​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន លោក ​ហ្គី​ល​បឺ​រ​តូ ធី​អូ​ដូ​រ៉ូ (Gilberto Teodoro) បាន​បញ្ជា​ឱ្យ​យោធា​បង្កើន​ចំនួន​ទាហាន​ដែល​ឈរជើង​នៅ​បណ្ដា​កោះ Batanes ដែល​ស្ថិតនៅ​ភាគ​ខាងជើង​របស់​ប្រទេស ក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ទឹកដី​របស់​ហ្វីលីពីន​។​

​បើតាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉​យ​ទ័​រ កងទ័ពជើងទឹក​ហ្វីលីពីន បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា​លោក ធី​អូ​ដូ​រ៉ូ ក៏បាន​អំពាវនាវ​ផងដែរ ឱ្យមាន​ការអភិវឌ្ឍរ​ច​នា​សម្ព័ន្ធ​បន្ថែមទៀត​នៅលើ​កោះ Batanes ដែលជា​បណ្ដុំ​កោះដាច់​ស្រយាល​ស្ថិតនៅ​ចម្ងាយ​តិចជាង​ ២០០ ​គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មូលដ្ឋាន​ទ័ពជើងទឹក​ហ្វីលីពីន​នៅលើ​កោះ Batanes ក្នុង​ច្រក​សមុទ្រ​ Bashi Channel​ កាលពី​ថ្ងៃ​អង្គារ​។​


​លោក​ ធី​អូ​ដូ​រ៉ូ​ បាន​និយាយថា​៖ «​ចាប់​​ពី​ឆ្នាំ ​២០២៤ ទៅ​កម្លាំង​ប្រតិបត្តិការ​សម្រាប់ AFP (​កងកម្លាំងប្រដាប់អាវុធ​​ហ្វីលីពីន​)​នឹងមាន​ខ្ពស់ជាង​នេះ​»​។​

​ច្រក Bashi Channel ដែលជា​ផ្លូវទឹក​ចន្លោះ​ភាគ​ខាងជើង​ហ្វីលីពីន និង​តៃវ៉ាន់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ចំណុច​កកកុញ​សំខាន់​សម្រាប់​នាវា​ដែល​ផ្លាស់​ទី​រវាង​ប៉ាស៊ីហ្វិក​ខាងលិច និង​សមុទ្រ​ជម្លោះ​ចិន​ខាងត្បូង​។ ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​និយាយថា យោធា​ចិន​តែងតែ​បញ្ជូន​កប៉ាល់ និង​យន្តហោះ​ចម្បាំង​ឆ្លងកាត់​ច្រក​ទឹក​មួយ​នេះ ដែលមាន​ការគំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់​។​


​បើតាម​លោក ធី​អូ​ដូ​រ៉ូ ច្រក​ទឹក​ភាគ​ខាងជើង​ហ្វីលីពីន ស្ថិតនៅក្នុង​ស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ ខណៈ​កងទ័ព​ជើង​ទឹក​ហ្វីលីពីន​និយាយថា ការធ្វើដំណើរ​ទស្សនកិច្ច​របស់លោក ធី​អូ​ដូ​រ៉ូ ទៅលើ​តំបន់​នេះ បង្ហាញ​ពី​ពេលវេលា​ដ៏​សំខាន់​មួយ​នៅក្នុង​ការប្តេជ្ញាចិត្ត​រប​ស់​ហ្វីលីពីន​«​ចំពោះ​ការការពារ​ទឹកដី និង​សន្តិសុខ​ជាតិ​»​។​

​កាលពី​ខែសីហា ឆ្នាំមុន រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា យោធា​អាមេរិក​កំពុង​ពិភាក្សាគ្នា​ដើម្បី​បង្កើត​កំពង់ផែ​ស៊ីវិល​នៅ​កោះ ​Batanes ដែលជា​វិធានការ​មួយ​នឹង​ជំរុញ​ការចូល​ទៅកាន់​កោះ ដែល​ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ​ទល់នឹង​កោះ​តៃវ៉ាន់​។​

​ការអំពាវនាវ​ជំរុញ​វត្តមាន​ទ័ព​នៅ​កោះ​ភាគ​ខាងជើង​របស់​ហ្វីលីពីន នាពេលនេះ​ធ្វើឡើង​បន្ទាប់ពី​ហ្វីលីពីន​ក្នុង​ឆ្នាំ​ ២០២៣ បាន​បង្កើន​ចំនួន​មូលដ្ឋាន​យោធា ដែល​អាមេរិក​អាច​ចូល​ប្រើ​បាន​ស្ទើរតែ​ទ្វេដង រួមទាំង​មូលដ្ឋានទ័ព​ចំនួន​ ៣ ដែល​នៅក្បែរ​កោះ​តៃវ៉ាន់​។ ប្រទេស​ចិន​ដែល​ទាម​ទារ​ដែនសមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង និង​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ទឹកដី​របស់ខ្លួន​នោះ បាន​លើក​​ឡើង​ថា​ទំនាក់ទំនង​យោធា​របស់​ហ្វីលីពីន​ជាមួយ​អាមេរិក​បែបនេះ​កំពុង​ធ្វើឱ្យ​ភាព​តានតឹង​ក្នុង​តំបន់​កាន់តែ​ក្ដៅ​ខ្លាំង​ឡើងៗ​។​

​ដោយសារតែ​បារម្ភ​ពី​ការកើនឡើង​ឥទ្ធិពល​ក្នុង​តំបន់​របស់​មហា​យក្ស​ចិន ប្រទេស​ហ្វីលីពីន ក៏បាន​អនុញ្ញាតឱ្យ​ជប៉ុន​ដែលជា​គូប្រជែង​ធំ​របស់​ចិន​ប្រឡូក​រឹតចំណង​ក្នុង​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​ ២ ​ផងដែរ​៕