ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា សភាប្រជាជនកូរ៉េខាងជើង (SPA) បានបោះឆ្នោតកាលពីថ្ងៃពុធ ដើម្បីលុបចោលកិច្ចព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ជាមួយកូរ៉េខាងត្បូង ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ បានធ្លាក់ចុះដុនដាបខ្លាំង។
ក្នុងអំឡុងកិច្ចប្រជុំបក្សកុម្មុយនីស្តចុងឆ្នាំ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកំណត់ទំនាក់ទំនងអន្តរកូរ៉េ ថាជាទំនាក់ទំនងរវាង«រដ្ឋ ២ ដែលមានអរិភាព ចំពោះគ្នាទៅវិញទៅមក» និងបានប្តេជ្ញាថានឹងបង្ក្រាបលើទឹកដីទាំងមូលរបស់កូរ៉េខាងត្បូង បើជម្លោះផ្ទុះឡើង។
ក្រៅពីលុបចោលច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េ និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត និងការព្រមព្រៀងរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េ SPA ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង ដោយរួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ភ្នំ Kumgang ផងដែរ។
ដំណើរកម្សាន្តទៅកាន់ភ្នំ Kumgang ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងជើង ក្បែរព្រំដែនកូរ៉េខាងត្បូង គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចាប់ផ្តើមឡើងក្នុងអំឡុងទំនាក់ទំនងរវាងកូរ៉េទាំង២នាដើមទសវត្សរ៍ឆ្នាំ២០០០ ដោយទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត២លាននាក់។ គម្រោងទេសចរណ៍នេះត្រូវបានផ្អាកនៅឆ្នាំ២០០៨បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ វង្វេងចូលទៅក្នុងតំបន់ហាមឃាត់ ហើយត្រូវបានឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់។
ការផ្លាស់ប្ដូរគោលនយោបាយអន្តរកូរ៉េរបស់កូរ៉េខាងជើងនាពេលនេះ ធ្វើឡើងចំពេលដែលភាពតានតឹងក្នុងតំបន់កើនឡើង ហើយទំនាក់ទំនងរវាងកូរ៉េទាំង២ កាន់តែធ្លាក់ចុះដុនដាប។ កន្លងមក កូរ៉េខាងជើងបាននិយាយថា បច្ចុប្បន្នខ្លួនចាត់ទុកកូរ៉េខាងត្បូងថាជាសត្រូវក្នុងសង្គ្រាម។
ប្រទេសនេះកាលពីឆ្នាំមុន បានលុបចោលកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូងឆ្នាំ២០១៨ ដែលជាកិច្ចព្រមព្រៀងមានគោលបំណងកាត់បន្ថយភាពតានតឹងនៅជិតព្រំដែនយោធា ដែលបង្កើតឡើងក្រោមបទឈប់បាញ់បញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។
ក្នុងបទសម្ភាសន៍ដែលបានថតទុកមុនជាមួយទូរទស្សន៍រដ្ឋកូរ៉េខាងត្បូងKBS ដែលចាក់ផ្សាយកាលពីយប់ថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានហៅការផ្លាស់ប្តូរនៅក្នុងគោលនយោបាយអន្តរកូរ៉េរបស់កូរ៉េខាងជើង ថាជា«ការផ្លាស់ប្តូរដ៏ធំ»។ លោកបន្តថា វាពិបាកក្នុងការយល់ពីគំនិតនៅពីក្រោយការផ្លាស់ប្ដូរនេះ។
ប្រធានាធិបតីដដែលបាននិយាយថា៖ «អ្វីដែលមិនផ្លាស់ប្តូរនោះគឺថា កូរ៉េខាងជើងបានព្យាយាមអស់រយៈពេលជាង៧០ឆ្នាំ ដើម្បីប្រែក្លាយប្រទេសយើងឱ្យក្លាយទៅជាកុម្មុយនីស្ត ហើយពេលដឹងថា អាវុធធម្មតារបស់ខ្លួនមិនគ្រប់គ្រាន់ពួកគេ(កូរ៉េខាងជើង)បានបន្តអភិវឌ្ឍនុយក្លេអ៊ែរ ដើម្បីគំរាមកំហែងពួកយើង»។
លោក យូនដែលប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បានបន្ថែមថាលោកនៅតែបើកចំហក្នុងការចូលរួមជាមួយកូរ៉េខាងជើង៕