សមាជិក​នៃ​ក្រុម​គ្រួសារ​មួយ​​ជិះស្គី​កម្សាន្ត​នៅ​រដូវ​ធ្លាក់​ទឹក​កក​​នៅ​ភ្នំ​ជិត​​ព្រំដែន​រវាង​ប្រទេស​ស្វីស ​​និង​ប្រទេស​អ៊ីតាលី ​​ក្នុង​តំបន់​អឹរ៉ុប​​ដែលត្រូវបាន​ដឹង​បាត់​ខ្លួន​កាល​ពីថ្ងៃទី​៩​ មីនា​នោះ ត្រូវ​បាន​ប្រទេស​ឃើញស្លាប់ ​៥​ នាក់ ហើយ ម្នាក់ទៀត​បន្ត​បាត់​ខ្លួន។ នេះ​បើយោង​តាមការ​ចុះ​ផ្សាយ​នានា​ដោយ​ដកស្រង់សេចក្តីថ្លែង​ការ​ណ៍​ប៉ូលិស។ 

តាមរ៉យទ័រ ប៉ូលីស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី១១​ ខែមីនា​ថា អ្នកជិះ​ស្គី​ឆ្លង​ប្រទេស​​ចំនួន ៥​នាក់​ដែល​បាន​បាត់​ខ្លួន​ ក្នុងអំឡុងពេល​ដំណើរ​កម្សាន្ត​ជិះ​ស្គី​នៅ​ប្រទេស​ស្វី​ស ​ត្រូវ​​បាន​គេ​រកឃើញថា​បាន​ស្លាប់ ​ហើយ​ប៉ូលិស​បន្ត​ស្វែងរក​​អ្នកជិះ​ស្គី​ទី៦​​ ដែល​បាត់​ខ្លួន​ក្នុងដំណើរកម្សាន្ត​នោះដែរ​។

អ្នកជិះ​ស្គី៥​នាក់​​​នោះ​​ជា​សមាជិកគ្រួសារ​តែមួយ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី៩ ខែមីនា ​នៅ​ម្តុំ​​ភ្នំ Tete Blanche នៅលើ​ផ្លូវ Zermatt-Arolla ក្បែរ​ភ្នំ Matterhorn ដែល​ជាប់​ព្រំដែន​រវាង​ប្រទេស​ស្វី​ស និង​អ៊ីតាលី។ ប៉ូលីស​បាន​និយាយថា សាកសព​ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃទី១០​ខែ​មីនា នៅក្នុង​ផ្នែក​នៃភ្នំ​ Tete Blanche។


យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលីស​មុននេះ បានឱ្យដឹងថា អ្នកជិះ​ស្គី​មាន​អាយុ​ចន្លោះ​ពី ២១ដល់​៥៨ឆ្នាំ។ ពួកគេ​ប្រាំ​នាក់​ជា​​សមាជិក​​របស់​គ្រួសារ​មួយ​មកពី​តំបន់ Valais Canton ខណៈដែល​មនុស្ស​ទី​ប្រាំមួយ​មកពី Canton នៃ Fribourg។

ប៉ូលិស​មិនបាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវបាន​រកឃើញថា​ស្លាប់​នោះទេ។


​ផ្លូវ​ជិះស្គី Zermatt គឺជា​រមណីយដ្ឋាន​ភ្នំ​ដ៏​ពេញនិយម​មួយ​ដែល​ល្បីល្បាញ​សម្រាប់​ការ​ជិះ​ស្គី និង​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ជុំវិញ​ពិភពលោក៕​