​អំពើហិង្សា​បាន​ផ្ទុះ​ឡើង​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​​ ចំថ្ងៃ​បោះឆ្នោត ដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​មនុស្ស ៥ ​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​​​។ 

​ អាជ្ញាធរ​បាន​​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សេវា​ទូរស័ព្ទ​នៅ​ទូទាំងប្រទេស និង​បិទ​ព្រំដែន​ដីគោក​មួយចំនួន​ដើម្បី​រក្សា​ច្បាប់ និង​សណ្តាប់ធ្នាប់​ ក្រោយ​មាន​​ការ​បំផ្ទុះ​២​កន្លែង​ផ្សេង​គ្នា​​កើត​មាន​មួយថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់។​

​យោង​តាមរ៉យទ័រ​ក្រសួងមហាផ្ទៃ​ប៉ាគីស្ថាន ​បាន​និយាយថា ខ្លួន​បាន​ចាត់វិធានការ​បន្ទាប់ពី​មនុស្ស​យ៉ាងតិច ២៦​នាក់​​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​បំផ្ទុះ​២​កន្លែង​​នៅ​ជិត​ការិយាល័យ​បេក្ខជន​​បោះឆ្នោត​ក្នុង​ខេត្ត Balochistan ភាគ​និរតី​កាលពី​ថ្ងៃទី៧​ខែកុម្ភៈ។ ក្រុម​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់ និង​ស៊ី​រី (ISIS) ក្រោយមក​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំង​នោះ។


ក្រសួង​បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​នៅលើ​បណ្តាញសង្គម​ X ថា៖«ដោយសារ​​លទ្ធផល​នៃ​ឧប្បត្តិ​ហេតុ​នៃ​អំពើ​ភេរវកម្ម​នាពេលថ្មីៗនេះ​ក្នុង​ប្រទេស​បាន​បាត់បង់​ជីវិត​ដ៏​មានតម្លៃ វិធានការ​សន្តិសុខ​មាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​ស្ថានភាព​ច្បាប់ និង​សណ្តាប់ធ្នាប់ និង​ដោះស្រាយ​ការ​គំរាមកំហែង​ដែល​អាច​កើតមាន»។

ទាហាន​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ និង​នៅតាម​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស ហើយ​ព្រំដែន​ជាប់​អ៊ីរ៉ង់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន។


មេ​ប៉ូលិស​ក្នុង​តំបន់ លោក Rauf Qaisrani បាន​និយាយថា ប៉ូលិស​បួន​នាក់​បាន​ស្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក និង​ការបាញ់ប្រហារ​ទៅលើ​ក្រុម​ល្បាត​របស់​ប៉ូលីស​នៅក្នុង​តំបន់ Kulachi នៃ​ស្រុក Dera Ismail Khan នៅ​ភាគ​ពាយព្យ។

មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​នៅពេល​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់ប្រហារ​លើ​រថយន្ត​របស់​កងកម្លាំង​សន្តិសុខ​ក្នុង​ទីក្រុង Tank ចម្ងាយ​ប្រហែល ៤០ គីឡូម៉ែត្រ​ទៅ​ភាគ​ខាងជើង។

លោក Saeed Ahmed Umrani ស្នងការ​នៃ​​ភូមិភាគ Makran បាន​ប្រាប់​រ៉​យ​ទ័​រថា ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​ត្រូវបាន​គេ​រាយការណ៍​ផងដែរ​នៅក្នុង​ផ្នែកផ្សេងៗនៃ Balochistan ប៉ុន្តែ​​ការ​ប៉ះឆ្នោត​​​នៅតែ​មិនមាន​ផលប៉ះពាល់​ចាប់តាំងពី​មិនមាន​អ្នករងរបួស។

ថ្វីបើ​មានការ​ព្រួយបារម្ភ​អំពី​សន្តិសុខ និង​រដូវរងា​រដ៏ខ្លាំង​​ក៏ដោយ ​ប្រជាជន​ទៅ​បោះឆ្នោត​ឈរជួរ​ដ៏​វែង​បានចាប់ផ្តើម​​នៅ​ការិយាល័យ​បោះឆ្នោត​ជាច្រើន​ម៉ោង មុនពេល​ការបោះឆ្នោត​នឹង​​ចាប់ផ្តើម៕​