ក្រុម​អ្នក​​ឃ្លាំ​មើល​ឌីជីថល ​​Citizen Lab ​បាន​ចេញ​របាយការណ៍​ថ្មី​​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​រក​ឃើញ​ថា​ ​ក្រុម​ហ៊ុន​ចិន​នៅ​ពី​ក្រោយ​​ការ​បង្កើត​គេហ​ទំព័រ​ព័ត៌មាន​ជាង ​១០០​ ដែល​​​បន្លំ​ខ្លួន​ជា​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​អឺរ៉ុប​ អាស៊ី ​និង​អាមេរិកឡាទីន​​ដើម្បី​​ជំរុញ​ការ​ឃោសនា​​មាតិកា​គាំទ្រ​រដ្ឋាភិបាលចិន​ ​ក្នុង​យុទ្ធនាការ​​បន្សាយ​ឥទ្ធិពល​​បម្រើប្រយោជន៍​​ឱ្យ​ទំនាក់​ទំនង​សាធារណៈ​សម្រាប់​រដ្ឋាភិបាល​ចិន​។ ​​


របាយការណ៍​របស់​ Citizen Lab ដែល​មាន​មូលដ្ឋាន​នៅ​​ប្រទេស​កាណាដា​ បាន​និយាយ​ថា​ ការ​ឃោស​នា​ដែល​ផ្សព្វ​ផ្សាយ​ឡើង​លើ​​គេហ​ទំព័រ​ព័ត៌មាន​ក្នុង​ប្រទេស​ជាង​ ៣០ ត្រូវ​បាន​​​លាយ​បញ្ចូល​គ្នា​ជាមួយ​នឹង​ព័ត៌មាន​ ដែល​ទាញ​យក​​​ពី​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ និង​ប្រព័ន្ធផ្សព្វ​ផ្សាយ​រដ្ឋ​​​ចិន​។

អ្នក​​ស្រាវ​ជ្រាវ​របស់ ​Citizen Lab លោក​Alberto Fittarelli​បាន​និយាយ​ក្នុង​របាយការណ៍​ដដែល​ថា​​៖ «​ខណៈ​​​គេហទំព័រ​​ទាំង​នោះ​ ​​​មិន​​ទាន់​មាន​គេ​តាម​ដាន​ច្រើននា​ពេល​បច្ចុប្បន្ន​​ វា​​មាន​ហានិភ័យ​ខ្ពស់ដែលវា​​នឹង​​​​រីក​សាយ​ភាយ​ឡើង​​ដោយសារ​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ និង​ទស្សនិកជន​គោលដៅ​ ដែល​នេះ​​ជា​លទ្ធផល​នៃ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​គេហទំព័រ​ទាំង​នោះ​​និង​ការ​សម្រប​ខ្លួន​របស់​ពួក​គេ​ទៅ​នឹង​ភាសា ​និង​មាតិកា​ក្នុង​ស្រុក​»​។ ​


របាយការណ៍​អះ​អាង​ថា​ ​ខ្លឹមសារ​​នៃ​គេហទំព័រ​​ទាំង​នោះ​ មាន​ជាប់​ទាក់​ទង​នឹង​ទ្រឹស្តី​ឃុបឃិត​ ដែល​ជា​រឿយ​ៗ​លើក​ឡើង​អំពី​សហរដ្ឋ​អាមេរិក​ ឬ​សម្ព័ន្ធ​មិត្ត​របស់​​មហា​អំណាច​មួយ​នេះ​ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា​ ​ការ​ស្តី​បន្ទោស​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ ចំពោះ​ការ​ «​លេច​ធ្លាយ​» វីរុស​កូវីដ​ ១៩​ ជា​ដើម​។ ក្រៅ​ពី​នេះ​ ក្រុម​គេហទំព័រ​​ព័ត៌មាន​ដដែល ក៏​ប្រមូល​ផ្ដុំ​ផង​ដែរ​នូវ​​អត្ថបទ​វាយ​ប្រហារអ្នក​​​រិះ​គន់​រដ្ឋាភិបាល​ចិន។ 


គេ​មើល​ឃើញ​ថា​ វា​កម្រ​ណាស់​ដែល​​អ្នក​ស្រាវ​ជ្រាវ​ត​ភ្ជាប់​ប្រតិបត្តិការ​បែប​នេះ​ ទៅ​នឹង​អង្គភាព​ជាក់​លាក់​ណា​មួយ​។​ ប៉ុន្តែ​Citizen Lab ​បាន​និយាយ​ថា​ យុទ្ធនាការ​បង្កើត​គេហទំព័រ​ព័ត៌មាន​​នេះ​ បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០២០ ​​ហើយ​មាន​បណ្តាញ​ទៅ​កាន់​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​ Shenzhen Haimaiyunxiang Media Co., Ltd. ​ដែល​​គេ​ស្គាល់​ជា​ទូទៅ​​ថា ​Haimai។


ក្រុម​ហ៊ុន​ Haimai មិនទាន់​ចេញ​ប្រតិកម្ម​យ៉ាង​ណា​នោះ​ទេ​ ពាក់​ព័ន្ធ​នឹង​របាយការណ៍​របស់​ Citizen Lab។ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ថា​៖ «​ជា​គោលការណ៍​ វា​ជា​ការ​លម្អៀង​ ​និង​ការ​មាន​ស្តង់ដា ២​ ​ក្នុង​ការ​ចោទ​ប្រកាន់​ថា​ ខ្លឹមសារ​ និង​របាយការណ៍​ដែល​គាំទ្រ​ចិន​គឺ​ជា​ព័ត៌មាន​មិន​ពិត​ ហើយ​ហៅ​អ្នក​ប្រឆាំង​ចិន​ថា​ ផ្សាយ​​ព័ត៌​មាន​ពិត​។ 

ខណៈ​​យុទ្ធនាការ​បន្សាយ​ឥទ្ធិពល​​តាម​អ៊ីនធឺណិត​ ​កាន់​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ៗ​សម្រាប់​បុគ្គល​មាន​អំណាច​ និង​រដ្ឋាភិបាល​នានា​ មិន​ថា​តែ​ចិន​ ជុំ​វិញ​ពិភព​លោក​ ​​អ្នក​ជំនាញ​ដែល​តាម​ដាន​ប្រតិបត្តិការ​បែប​នេះ​ បាន​និយាយ​ថា​​​ចិន​គឺ​ជា​ប្រភព​ដ៏​ធំ​បំផុត​មួយដែល​ប្រតិបត្តិការ​យុទ្ធនាការ​បែប​នេះ​ ​ទន្ទឹម​គ្នា​នឹង​ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​៕