​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​បាន​អំពាវនាវ​ឱ្យ​ព​ន្លឿ​ន​ការចរចា​បទ​ឈប់​បាញ់ ដើម្បីឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​អាចធ្វើ​ដំណើរ​ដើរ​ដង្ហែ​ទៅកាន់​វិហារ​អ៊ិ​ស្លាម Al-Aqsa ដែល​ស្ថិតនៅក្នុង​ក្រុង​យេ​រូ​សា​ឡឹម​នៃ​ប្រទេស​អ៊ីស្រា​អែល​។ ការដើរ​ដង្ហែ​នេះ​ជា​ដំណើរ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​សាសនា​របស់​អ៊ិ​ស្លាម​គឺ​ពិធីបុណ្យ​ «​រ៉ា​ម៉ា​​ដាន​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​១០ ខែមីនា​ខាងមុខ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ការអំពាវនាវ​របស់​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​គឺ​លោក Ismail Haniyeh ធ្វើឡើង​ស្របទៅនឹង​វត្ថុបំណង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​កំពុង​ប្រឹងប្រែង​សម្របសម្រួល​ដើម្បី​បាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​មួយ​នៅត្រឹម​ដើម​​សប្ដាហ៍​ក្រោយ ដែល​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហា​ម៉ាស់​ចាប់​ពង្រាត់ និង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ដែល​ជាប់ពន្ធនាគារ​នៅ​អ៊ី​ស្រា​អែល​។​

​បទ​ឈប់​បាញ់​លើក​ទី​២ ​ថ្មី​មួយ រយៈពេល​ ៤០ ​ថ្ងៃ​ ដែល​កំពុងតែ​ចរចា​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក កាតា និង​ប្រទេស​​អេ​ហ្ស៊ី​ប​នាពេលនេះ​ជា​ធាតុ​ដ៏​សំខាន់​ក្នុង​ការបន្ត​ដោះលែង​ចំណាប់ខ្មាំង​ដែល​នៅ​សេស​សល់ និង​ការដឹក​ជំនួយ​មនុស្ស​ធម៌​ចូល​តំបន់​ហ្គា​ហ្សា​ដើម្បី​ជួយ​ជីវិត​ប្រជាជន​រងគ្រោះ​ជាច្រើន​នាក់ និង​អាច​ផ្ដល់​ពេលវេលា​ដល់​បណ្ដា​ប្រទេស​កាន់សាសនា​​អ៊ិ​ស្លាម​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​របស់ខ្លួន​ផង​។​


​ទោះបី​មាន​កិច្ចខិតខំ​ប្រឹង​ប្រែង​ពី​ប្រទេស​សម្របសម្រួល ស្របតាម​បំណង​របស់​អន្តរជាតិ ចង់បាន​បទ​ឈប់​បាញ់ ភាគី​ជម្លោះ​ទាំង​ ២ គឺ​ហា​ម៉ាស់ និងអ៊ី​ស្រា​អែល​ហាក់​នៅ​មិនទាន់​ចុះសម្រុង​គ្នា រីឯ​ការយល់ព្រម​ជា​ផ្លូវការ​ណាមួយ​ក៏​មិនទាន់មាន​ដែរ​។​

​ខណៈដែល​សង្គ្រាម​កំពុងតែ​ឆាបឆេះ អ៊ី​ស្រា​អែល​ឯណោះ​បាន​និយាយថា ខ្លួន​ទំនងជា​ត្រូវ​កំណត់​ចំនួន​នៃ​អ្នកចូលរួម​ប្រារព្ធ​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​នៅ​ព្រះវិហារ Al-Aqsa​។ ប៉ុន្តែ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ជាច្រើន​នាក់​បាន​ច្រាន​ចោលការ​រឹតបន្តឹង​នេះ និង​បាន​អះអាងថា ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​តំបន់​របស់ខ្លួន​ដោយ​មិនគួរ​មានការ​រារាំង​ណាមួយ​កើតឡើង​ពី​សំណាក់​សមត្ថកិច្ច​អ៊ី​ស្រា​អែល​។​


