រដ្ឋបាល​របស់លោក ចូ បៃ​ដិ​ន​ កំពុង​អនុវត្ត​ការកំណត់​ស្តង់ដា​ ដែល​តឹងរ៉ឹង​ជាង​មុន ចំពោះ​ការ​បង្ហុយផ្សែង​ចេញ​តាម​បំពង់​ពី​ឧស្សាហកម្ម​នានា ដោយ​អះអាងថា ​ផ្សែង​ទាំង​នោះបាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​សុខភាព​របស់​ប្រជាជន។

យ៉ាងណាមិញ គ្រាន់តែ​ដាក់ចេញ​នូវ​ច្បាប់​រឹតបន្តឹង​ថ្មី​នេះ​ភ្លាម ក្រុម​បរិស្ថាន និង​ក្រុម​អ្នកការពារ​សុខភាព​សាធារណៈ​បាន​សាទរ និង​បង្ហាញ​ការយល់ឃើញថា នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​របស់​ជនជាតិ​អាមេរិក រួមទាំង​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ។ 

អគ្គនាយក​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​របស់​សហរដ្ឋអាមេរិក​គឺ​លោក Michael Regan បានឱ្យដឹងថា ច្បាប់​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​សាធារណៈ ដោយ​គិត​ជា​ទឹកប្រាក់​ប្រមាណ ៤៦ ពាន់​លាន​ដុល្លារ ​នៅត្រឹម​ឆ្នាំ២០៣២។


ច្បាប់​នេះ​ក៏​នឹង​ទប់ស្កាត់​ការកើត​ជំងឺហឺត​រហូតដល់ ៨០ម៉ឺន​ករណី និង​បង្ការ​ការស្លាប់​មុន​អាយុ បាន​ចំនួន ៤៥០០ ករណី ដោយ​ច្បាប់​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាពិសេស​ដល់​កុមារ មនុស្ស​ចាស់ អ្នកមាន​ជំងឺ​បេះដូង សួត ក៏ដូចជា​ប្រជាជន​នៅក្នុង​សហគមន៍​ដែលមាន​ប្រាក់ចំណូល​ទាប និង​ជនជាតិភាគតិច​ដែល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការបំពុល​ឧស្សាហកម្ម​ជាច្រើន​ទសវត្សរ៍​មកនេះ។

លោក Michael Regan បាន​បន្ត​សង្កត់ធ្ងន់​ទៀតថា៖ «ទាំងនេះ​ជា​រឿង​ដែល​រដ្ឋបាល​លោក ចូ បៃ​ដិ​ន តែងតែ​ផ្ដោត​ការយកចិត្តទុកដាក់។ សម្រាប់​យើង នៅពេលដែល​ប្រជាជនមាន​សុខភាព​ល្អ ក៏​ស្មើនឹង សេដ្ឋកិច្ច​មាន​សុខ​ភាពល្អ​ដូចគ្នា។


ដោយឡែក ច្បាប់​ថ្មី​នេះ​បានកំណត់​កម្រិត​អតិបរមា​នៃ​ការបំពុល​ភាគល្អិត​ចំនួន ៩ មីក្រូ​ក្រាម​ក្នុង១ម៉ែត្រគុប​នៃ​ខ្យល់ ជា​ស្តង់ដា​ថ្មី​ដែល​ធ្លាក់ចុះ​ពី​ចំនួន ១២មីក្រូ​ក្រាម ដែលជា​ស្តង់ដា​បង្កើតឡើង ក្រោម​រដ្ឋបាល​លោក​អូ​បា​ម៉ា។

ក្រោម​ការ​រឹតបន្តឹង​ថ្មី​នេះ ក្រុម​ម្ចាស់​រោងចក្រ​ឧស្សាហកម្ម​បាន​ព្រមាន​ថា ច្បាប់​ថ្មី​នេះ​អាច​នាំឱ្យ​បាត់បង់​ការងារ​នៅក្នុង​រោងចក្រ​ឧស្សាហកម្ម ដែលនាំឱ្យ​មានការ​ថម​ថយ​នូវ​ផលិតកម្ម និង​អាចឈាន​ទៅដល់​ករណី​បិទ​រោងចក្រ​ថាមពល ឬ​រោងចក្រ​ចម្រាញ់​ប្រេង​ទៀតផង។

បើទោះបីជា​យ៉ាងនេះ​ក្ដី លោក ចូ បៃ​ដិ​ន ហាក់​កំពុង​យក​ច្បាប់​នេះ​ជា​ឧបករណ៍​នយោបាយ​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នាពេលខាងមុខ។ 

ពី​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ផ្ទាល់​នោះវិញ ច្បាប់​នេះ​ក៏​រង​ការរិះគន់​មួយចំនួន​ដែរ ដោយ​គេ​បារម្ភ​ថា វា​នឹង​អាចធ្វើឱ្យ​សន្លឹកឆ្នោត​របស់លោក ចូ បៃ​ដិ​ន ធ្លាក់ចុះ នៅតាម​រដ្ឋ​ដែលមាន​រោងចក្រ​ឧស្សាហកម្ម មួយចំនួន។

ប៉ុន្តែ​យ៉ាងណា លោក Regan បាន​អះអាងថា ការបំពុល​ដោយ​ក្លិនស្អុយ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​រយៈពេល២ទសវត្សរ៍​ចុងក្រោយ​នេះ ទោះបីជា​ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​បាន​កើនឡើង​ច្រើនជាង ៥០% ក៏ដោយ។ ដូច្នេះហើយ ការ​រឹតបន្តឹង​លើ​ការ​បង្ហុយផ្សែង​ចេញពី​រោងចក្រ​ឧស្សាហកម្ម​នាពេលនេះ នឹងមិន​មាន​អ្វី​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​នោះទេ៕