ទីក្រុងបុមបៃរបស់ប្រទេសឥណ្ឌា ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសឥណ្ឌា បានយកឈ្នះទីក្រុងប៉េកាំងប្រទេសចិន ដោយការក្លាយជារដ្ឋធានីដែលមានមហាសេដ្ឋីច្រើនជាងគេនៅតំបន់អាស៊ី។ នេះបើយោងតាមការរាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវហ៊ូរុន (Hurun) ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានចុះផ្សាយនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤។
ទីក្រុងបុមបៃមានមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារសហរដ្ឋអាមេរិកចំនួន ៩២ នាក់ តាមពីក្រោយទីក្រុងញូវយ៉កចំនួន ១១៩ នាក់ និងទីក្រុងឡុងដ៍មានចំនួន ៩៧ នាក់។
ឥណ្ឌាជាប្រទេសដែលនាំមុខដោយមហាសេដ្ឋីធំៗ ដូចជាលោក មូកេស អាំបានី (Mukesh Ambani) ដែលជាប្រធានក្រុមហ៊ុន Reliance Industries និងលោក ហ្គោតាំ អាដានី(Gautam Adani)ដែលជាប្រធានក្រុមហ៊ុនAdani Group។
ឥណ្ឌាមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពោលគឺកើនឡើង ៧,៥% ក្នុងឆ្នាំ ២០២៣ ហើយចំនួនមហាសេដ្ឋីដែលមានទ្រព្យខ្ទង់ប៊ីលានដុល្លារបានកើនឡើង ៩៤នាក់ឈានដល់ចំនួនសរុប ២៧១នៅទូទាំងប្រទេស។ នេះជាចំនួនកើនឡើងខ្ពស់បំផុតរបស់ប្រទេសឥណ្ឌា គិតចាប់តាំងពីឆ្នាំ ២០១៣ មក។
លោក រូផឺត ហ៊ូហ្កេវ៉េហ្វ (Rupert Hoogewerf) ប្រធានវិទ្យាស្ថានស្រាវជ្រាវហ៊ូរុនក៏បានបង្ហាញពីទំនុកចិត្តរបស់លោក ទៅលើសេដ្ឋកិច្ចរបស់ឥណ្ឌាថានឹងបន្តកើនឡើងទៀត។ យ៉ាងណាមិញ ចិននៅតែបន្តនាំមុខគេ ក្នុងនាមជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ ពោលគឺមានចំនួន ៨១៤ នាក់ បន្ទាប់ពីធ្លាក់ចុះចំនួន ១៥៥ នាក់ ក្នុងឆ្នាំ ២០២៣ ដោយសារតែជួបវិបត្តិក្នុងវិស័យអចលនទ្រព្យ និងវិស័យថាមពលកកើតឡើងវិញ។
ដោយឡែកនៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកមានកំណើនមហាសេដ្ឋីចំនួន ១០៩ នាក់ ឈានដល់ចំនួនសរុប ៨០០ នាក់ ដែលតួលេខនេះបានខិតទៅជិតទៅរកប្រទេសចិន ហើយអាចនឹងមានសក្តានុពលយកឈ្នះចិននៅថ្ងៃខាងមុខ។
លោក អាំបានី បានជាប់ចំណាត់ថ្នាក់កំពូលជាអ្នកមានបំផុតរបស់ឥណ្ឌា ដែលមានទ្រព្យសម្បត្តិចំនួន ១១៥ ប៊ីលានដុល្លារ បន្ទាប់មក លោក អាដានី ដែលមានទ្រព្យសម្បត្តិចំនួន ៨៦ ពាន់លានដុល្លារ។ នៅក្នុងប្រទេសចិនវិញ លោក ចុង សានសាន (Zhong Shanshan) ប្រធានក្រុមហ៊ុន Nongfu Spring នៅតែស្ថិតក្នុងបញ្ជីអ្នកមានបំផុតនៅប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយលោកមានទ្រព្យសម្បត្តិ ៦៣ ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ លោក ខូលីន ហួង (Colin Huang)ដែលជាស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduoទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែលោកបានយកឈ្នះលោក ផូនី ម៉ា (Pony Ma)ប្រធានក្រុមហ៊ុន Tencent Holdings ដោយដណ្តើមតំណែងលេខរៀងទី ២ បន្ទាប់ពីលោក ចុង សានសាន។