​ចំណែក អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ី​ស្រា​អែល បាន​ថ្លែងថា ពិធីបុណ្យ​ «​រ៉ា​ម៉ា​ដាន​»​ ខាងមុខនេះ​អាចជា​សាំង​ដែល​ចាក់​បន្ថែម​ទៅលើ​ភ្លើងសង្គ្រាម​ដែល​កំពុងតែ​ឆេះ​សន្ធោសន្ធៅ​រួចទៅហើយ​ប្រសិន​បើ​ភាគី​ទាំង​ ២ នៅតែ​មិន​ចុះ​សម្រុង​នឹង​គ្នា​នោះ​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ មេដឹកនាំ​ក្រុម​ហា​ម៉ាស់​ក៏បាន​និយាយ​ដែរ​ថា ពួកគេ​កំពុង​បង្ហាញ​ពី​ភាពបត់បែន​របស់ខ្លួន​ក្នុងការ​ចរចា​បទ​ឈប់​បាញ់​ជាមួយ​អ៊ីស្រា​អែល ប៉ុន្តែ​ទន្ទឹមនឹងនេះ​ពួកគេ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ដូចគ្នា​សម្រាប់​ការប្រយុទ្ធ​បន្តទៀត ប្រសិនបើ​ការចរចា​មិន​ទទួលបាន​ជោគជ័យ​។​

​ព្រះវិហារ Al-Aqsa ស្ថិតនៅក្នុង​ទីក្រុង​ចាស់​មួយ​របស់​ទីក្រុង​យេ​រូ​សា​ឡឹម ជា​កន្លែង​សក្ការ​បូជា ដ៏​ពិសិដ្ឋ​បំផុត​មួយ​របស់​ប្រជាជន​មូស្លីម​នៅ​ទូទាំង​ពិភព​​លោក ប៉ុន្តែ​ក៏​ជាទី​សក្ការៈ​សម្រាប់​ជនជាតិ​យូ​ដា​ដែលជា​គ្រិស្ត​សាសនិក ម្លោះ​ហើយ​តំបន់​នេះ​បាន​ក្លាយជា​ចំណុចក្ដៅ​សម្រាប់​ជម្លោះ​រវាង​សាសនា​ទាំង​ ២​ តាំងតែ​ពី​ប្រទេស​អ៊ី​ស្រា​អែល​ទើបតែ​កកើតឡើង​ម្ល៉េះ​។​

​ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី ​៧ ខែតុលា​ ២០២៣ ភាគី​ជម្លោះ​ទាំង ​២ ​នេះ ធ្លាប់​បានសម្រេច​កិច្ចព្រមព្រៀង​បទ​​ឈប់​បាញ់​ម្តង ដែលមាន​រយៈ​​ពេល​ ៦ ​ថ្ងៃ ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​ ២០២៣ ដែល​កាលណោះ​ចំណាប់ខ្មាំង​ដែល​ក្រុម​ហា​ម៉ាស់​ចាប់​ពង្រាត់​ពី​អ៊ីស្រា​អែល​ក្នុង​ថ្ងៃ​ដែល​ខ្លួន​វាយឆ្មក់​ចូល​ចំនួន​ ៥០​ នាក់​ក្នុងចំណោម​ចំណាប់ខ្មាំង​ប្រមាណ ​២៤០​ នាក់ ត្រូវបាន​ដោះ​​លែង​ជា​ថ្នូរ​នឹង​ការដោះលែង អ្នកទោស​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​ ១៥០​ នាក់​។ កិច្ចព្រមព្រៀង​នាពេលនោះ​ក៏បាន​អនុញ្ញាតឱ្យ​រថយន្ដ​ដឹក​ជំនួយ​ប្រមាណ ២០០​ គ្រឿង​ចូល​ហ្គា​ហ្សា​ក្នុង ​១ ​ថ្ងៃ​៕