​ប្រមុខ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ ហ្គុ​យ​តឺ​រេស ​(Antonio Guterres) បាន​ព្រមាន​ថា ពិភពលោក​កំពុង​ឈានចូល​ទៅក្នុង​ ​«​យុគសម័យ​នៃ​ភាពចលាចល​» ជាមួយនឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បែកបាក់​យ៉ាងខ្លាំង​ដែល​មិនអាច​ដោះ​ស្រាយ​បញ្ហាសំខាន់ៗ​ដូចជា​សង្គ្រាម​រវាង​ប្រទេស​អ៊ីស្រា​អែល​ និង​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​។​

​ជាមួយនឹង​សង្គ្រាម​នៅ​តំបន់​ហ្គា​ហ្សា​ឈានចូល​ដល់​ខែ​ទី​ ៥​ នៅ​ថ្ងៃទី ​៧  ​ខែកុម្ភៈ  ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ហ្គុ​យ​តឺ​រ៉េ​ស បាន​ព្រមាន​ថា ប្រសិនបើ​កងកម្លាំងប្រដាប់អាវុធ​អ៊ី​ស្រា​អែល​បន្ត​ចូលទៅក្នុង​ទី​​ក្រុង Rafah ភាគខាងត្បូង​តំបន់​ហ្គា​ហ្សា និង​ជា​ច្រកចូល​ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប នោះ វា​នឹង​«​បង្កើន​នូវ​អ្វី​ដែលជា​សុបិន​អាក្រក់​មនុស្សធម៌​រួចទៅហើយ ជាមួយនឹង​ផលវិបាក​ក្នុង​តំបន់​ដែល​មិនអាច​និយាយបាន​»​។​

​កងកម្លាំង​អ៊ី​ស្រា​អែល នៅក្នុង​យុទ្ធនាការ​របស់​ពួកគេ​ដើម្បី​កម្ទេច​ក្រុម​ហា​ម៉ាស់ បន្ទាប់ពី​ការវាយប្រហារ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​កាលពី​ថ្ងៃទី​ ៧ ខែតុលា បាន​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​ឈរ​ទៅលើ​តំបន់​ហ្គា​ហ្សា និង​បាន​វាយលុក​តាមផ្លូវ​គោក​ដោយ​បាន​ជម្លៀស​ប្រជាជន​ជាង ​១ ​លាន​នាក់​ទៅ​ភាគខាងត្បូង​។​


​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ដែលមាន​ទំនាស់​រយៈពេល​ខ្លី​ជាមួយ​ប្រទេស​អ៊ី​ស្រា​អែល​រូបនេះ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​មហា​សន្និបាត​ដែល​បង្ហាញ​ពី​អាទិភាព​ឆ្នាំ​ ២០២៤ ថា​៖ «​វា​ដល់ពេល​ហើយ​សម្រាប់​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់ និង​ការ​ដោះ​​លែង​ចំណាប់ខ្មាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ​»​។​

​នៅក្នុង​សុន្ទរកថា លោក​បាន​អំពាវនាវ​ឱ្យមាន​ការផ្លាស់ប្តូរ​ក្រុមប្រឹក្សាសន្តិសុខ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ក្នុងចំណោម​កំណែទម្រង់​ផ្សេងទៀត ដោយ​លើកឡើង​ពី​កិច្ចប្រជុំ​កំពូល​ក្នុង​ខែកញ្ញា​ថា ជា​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​ដើម្បី​ដោះស្រាយ​ភាពមិន​ដំណើរការ «​កាន់តែ​ជ្រៅ និង​គ្រោះថ្នាក់​» ជាង​ពេលណា​ទាំងអស់​មិន​ធ្លាប់​កើតមាន​។​


​លោក ហ្គុ​យ​តឺ​រ៉េ​ស ដែល​ធ្លាប់​កាន់​តួនាទី​ជា​នាយក​រដ្ឋ​​មន្ត្រី​ព័រ​ទុយ​ហ្គា​ល់​បាន​និយាយថា​៖«​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដែលជា​វេទិកា​ចម្បង​សម្រាប់​សំណួរ​នៃ​សន្តិភាព​ពិភពលោក ត្រូវបាន​ជាប់គាំង​ដោយ​ការ​ប្រេះស្រាំ​ភូមិសាស្ត្រ​នយោបាយ​»​។

​ការលើកឡើង​នេះ​ធ្វើឡើង​ចំពេល​មាន​ជម្លោះ​បំផ្លិចបំផ្លាញ​នៅ​អ៊ុយ​ក្រែ​ន ស៊ូដង់ មជ្ឈិម​បូព៌ា និង​កន្លែង​ផ្សេងទៀត​៕