អាជ្ញាធរវៀតណាមប្រចាំកោះហ្វូក្វុក (ប្រជាជនកម្ពុជាហៅកោះត្រល់) បានស្នើដល់ភ្ញៀវទេសចរកុំឱ្យលុយអ្នកសុំទាន ដែលភាគច្រើនជាក្មេងៗ ដែលការស្នើនេះ អាជ្ញាធរអះអាងថា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អ្នកស្ទាក់ភ្ញៀវសុំលុយលើកោះ និងលើកកម្ពស់មុខមាត់កោះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃពុធ។
ការស្នើសុំនេះធ្វើតាមយុទ្ធសាស្ត្រដែលប្រកាសឡើងដោយស្ថាប័នគ្រប់គ្រងទេសចរណ៍របស់វៀតណាម។ ស្ថាប័ននេះ ក៏តម្រូវឱ្យមនុស្សម្នាតម្រង់ជួរគ្នា ធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ ពេលពួកគេឈរចាំចូលទស្សនាកន្លែងទេសចរណ៍ណាមួយ។ នេះបើយោងតាមគេហទំព័ររបស់កោះ។ លើសពីនេះ ភ្ញៀវទេសចរត្រូវបានស្នើឱ្យស្លៀកពាក់ឱ្យបានសមរម្យ នៅពេលទៅទស្សនាទីសក្ការបូជា និងទីវត្ថុបុរាណផ្សេងៗ ខណៈអាជ្ញាធរក៏បានស្នើឱ្យអ្នកទេសចរទទួលទានគ្រឿងស្រវឹងដោយមានកំណត់ដែរ។
អាជ្ញាធរកោះបានព្យាយាមស្តារកេរ្តិ៍ឈ្មោះទេសចរណ៍ដ៏សំខាន់នេះឡើងវិញ បន្ទាប់ពីមានវិបត្តិកាលពីឆ្នាំមុន ដែលទំនិញឡើងថ្លៃ និងការបោកប្រាស់ភ្ញៀវទេសចរ បានក្លាយជាបញ្ហាចម្បង។វិបត្តិនេះ បានជំរុញឱ្យមានការធ្លាក់ចុះនៃចំនួនអ្នកមកទស្សនានៅកោះដ៏ស្រស់នេះ។
ជាធម្មតា ការស្ទាក់ភ្ញៀវសុំលុយពីសំណាក់អ្នកសុំទានគឺជាសកម្មភាពខុសច្បាប់ក្រោមច្បាប់វៀតណាម។ ប៉ុន្តែការប្រមូលផ្តុំគ្នារបស់អ្នកសុំទាននៅមុខតំបន់ទេសចរណ៍ និងកន្លែងសក្ការបូជា ដើម្បីទារប្រាក់ពីភ្ញៀវទេសចរមិនមែនជារឿងចម្លែកទេ។
អាជ្ញាធរតាមតំបន់ទេសចរណ៍ផ្សេងទៀត រួមទាំងនៅទីក្រុង Da Nang និង Nha Trang ក៏បានសន្យាថា នឹងចាត់វិធានការទប់ស្កាត់ការស្ទាក់ភ្ញៀវសុំលុយរបស់អ្នកសុំទាន ដើម្បីការពាររូបភាពទេសចរណ៍៕