ប្រទេស​បង់​ក្លា​ដែ​សកាល​ពីថ្ងៃ​ពុធ​ បាន​និយាយថា ​ខ្លួន​នឹងមិន​អនុញ្ញាតឱ្យ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​មី​យ៉ាន់​ម៉ា​ចូល​ប្រទេស​ទៀតឡើយ​ ខណៈ​ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ខ្លួន​បានទទួល​មាន​ចំនួន​ច្រើន​រួចទៅហើយ​ និង​បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការគំរាមកំហែង​ដល់​សន្តិសុខ​ប្រទេស។

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​មូស្លីម បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​ដែលជា​ប្រទេស​កាន់សាសនា​ព្រះពុទ្ធ​ភាគច្រើន​រាប់​ទសវត្សរ៍​មកហើយ។ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់​បានរស់នៅ​ក្នុង​ជំរំ​ធ្វើ​ពី​ឫស្សី​ និង​ប្លា​ស្ទិ​ក​នៅក្នុង​ទីក្រុង Cox's Bazar របស់​ប្រទេស​បង់​ក្លា​ដែ​ស ​ដោយ​ភាគច្រើន​នៃ​ពួកគេ​បាន​រត់គេច​ពី​ការបង្ក្រាប​ដោយ​របប​យោធា​កាលពី​ឆ្នាំ ២០១៧ នោះ។

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បានចាត់ទុក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ថា ​ជា​ជនបរទេស​ជ្រៀតជ្រែក​និង​បាន​បដិសេធ​មិន​ទទួលស្គាល់​នូវ​សញ្ជាតិ​របស់​ពួកគេ​ដែល​ប្រការ​នេះហើយ​បានធ្វើឱ្យ​បង់​ក្លា​ដែ​សមាន​ក្តីសង្ឃឹម​តិចតួច​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​រដ្ឋ​ Rakhine របស់​មី​យ៉ាន់​ម៉ា​ដែលជា​ទីលំនៅ​ដ៏​ធំ​បំផុត​របស់​ជនជាតិភាគតិច​មួយ​នេះ។


លោក​ Obaidul Quader រដ្ឋមន្ត្រី​ដឹកជញ្ជូន​ផ្លូវគោក​និង​ស្ពាន​បង់​ក្លា​ដែ​សបាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​កន្លងទៅថ្មីៗនេះ​ថា៖ «យើង​នឹងមិន​អនុញ្ញាតឱ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចូល​ប្រទេស​ទៀត​ទេ​ព្រោះ​ពួកគេ​បាន​ក្លាយជា​បន្ទុក​សម្រាប់​យើង​រួចទៅហើយ»។

មួយរយៈ​ចុងក្រោយ​នេះ​មនុស្ស​រាប់រយ​នាក់​ដែល​ភាគច្រើន​មកពី​ក្រុម​ជនជាតិភាគតិច Chakma និង​ខ្លះទៀត​ជា​ជនជាតិ Rohingya បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ព្រំដែន​មី​យ៉ាន់​ម៉ា​ដើម្បី​ឆ្លង​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​ខណៈដែល​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ឧទ្ទាម​មី​យ៉ាន់​ម៉ា​និង​របប​យោធា​របស់ខ្លួន​កាន់តែខ្លាំងឡើង។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Mohammad Mizanur Rahman ស្នងការ​ផ្តល់ជំនួយ​ស​ង្គ្រោះ​និង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​បង់​ក្លា​ដែ​ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Cox's Bazar ។


លោក Rahman បាន​និយាយទៀតថា​បង់​ក្លា​ដែ​សបាន​ទទួលបន្ទុក​លើស​ហើយ​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដោយ​រយៈពេល៧ឆ្នាំ​ហើយ​បង់​ក្លា​ដែ​ស​មិន​អាចធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​បាន។

លោក​បញ្ជាក់ថា៖ «ការរក្សា​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​សបាន​ក្លាយទៅជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ច្បាប់​និង​សណ្តាប់ធ្នាប់​របស់​យើង​វា​កំពុង​បង្កើត​ស្ថានភាព​ងាយ​រងគ្រោះ​សម្រាប់​ឧក្រិដ្ឋកម្ម​ឆ្លងដែន»។

ដោយឡែក​ លោក ​Shariful Islam ជា​អ្នកនាំពាក្យ​របស់​ឆ្មាំ​ព្រំដែន​បង់​ក្លា​ដែ​សបាន​និយាយថា​យ៉ាងហោចណាស់​ទាហាន​និង​ប៉ូលិស​ព្រំដែន​ចំនួន ៣២៧ នាក់​ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ ដែល​ខ្លះ​មាន​របួស​ដោយ​គ្រាប់កាំភ្លើង​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ចំពេល​មានការ​វាយ​ប្រការ​កំពុង​កើនឡើង។

ស្របពេល​ជាមួយគ្នានេះដែរ​រដ្ឋមន្ត្រី​បង់​ក្លា​ដែ​សលោក ​Quader បាន​និយាយថា​ក្រុង Dhaka កំពុង​ពិភាក្សា​ជាមួយ​ឥណ្ឌា​ និង​ចិន​ដើម្បី​ធានាថា ​ជម្លោះផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ដែល​នៅ​ជិតខាង​មិន​ប៉ះពាល់​ដល់​បង់​ក្លា​ដែ​ស។

លើសពីនេះទៅទៀត​ប្រទេស​បង់​ក្លា​ដែ​ស កាល​ពីថ្ងៃ​អង្គារ​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ ដើម្បីតវ៉ា​ប្រឆាំងនឹង​ការកើនឡើង​នៃ​អំពើហិង្សា​នៅតាម​ព្រំដែន​ដែល​បានសម្លាប់​មនុស្ស ២ នាក់ ​រួមទាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​នៅលើ​ទឹកដី​បង់​ក្លា​ដែ​ស​ផងដែរ៕