ទ្រព្យសម្បត្តិរបស់លោក ហួង បានកើនឡើង ៧១% ឈានដល់ ៥៣ ប៊ីលានដុល្លារ ដែលក្រុមហ៊ុនរបស់លោកបានដំណើរការរីកចម្រើនលើសពីការព្យាករណ៍របស់ទីផ្សារ ហើយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិរបស់ខ្លួនដែលមានឈ្មោះថា Temu ក៏កំពុងពង្រីកទីផ្សារទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ ជាទូទៅ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅប្រទេសចិនបានធ្លាក់ចុះចន្លោះពី ១៥% ទៅ ៤០%។ នេះបើយោងតាមការលើកឡើងរបស់លោក ហ៊ូហ្កេវ៉េហ្វ។
លោកបានពន្យល់ថា៖ «ទ្រព្យសម្បត្តិក្នុងចំណោមមហាសេដ្ឋីចិនបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យដែលអាចងើបឡើងវិញ»។ ជាក់ស្ដែង ទ្រព្យសម្បត្តិរបស់លោក វ៉ាង ជាលីន (Wang Jianlin) បានធ្លាក់ចុះពី ១១ ពាន់លានដុល្លារទៅ ៤,២ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។
នៅសហរដ្ឋអាមេរិក បញ្ញាសិប្បនិម្មិតជាកត្តាជំរុញកំណើនទ្រព្យសម្បត្តិយ៉ាងសំខាន់។ ជាក់ស្ដែង លោក ចេនសេន ហួង (Jensen Huang) ដែលជាម្ចាស់ក្រុមហ៊ុន Nvidia បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោម ៣០ នាក់ ដោយលោកមានទ្រព្យសម្បត្តិសរុប ៤៨ ពាន់លានដុល្លារ។
មហាសេដ្ឋីផ្សេងទៀតដែលជាស្ថាបនិក ឬម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន Google ក្រុមហ៊ុន Meta និងក្រុមហ៊ុនMicrosoft ក៏មានការកើនឡើងទ្រព្យសម្បត្តិគួរឱ្យកត់សម្គាល់ផងដែរ។
ក្រៅពីមហាសេដ្ឋីក្នុងវិស័យបច្ចេកវិទ្យា តារាចម្រៀង Taylor Swift ក៏ជាមហាសេដ្ឋីមួយរូបផងដែរ ដោយតារារូបនេះមានទ្រព្យសម្បត្តិចំនួន ១,២ ពាន់លានដុល្លារ។ ជាងពាក់កណ្តាលនៃទ្រព្យសម្បត្តិរបស់នាងគឺបានមកពីថ្លៃសួយសារអាករ និងដំណើរកម្សាន្ត ដែលក្នុងនោះរួមមាន ១៩០ លានដុល្លារបានមកពីដំណើរទេសចរណ៍ និង ៣៥ លានដុល្លារបានពីខ្សែភាពយន្តប្រគុំតន្ត្រី។ ទ្រព្យសម្បត្តិផ្សេងទៀតគឺបានមកពីការលក់អាល់ប៊ុមចំនួន ៦ ដំបូងរបស់នាងក្នុងតម្លៃ ៣០០ លានដុល្លារកាលឆ្នាំមុន។
ក្នុងចំណោមមហាសេដ្ឋីសរុប ៣ ២៧៩ នាក់មកពី ៧៣ ប្រទេសនៅក្នុងបញ្ជីអ្នកមានពិភពលោក មហាសេដ្ឋីអាមេរិកមានចំនួន ៣៧% ដោយជាមធ្យម ចំនួនមហាសេដ្ឋីនៅសហរដ្ឋអាមេរិកកើនឡើង ៥%ហើយទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនឡើង ៩%។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវហ៊ូរុន បានធ្វើការវាយតម្លៃទៅលើចំនួនភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនគិតត្រឹមថ្ងៃទី ១៥ ខែមករា។ សម្រាប់ក្រុមហ៊ុនឯកជន ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានគណនាដោយការប្រៀបធៀបជាមួយនឹងក្រុមហ៊ុនចុះបញ្ជីស្រដៀងៗគ្នា៕