អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​តង់ហ្សានី​ បាន​​ឱ្យ​ដឹង​កាល​​​ពី​ថ្ងៃ​សៅរ៍​ថា​ ក្មេង​ៗ​ចំនួន​​ ៨​ នាក់​ និង​មនុស្ស​ចា​ស់​ ១ នាក់​ បាន​ស្លាប់​ និង​មនុស្ស ៧៨ នាក់​ផ្សេង​ទៀត ត្រូវ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ ក្រោ​យ​​បរិភោគ​​​សាច់​អណ្តើក​សមុទ្រ​ នៅ​លើ​កោះ​ Pemba ​ក្នុង​ប្រជុំ​កោះហ្សេនហ្ស៊ី​បារ​​ (Zanzibar)។ នេះ​បើ​តា​ម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

លោក​វេជ្ជ​បណ្ឌិត​ Haji Bakariដែល​ជា​មន្ត្រី​ពេទ្យ​ស្រុក​ Mkoani​ នៃ​កោះ​ Pemba ​បាន​និយាយ​ថា​ ស្រ្តី​​​ម្នា​ក់​​ដែល​បាន​ស្លាប់​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ​គឺ​ជា​ម្ដាយ​របស់​ក្មេង​២​នាក់​​ ដែល​ស្លាប់​មុន​នោះ​។ ​​លោក​បាន​ឱ្យ​ដឹង​ថា​ ​មនុស្ស​ម្នា​នាំ​គ្នា​បរិភោគ​សាច់​​អណ្តើក​ តាំង​តែ​ពី​ថ្ងៃ​​​អង្គារ​មកម៉្លេះ​​​។

លោក ​Bakari​បាន​ប្រាប់​ AP ថា​ ​លទ្ធផល​​ធ្វើ​តេស្ត​​ពី​មន្ទីរ​ពិសោធន៍​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ទាំង​អ​ស់​សុទ្ធ​តែ​បាន​បរិភោគ​សាច់​អណ្តើក​សមុទ្រ​ជាមួយ​គ្នា​។  


សាច់​អណ្តើក​សមុទ្រ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​ឆ្ងាញ់​​សម្រាប់​​​ប្រជាជន​តាម​តំបន់​នៅ​ប្រជុំ​កោះ​ហ្សេនហ្ស៊ីបារ​​ ​បើ​ទោះ​បី​ជា​វា​​បណ្តាល​ឱ្យ​មានអ្នក​​ស្លាប់​ជា​រឿយ​ៗ​ដោយ​សារ​តែវា​ជា​ប្រភេទ​នៃ​កា​រ​ពុល​អាហារ​បណ្ដាល​ពី​សាច់​អណ្ដើក​សមុទ្រ​ក៏​ដោយ​។​

កន្លង​មក អាជ្ញាធរ​នៅ​ប្រជុំ​កោះ​ហ្សាហ្ស៊ី​បារ​ ​ដែល​ជា​តំបន់​ពាក់​កណ្តាល​ស្វយ័ត​នៃ​ប្រទេស​អាហ្វ្រិក​ខាង​កើត​​​តង់ហ្សានី​ បាន​បញ្ជូន​ក្រុ​ម​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ​ឱ្យ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ និង​ជំរុញ​ឱ្យ​ប្រជាជនចៀ​ស​វាង​ការ​ទទួល​ទាន​សាច់​អណ្តើក​សមុទ្រ​ផ្សេង​ៗ​។


ក្នុង​​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២១​ ​មនុស្ស​ ៧​ នាក់​ រួម​ទាំង​ក្មេង​អាយុ​ ៣ឆ្នាំ​ម្នាក់​ បាន​ស្លាប់​​​នៅ​លើ​កោះ​ Pemba ក្រោយ​​​បរិភោគ​សាច់​អណ្តើក​សមុទ្រ​ដូច​គ្នា​ ហើយ​កាល​នោះ​មនុស្ស​ ៣​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​បញ្ជូន​​ទៅ​សម្រាក​ព្យាបាល​​​នៅ​មន្ទី​រ​ពេទ្យ​៕