ការស្ទង់មតិរោងចក្រផ្លូវការ បានបង្ហាញនៅថ្ងៃសុក្រ ទី១ ខែមីនា នេះថា សកម្មភាពផលិតកម្មរបស់ប្រទេសចិនក្នុងខែកុម្ភៈ បានបន្តធ្លាក់ចុះ ពោលគឺរយៈពេល៥ ខែជាប់ៗគ្នា ដោយបង្កើនសម្ពាធលើអ្នកបង្កើតគោលនយោបាយដើម្បីដាក់ចេញនូវវិធានការជំរុញបន្ថែមទៀត ខណៈដែលម្ចាស់រោងចក្រកំពុងប្រឈមផលវិបាកក្នុងការស្វែងរកអ្នកបញ្ជាទិញ។

បើតាមសន្ទស្សន៍អ្នកគ្រប់គ្រងការទិញជាផ្លូវការ (PMI) ដែលជាសូចនាករសេដ្ឋកិច្ចដែលរួមមានរបាយការណ៍ប្រចាំខែ និងការស្ទង់មតិពីក្រុមហ៊ុនផលិតកម្មផ្នែកឯកជន អនុលោមតាមការិយាល័យស្ថិតិជាតិចិន (NBS) បានឱ្យដឹងថា សន្ទស្សន៍បានធ្លាក់ចុះដល់ ៤៩.១ ក្នុងខែកុម្ភៈ ពី ៤៩.២ ក្នុងខែមករា ដោយតែងតែនៅក្រោម ៥០។


កត្តាធ្លាក់ចុះតាមរដូវកាលដែលជះផលប៉ះពាល់ដល់តួលេខនេះ ក៏រួមចំណែកដោយពិធីបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១០ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ដោយរោងចក្រភាគច្រើនបានបិទទ្វារ ខណៈកម្មករត្រឡប់ទៅផ្ទះវិញសម្រាប់ថ្ងៃឈប់សម្រាក។

លោក Dan Wang ប្រធានសេដ្ឋវិទូនៅធនាគារ Hang Seng ប្រទេសចិនបាននិយាយថាការធ្លាក់ចុះនៃ PMI ក៏ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំងនៃការបញ្ជាទិញបរទេស។


លោកថាការធ្លាក់ចុះតម្រូវការពីបរទេសហាក់ដូចជាអចិន្ត្រៃយ៍ គឺដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារអភិវឌ្ឍន៍ជាច្រើនក៏ដូចជាការផ្លាស់ប្តូរទីតាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ទីផ្សារទាំងនោះ។

ការបញ្ជាទិញសម្រាប់នាំចេញថ្មីបានធ្លាក់ចុះរយៈពេល ១១ ខែជាប់ៗគ្នាមកហើយនៅក្នុងផលិតកម្ម ខណៈពេលដែលការធ្លាក់ចុះការងារក្នុងវិស័យរោងចក្រក្នុងរយៈពេលមួយឆ្នាំក៏បានចង្អុលបង្ហាញពីភាពតានតឹងជាប់រហូតមកសម្រាប់អាជីវកម្មទាំងនេះ។

ការខកចិត្តក្រោយការងើបឡើងវិញនៃកូវីដ១៩ របស់ប្រទេសចិនបានធ្វើឱ្យមានការសង្ស័យអំពីមូលដ្ឋានគ្រឹះនៃគំរូសេដ្ឋកិច្ចរបស់ខ្លួន ខណៈគេរំពឹងទុកថា អ្នកបង្កើតគោលនយោបាយនឹងត្រូវពិចារណាលើកំណែទម្រង់ដ៏រឹងមាំ ដើម្បីគាំទ្រដល់កំណើនរយៈពេលវែងវិញ។

ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោកបាននិងកំពុងប្រឈមមុខនឹងអត្រាកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុកកាលពីឆ្នាំកន្លងទៅ ចំពេលមានវិបត្តិអចលនទ្រព្យ និងនៅពេលដែលប្រជាជនកាត់បន្ថយការចំណាយ ក្រុមហ៊ុនបរទេសដកខ្លួនចេញ ក្រុមហ៊ុនផលិតពិបាករកអ្នកទិញ ហើយរដ្ឋាភិបាលក្នុងតំបន់ប្រឈមនឹងបន្ទុកបំណុលដ៏ធំ។

យ៉ាងណា អ្នកបង្កើតគោលនយោបាយរបស់ចិន បានសន្យាថានឹងដាក់ចេញនូវវិធានការបន្ថែមទៀតដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចបន្ថែម បន្ទាប់ពីជំហានដែលបានអនុវត្តចាប់តាំងពីខែមិថុនាមកមានឥទ្ធិពលវិជ្ជមានតិចតួចប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃសុក្រនេះ ក៏បានធ្វើជាប្រធានកិច្ចប្រជុំនៃគោលនយោបាយសេដ្ឋកិច្ចដ៏សំខាន់ដែលបង្កើតស្ថាប័នស្តីពីការគាំទ្រដល់ក្រុមហ៊ុនផលិតតាមរយៈការធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ និងការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជាផ្នែកមួយនៃការជំរុញរបស់លោកដើម្បីធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញតាមរយៈបច្ចេកវិទ្យា ដើម្បីនាំមកនូវកំណើនផលិតភាព និងប្រាក់ចំណូល៕