នៅ​ថ្ងៃ​នេះ ប្រទេស​ប៉ាគីស្ថាន ដែល​មាន​ប្រជាជន​​ច្រើន​បំផុត​ទី៥ ​​ក្នុងពិភពលោក​​ រៀប​ចំ​ការ​បោះឆ្នោត​​​​ថ្នាក់​ជាតិ​ដែល​មាន​ប្រជា​ជន ​១២៨​ លាន​នាក់​ បានចុះ​ឈ្មោះ​​បោះឆ្នោត​។ 

យោង​តាម​កា​រចុះ​ផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​​​ Al Jazeera ​គណបក្ស​ដែល​បាន​ចុះ​បញ្ជី​​​​គឺ​មាន​រហូត​ដល់​​១៦៧ ខណៈដែល​អំពើហិង្សា​​​​បាន​ផ្ទុះ​ឡើង​​យ៉ាង​ខ្លាំង​នៅ​មុន​ថ្ងៃ​​​បោះឆ្នោត​​​នៅ​ថ្ងៃ​​​ព្រហស្បតិ៍​នេះ​។​

យោង​តាម​សេចក្តីរាយការណ៍​​​រ៉យទ័រ អ្នក​បោះឆ្នោត​​នៅប៉ាគីស្ថាន បាន​ធ្វើ​ដំណើរ​ទាំង​ប្រថុយ​ប្រថានទៅ​​​ការិយាល័យ​​បោះឆ្នោត​ បើ​ទោះបី​ដឹង​ថា ​អសុវត្ថិភាព​ក៏​ដោយ​​​​។


រ៉យទ័រ បាន​សម្ភាសអ្នក​បោះឆ្នោត គឺ​លោក RehmatUllahMehsud អាយុ ៥៩​ ឆ្នាំ ​ដោយ​បាន​រៀបរាប់​ថា លោក​ ​និង​សាច់​ញាតិ ៣ នាក់ ​កំពុងធ្វើដំណើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់​ទៅកាន់​កន្លែង​ ដែល​គ្រោះថ្នាក់​បំផុត​​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ ដើម្បី​បោះឆ្នោត​។ 

លោក Mehsud បាន​និយាយថា​គាត់​និង​​​សាច់ញាតិ​បាន​​ធ្វើ​ដំណើរ​ជាង ១៥០ ​គីឡូម៉ែត្រ (៩៥​ ម៉ា​យ) ទៅកាន់​ស្រុកកំណើត​របស់គាត់​នៅក្នុង​តំបន់ ​South Waziristan ពី​ទីក្រុង Dera Ismail Khan ជា​កន្លែង ​ដែល​គ្រួសារ​របស់គាត់​បាន​ផ្លាស់ប្តូរ​កាលពី ២០​ ឆ្នាំមុន ​ដើម្បី​គេច​ចេញពី​តំបន់​ ដែល​បាន​ក្លាយ​ជា​កន្លែង​ក្តៅ​នៃ​ពួក​សកម្មប្រយុទ្ធ​អ៊ិស្លាម។


អ្នកស្រុក​រាប់ម៉ឺន​នាក់​ផ្សេងទៀត ​ក៏បាន​ភៀសខ្លួន​ចេញពី​តំបន់​នេះ​ផងដែរ ដោយសារតែ​ក្រុម​សកម្មប្រយុទ្ធ និង​ការបង្ក្រាប​ដោយ​យោធា​ដ៏​ឃោរឃៅ។

«មានការ​ភ័យខ្លាច​ពេញ​​ផ្ទៃ​ប្រទេស តើ​កន្លែង​ណា​មួយ​មាន​សុវត្ថិភាព»? លោក Mehsud បាន​​ប្រាប់​រ៉​យ​ទ័​រ នៅ​ពេល​គាត់​ជិះ​រថយន្ត​​​កាលពី​ថ្ងៃ​ពុធ​សម្រាប់​ការ​ធ្វើ​ដំណើរ​​រយៈពេល​៣ម៉ោង​ទៅកាន់​តំបន់​ដែល​គ្រួសារ​នេះ​ត្រូវបាន​ចុះឈ្មោះ​ជា​អ្នកបោះឆ្នោត។ 

លោក​បាន​និយាយថា គ្រួសារ​នឹង​ស្នាក់នៅ​ ១ ​យប់ បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រឡប់មកវិញភ្លាម។

លោក​បាន​មានប្រសាសន៍ថា៖​«ខ្ញុំ​នឹង​បោះឆ្នោត ពីព្រោះ​លក្ខខណ្ឌ និង​គោល​នយោបាយ​​ដែល​​បាន​​បន្ត​​អស់​រយៈពេល ២០ ​ឆ្នាំ​​ អាច​ផ្លាស់ប្តូរ​​ប្រសិនបើ​បេក្ខជន​​ល្អ​​ត្រូវ​បាន​​បោះឆ្នោតឱ្យ​​»។

ការបោះឆ្នោត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន ​ដែល​គ្មាន​វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​ Imran Khan​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​​កាល​ឆ្នាំ​២០២២ តាមរយៈ​ការ​បោះឆ្នោត​​​​​ដក​ទំនុក​ចិត្ត​​របស់សភា​ ក្រោយ​មាន​កា​រ​ចោទ​​ប្រកាន់​ថា លោក​បាន​ឃុបឃិត​ជា​មួយរដ្ឋ​បរទេស​ ហើយ​​​តុលាការ​ប៉ាគីស្ថាន​កាល​ពី​ចុង​ខែ​មករា​បាន​​កាត់ទោស​ជាប់ពន្ធនាគារ​រហូតដល់ ១០​ ឆ្នាំ​។​

ការបោះឆ្នោត​ទូទៅ​របស់​ប្រទេស​ប៉ា​គី​ស្ថាន ​កំពុង​ត្រូវបាន​រៀបចំឡើង ចំពេល​មានការ​កើនឡើង​នៃ​អំពើហិង្សា​ដោយ​ពួក​សកម្មប្រយុទ្ធ​អ៊ិស្លាម ជាពិសេស​ក្រុម Tehreek-e-Taliban Pakistan (TTP) និង​ការកើនឡើង​នៃ​ក្តីបារម្ភ​លើ​សន្តិសុខ​សម្រាប់​ដំណើរការ​នេះ។

ក្រុម​សកម្មប្រយុទ្ធ​ជនជាតិភាគតិច​នៅក្នុង​ខេត្ត Balochistan នៅ​ភាគ​និរតី​ក៏បាន​​បង្កើន​ការវាយប្រហារ​ផងដែរ ហើយ​យ៉ាងហោចណាស់​មនុស្ស ២៦ ​នាក់ ​​ត្រូវបាន​សម្លាប់​នៅ​ទីនោះ​កាលពី​​ថ្ងៃ​ពុធ ​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ចំនួន ២​​ ដែល​ផ្តោតលើ​ការិយាល័យ​គណបក្សនយោបាយ៕​