ការផ្អាកដែលកំណត់ដោយរដ្ឋាភិបាលហ្វីលីពីន លើការបញ្ជូនពលកររបស់ប្រទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យផែនការរបស់រដ្ឋាភិបាលក្រុងសេអ៊ូល ក្នុងការនាំយកពលករបរទេសមកធ្វើការវិញជាប់គាំង ស្របពេលដែលធ្វើឱ្យកសិដ្ឋានក្នុងស្រុកមួយចំនួនមានកង្វះខាតកម្លាំងកម្មករដោយសារកសិដ្ឋានខ្លះមានកម្មករមកពីប្រទេសហ្វីលីពីនតិចជាងឆ្នាំមុន។
THE KOREA HERALD បានរាយការណ៍ថារដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយនៅក្នុងឆ្នាំ២០២៣ថា ខ្លួននឹងនាំយកជនជាតិហ្វីលីពីនប្រហែល១០០នាក់មកធ្វើការជាអ្នកជំនួយតាមផ្ទះក្នុងអំឡុងឆមាសទី២នៃឆ្នាំ២០២៣នៅក្នុងកម្មវិធីសាកល្បងមួយដើម្បីដោះស្រាយកង្វះខាតកម្លាំងមនុស្សដែលមានឆន្ទៈធ្វើការជាអ្នកបម្រើនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានពន្យារពេលវិញ ដោយសារការអនុញ្ញាតត្រូវបានរារាំងដោយរដ្ឋាភិបាលហ្វីលីពីន។
ផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងបាននិយាយថា ឥឡូវនេះ ខ្លួនមានបំណងនាំយកជនជាតិហ្វីលីពីនចំនួន ១០០នាក់នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះវិញ។
The Korea Herald បានដកស្រង់សម្តីម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា៖«និយាយឲ្យស្មោះត្រង់ យើងនៅមិនទាន់ដឹងថា តើយើងនឹងអាចនាំពួកគេនៅឆមាសទី១នៃឆ្នាំនេះឬយ៉ាងណានោះទេ។ នេះគឺដោយសារតែរដ្ឋាភិបាលហ្វីលីពីនត្រូវតែផ្តល់ការអនុញ្ញាត ហើយការពិភាក្សាបន្ថែមទៀតត្រូវតែធ្វើឡើងលើបញ្ហាជាក់លាក់ដូចជាប្រាក់ឈ្នួល»។
ទីក្រុងម៉ានីលបានលើកឡើងពីការកើនឡើងនៃការរំលោភសិទ្ធិមនុស្សដែលប្រជាជនហ្វីលីពីនបានជួបប្រទះនៅក្នុងប្រទេសកូរ៉េខាងត្បូងថាជាហេតុផលដែលខ្លួនផ្អាកការនាំយកកម្មករទៅបម្រើការងារ។
យោងតាមរបាយការណ៍ក្នុងស្រុក នាយកដ្ឋានពលករទេសន្តរប្រវេសន៍របស់ប្រទេសហ្វីលីពីនបានទទួលពាក្យបណ្តឹងជាច្រើនពីពលករហ្វីលីពីននៅក្រៅប្រទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ពាក្យបណ្តឹងមានចាប់ពីលក្ខខណ្ឌការងារដែលមិនមានសុវត្ថិភាព និងការបើកប្រាក់ឈ្នួលទាប រហូតដល់ការងារលើសទម្ងន់ និងសូម្បីតែការស្លាប់របស់កម្មករទៀតផង។
ជាឧទាហរណ៍ នៅថ្ងៃទី៩ខែមករា កម្មករធ្វើការនៅកសិដ្ឋានតាមរដូវកាល២នាក់មកពីប្រទេសហ្វីលីពីនដែលធ្វើការនៅ Haenamខេត្ត South Jeollaបានដាក់ពាក្យប្តឹងមេខ្យល់ជនជាតិកូរ៉េម្នាក់ដែលមានឈ្មោះថា Hong ជាមួយភ្នាក់ងារប៉ូលិសខេត្ត South Jeollaសម្រាប់ការជួញដូរមនុស្ស។
វាត្រូវបានគេដឹងថា ឈ្មួញកណ្តាលបានគ្រប់គ្រងគណនីធនាគាររបស់កម្មករហ្វីលីពីន ហើយបានដកប្រាក់រាប់លានវ៉ុនពីពួកគេ ក្រោមហេតុផលនៃថ្លៃឈ្មួញកណ្តាល រួមជាមួយនឹងថ្លៃស្នាក់នៅ និងដកហូតលិខិតឆ្លងដែនរបស់ពួកគេទៀតផង។
រដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់ទិដ្ឋាការការងារដល់កម្មករតាមរដូវបរទេសមកពីប្រទេសចំនួន១១សម្រាប់រយៈពេលពី៥ទៅ៨ខែក្នុង១លើក ដោយសារកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម និងនេសាទរបស់ប្រទេសកូរ៉េខាងត្បូង។
យោងតាមក្រសួងយុត្តិធម៌ មានពលករបរទេសតាមរដូវចំនួន ៣៦១២នាក់ក្នុងឆ្នាំ២០១៩ ដែលតួលេខនេះកើនឡើងជាង៥ដង ដល់១៩៧១៨នាក់ ក្នុងឆ្នាំ២០២២។ ក្រសួងបាននាំយកកម្មករកសិកម្ម និងនេសាទតាមរដូវចំនួន២៦ ៧៨៨នាក់ តាមរយៈទិដ្ឋាការបែបនេះនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣។
យោងតាមរដ្ឋាភិបាលក្នុងតំបន់ កម្មករតាមរដូវកាលមកពីប្រទេសហ្វីលីពីន មានចំនួនជាង ២០ភាគរយនៃកម្មករតាមរដូវទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ចន្លោះឆ្នាំ២០១៨ និង ២០២២ ក្នុងចំណោមប្រទេសទាំង១១ ដែលជាប្រទេសកំណើតសម្រាប់ពលករបែបនេះ ប្រទេសហ្វីលីពីនបានបញ្ជូនមនុស្សចំនួន៤ ៩៧៣ នាក់ ដែលជាចំនួនច្រើនជាងគេ។
ដូច្នេះ រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលតាមតំបន់នៅក្នុងប្រទេសកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលហ្វីលីពីនឱ្យបន្តការបញ្ជូនពលករឡើងវិញ។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើវានឹងកើតឡើងនៅពេលណានោះទេ បើតាមមន្ត្រីដែលដឹងអំពីបញ្ហានេះ។
រដ្ឋាភិបាលក្នុងតំបន់មួយចំនួនបានឆ្លើយតបដោយការនាំយកកម្មករតាមរដូវកាលពីប្រទេសផ្សេង។ ជាឧទាហរណ៍ តំបន់ Wanjuខេត្ត North Jeollaបាននាំពលករតាមរដូវពីម៉ុងហ្គោលី ថៃ និងកម្ពុជាក្នុងឆ្នាំ២០២៤៕