កាលពីថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាសកូស (Ferdinand Marcos Jr) បាននិយាយ​ថា ការអំពាវនាវ​ឱ្យមាន​ឯករាជ្យភាព​សម្រាប់​កោះមីនដាណាវ (Mindanao) ដែលជាកោះ​ស្ថិតនៅ​ភាគខាងត្បូងប្រទេស​នេះ គឺផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ ហើយនឹង​មិនអាចទទួលបាន​ជោគជ័យនោះទេ។ 
 
នេះគឺជាលើកទី១​ ហើយ ដែលលោក​បាននិយាយ​អំពីបញ្ហា​នេះ បើគិតចាប់​តាំងពីអតីត​ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានស្នើ​ឱ្យកោះស្រុកកំណើត​របស់គាត់​មួយនេះ បំបែកខ្លួនចេញពីហ្វ៊ីលីពីន។ សម្ព័ន្ធភាពរបស់​ពួកគេទាំងពីរ បានប្រេះស្រាំ​ជាបន្តបន្ទាប់ ដោយសារតែ​ការមិនចុះសម្រុងគ្នា​ជុំវិញការធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ។ 

អតីត​ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទែរតេ (Rodrigo Duterte) បានស្នើ​ឱ្យកោះស្រុកកំណើត​របស់គាត់​មួយនេះ បំបែកខ្លួនចេញពីហ្វ៊ីលីពីន។AFP


 
ក្នុងសុន្ទរកថា​នៅថ្ងៃទិវាបង្កើត​រដ្ឋធម្មនុញ្ញ លោក ម៉ាកូស បាននិយាយ​ថា "សំណើ​កាលពីពេលថ្មីៗ​នេះ អំពីការចង់បាន​ឯករាជ្យភាព​របស់​កោះមីនដាណាវ នឹងត្រូវ​បរាជ័យ ព្រោះជាសំណើ​ផ្អែកទៅលើ​ហេតុផល​មិនជាក់ស្ដែង និងបំពាន​រដ្ឋធម្មនុញ្ញ"។ យ៉ាងណាមិញ ការលើកឡើង​របស់​លោក ធ្វើឡើង​ដោយមិនបាន​និយាយចំៗ​ឈ្មោះ​អតីត​ប្រធានាធិបតី ឌូទែរតេ នោះទេ។

លោកបានបន្ថែម​ថា«ខ្ញុំ​សូមទាមទារ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​ការជំរុញឱ្យ​មានការបំបែកខ្លួន​របស់​កោះមីនដាណាវ។ ទង្វើនេះ​គឺផ្ទុយនឹង​រដ្ឋធម្មនុញ្ញ និង​ធ្វើឱ្យ​ខូចដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុងការកសាង​ប្រទេសហ្វ៊ីលីពីន​ឱ្យកាន់តែ​ប្រសើរឡើង។ វានឹងធ្វើ​ឱ្យប៉ះពាល់​ដល់ប្រទេស​ជាតិ​របស់យើង»។ 
 
ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក ម៉ាកូស បាននិយាយ​ថា រដ្ឋាភិបាល​នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​រាល់ការប៉ុនប៉ង​បំបែកខ្លួន​ចេញពីប្រទេស​ហ្វ៊ីលីពីន។ ទន្ទឹមនឹងនេះ បន្ទាប់ពីការលើកឡើង​របស់​ក្រុម​ផ្តាច់ខ្លួនរបស់​លោក ឌូទែរតេ ប្រមុខ​ការពារជាតិ​របស់លោក ម៉ាកូស បានឆ្លើយតប​ថា លោកសន្យា​នឹងខិតខំ​រក្សា​អធិបតេយ្យភាព​របស់​ប្រទេស​ហ្វីលីពីន​ឱ្យបាន។


លោក ឌូទែរតេ គឺជាប្រធានាធិបតី​ហ្វ៊ីលីពីន​ដំបូងគេ​ដែលមាន​ដើមកំណើត​នៅកោះមីនដាណាវ ដែលជាតំបន់​សម្បូរទៅដោយ​ធនធាន​ធម្មជាតិ។ កោះមីនដាណាវ​ តែងតែ​កើតមាន​ចលនាតស៊ូ​បំបែកខ្លួន​ជាយូរមកហើយ។ 

ជាក់ស្ដែង ការធ្វើបាតុកម្ម ការប្រើប្រាស់​អំពើហិង្សា និងជម្លោះដោយសារតែការប៉ះទង្គិចគ្នារវាងរដ្ឋាភិបាល​ជាមួយ​ក្រុមបះបោរ និងក្រុមជ្រុលនិយម តែងតែកើតឡើង​ជាញឹកញាប់។ ភាពចលាចល​នេះបានរារាំង​ការវិនិយោគ ដែលនាំឱ្យប្រជាពលរដ្ឋ​នៅតាមភូមិមូលដ្ឋាន​ជាច្រើន ជួបប្រទះ​នឹងភាពក្រីក្រ៕