​និរទេស​ខ្លួន​នៅ​បរទេស​នៅក្នុង​ខែសីហា​ឆ្នាំ​ ២០២៣​។ ពេល​ត្រឡប់​ចូល​ប្រទេស​វិញ លោក​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ពីបទ​ពុករលួយ និង​បទ​រំលោភ​អំណាច​។ ឥស្សរជន​វ័យ​ ៧៤ ​ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ប៉ូលិស ហើយ​បានធ្វើ​ការវះកាត់​យ៉ាងហោចណាស់​ចំនួន​ ២ ​ដង​មកហើយ​។​


​លោក ប្រា​យុ​ធ បាន​បញ្ជាក់ថា ព្រះរាជអាជ្ញា​នឹង​រង់ចាំ​ប៉ូលិស​បញ្ចប់​ការស៊ើបអង្កេត​សិន មុននឹង​សម្រេច​ថា​ត្រូវ​បន្ត​សំណុំ​រឿងនេះ​ឬ​អត់​។ បន្ថែម​ពីលើ​នេះ លោក​បាន​លើកឡើងថា លោក ថាក់ស៊ីន បាន​បដិសេធ​ការ​ចោទ​​ប្រកាន់​នេះ ហើយ​បាន​ផ្ញើលិខិត​ទៅ​អគ្គមេធាវី ដើម្បី​ស្នើឱ្យ​មានការ​ត្រួតពិនិត្យ និង​សម្រេច​ដោយ​យុត្តិធម៌​។​

​នៅ​ប្រទេស​ថៃ ការប្រមាថ​ព្រះ​មហាក្សត្រ​គឺជា​បទល្មើស​ធ្ងន់​ធ្ង​រ ដោយ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ព្រះមហាក្សត្រ​គឺជា​បុគ្គល​ដែល​ត្រូវធ្វើ​ការគោរព​សក្ការៈ​។ ច្បាប់​ស្ដីពី​ការប្រមាថ​ព្រះមហា​ក្សត្រ​ក្នុងប្រទេស​ថៃ គឺជា​ច្បាប់​មួយ​ក្នុងចំណោម​ច្បាប់​ដ៏​តឹងរ៉ឹង​បំផុត​នៅលើ​ពិភពលោក ដោយមាន​ការផ្តន្ទាទោស​ដាក់​ពន្ធ​នា​​គារ​រហូតដល់​ទៅ​ ១៥ ​ឆ្នាំ​។ កន្លងមក អ្នក​រិះគន់​បាន​អះអាងថា ច្បាប់​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​គាបសង្កត់​ក្រុមប្រឆាំង​។​

​ចាប់តាំងពី​ការតវ៉ា​គាំទ្រ​លទ្ធិ​​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​យុវជន​នៅ​ឆ្នាំ​ ២០២០ គេ​សង្កេតឃើញថា​មានការ​កើន​ឡើង​គួរឱ្យកត់សម្គាល់​ជុំវិញ​ការចោទប្រកាន់​ក្រោម​មាត្រា ១១២​ នៃ​ច្បាប់​ប្រមាថ​ព្រះ​មហាក្សត្រ​នេះ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យ៉ាង​​ហោចណាស់​មនុស្ស​ចំនួន ២៦០ ​នាក់​ត្រូវបាន​កាត់ទោស​នៅក្រោម​ច្បាប់​នេះ​។​

​ជាការ​កត់សម្គាល់ ការវិល​​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​របស់លោក​ថាក់ស៊ីន​បានកើត​ឡើង​ស្រប​ពេលដែល​គណបក្ស​ភឿ​​ថៃ (Pheu Thai Party) របស់លោក បាន​ឡើងកាន់​អំណាច​ដឹកនាំ​ប្រទេស បន្ទាប់ពី​យល់ព្រម​ក្នុង​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​មួយ​ជាមួយ​ពួកយោធា​និយម​។ អំឡុង​ពេលនោះ ពាក្យ​ច​ចាម​​អា​រ៉ា​ម​ជាច្រើន​បាន​លេច​ឮថា គណបក្ស​ភឿ​ថៃ​បាន​ចុះ​កិច្ច​ព្រម​​ព្រៀង​សម្ងាត់​ដើម្បី​ជួយ​ដល់​លោក​ថាក់ស៊ីន ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ដែល​ឃើញ​ព្រះមហាក្សត្រ​បាន​បន្ធូរ​បន្ថយទោស​ច្រើន​ឆ្នាំ​៕