រុស្ស៊ី​បាន​ព្រមាន​បាញ់​ទម្លាក់​យន្តហោះ​​ចម្បាំង​ដ៏​មាន​ឥទ្ធិពល​របស់សហរដ្ឋ​អាមេរិក​ F-16 ក្នុង​ករណី​ប្រទេស​​ណា​មួយ​ប្រគល់​ឱ្យ​អ៊ុយក្រែន​សម្រាប់​ការ​ធ្វើ​​សង្គ្រាម​ប្រឆាំង​ខ្លួន​នោះ ប៉ុន្តែ​​​​មហាអំណាច​នុយក្លេអ៊ែរ​​រុស្ស៊ី​បាន​បដិសេធ​ថា​ ខ្លួន​​មិនបាន​គូសវាស​សម្រាប់​ការវាទី​ចូល​ប្រទេស​ណាតូ​ណាមួយ​ដែលជា​​អតី​ត​​​រដ្ឋ​ក្នុង​សហភាព​សូវៀតនោះទេ។ 


​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បាន​ផ្សាយ​ថា រុស្ស៊ី​គ្មាន​គំនិត​លើ​ប្រទេស​ណា​តូ​ណាមួយ​ឡើយ ហើយ​នឹងមិន​វាយប្រហារ​​ប្រទេស​ប៉ូឡូញ រដ្ឋបាល់​ទិ​ក ឬ​សាធារណរដ្ឋ​ឆេ​ក​ឡើយ ប៉ុន្តែ​ប្រសិនបើ​លោកខាងលិច​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង F-16 ដល់​ប្រទេស​​អ៊ុយ​ក្រែ​ន នោះ​ពួកគេ​នឹងត្រូវ​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​រុស្ស៊ី។

​រុស្ស៊ី​​បាន​ចាប់ផ្តើម​ឈ្លាន​ពាន​ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​​ដែល​ជា​រដ្ឋ​ឯករាជ្យ​​ពេញលេញ​​ និង​ជារដ្ឋ​សមាជិក​​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី ​២៤ ​​ខែកុម្ភៈ​ ឆ្នាំ​ ២០២២ ដោយប្តេជ្ញា​ប្រើពេល​តែប៉ុន្មានថ្ងៃ​​ដើម្បី​ផ្តួល​រំលំ​​រដ្ឋាភិបាល​របស់ ប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដែលមាន​ទំនោរ​ទៅរក​បស្ចឹមប្រទេ​ស​ឬប្លុក​សេរី​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក។​


​​ក្រោយ​ការ​​លើក​ទ័ព​ចូល​អ៊ុយក្រែន វិបត្តសង្គ្រាម​មិន​ឈ្នះ​មិនចាញ់​មួយ​នេះ​បាន​បង្កឱ្យមាន​វិបត្តិ​ដ៏​ជ្រៅ​បំផុត​នៅក្នុង​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​លោកខាងលិច​ចាប់តាំងពី​វិបត្តិ​មី​ស៊ី​ល​គុយបា​កាល​​ឆ្នាំ ១៩៦២​។


ថ្លែង​ទៅកាន់​អាកាសយានិក​របស់​កង​ទ័ពអាកាស​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូ​ទីន បាន​និយាយថា សម្ព័ន្ធមិត្ត​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បាន​ពង្រីក​ឆ្ពោះទៅ​ទិសខាងកើត​ឆ្ពោះទៅកាន់​​ប្រទេស​រុស្ស៊ី ចាប់តាំងពី​ការដួលរលំ​នៃ​សហភាពសូវៀត​ឆ្នាំ ១៩៩១ ប៉ុន្តែ​ថា​ ទីក្រុង​ម៉ូស្គូ​មិនមាន​គម្រោង​វាយប្រហារ​រដ្ឋ​ណា​តូ​នោះទេ។


យោងតាម​​ការ​ចេញសេចក្តី​ប្រកាស​របស់​​វិមាន​ក្រឹម​ឡាំង​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ពូ​ទីន​​ បាន​​និយាយថា៖ «យើង​មិនមាន​ចេតនា​ឈ្លានពាន​ចំពោះ​រដ្ឋ​ទាំងនេះ​ទេ។ គំនិត​ដែលថា​យើង​នឹង​វាយប្រហារ​ប្រទេស​មួយចំនួនទៀត ដូចជា ប៉ូឡូញ រដ្ឋបាល់​ទិ​ក និង​ឆេ​ក​ក៏​កំពុង​ភ័យខ្លាច​ផងដែរ គឺ​​គ្មាន​ហេតុ​ផល​ទល់តែសោះ​។ វា​គ្រាន់តែ​ជា​លេស​​ប៉ុណ្ណោះ»។

​កន្លង​មក​​ មេដឹកនាំ​ប្រទេសលោក​ខាងលិច​ រដ្ឋ​នានានៅ​អឺរ៉ុប​ខាងកើត​សុទ្ធ​តែ​បាន​​សន្និដ្ឋាន​ស្រដៀងៗ​គ្នា​ថា លោក​ ពូទីន​ នឹង​ពង្រីក​សង្គ្រាម​ឆ្ពោះ​ទៅ​ប្រទេសរបស់ពួកគេ នៅពេល​ដែល​ លោក​ ពូទីន​​ ឈ្នះសង្គ្រាម​នៅ​អ៊ុយក្រែន ម្ល៉ោះហើយ​ទើប​​ពួកគេ​ ខិតខំ​​ឧបត្ថម្ភ​​​ និង​ផ្គត់ផ្គង់ឱ្យ​អ៊ុយក្រែន​នូវសព្វាវុធ​ ហិរញ្ញវត្ថុ និង​ការ​ទូត​​តាមការ​អំពាវនាវ​របស់​អ៊ុយក្រែន។

វិមាន​ក្រឹម​ឡាំង ដែល​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ប្រយុទ្ធ​ប្រឆាំងនឹង​រុស្ស៊ី ដោយ​គាំទ្រ​អ៊ុយ​ក្រែ​ន ទាំង​លុយ អាវុធ និង​ចារកម្ម និយាយថា ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ប្រហែលជា​មិនដែល​អាក្រក់​ជាង​នេះ​ទេ។ នេះ​បើ​តាមរ៉យទ័រ​។​

នៅពេល​សួរ​អំពី​យន្តហោះ​ចម្បាំង F-16 ដែល​លោកខាងលិច​បាន​សន្យាថា​នឹង​បញ្ជូន​ទៅកាន់​អ៊ុយ​ក្រែ​ន លោក ពូ​ទីន បាន​និយាយថា យន្តហោះ​បែបនេះ​នឹងមិន​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​ឡើយ។

លោកពូ​ទីន​បាន​និយាយថា៖ «ប្រសិនបើ​ពួកគេ​ផ្គត់ផ្គង់​យន្តហោះ F-16 ហើយ​ពួកគេ​កំពុងនិយាយ​អំពី​រឿងនេះ ហើយ​ទំនងជាហ្វឹកហាត់​អ្នកបើក​យន្តហោះ វា​នឹងមិន​ផ្លាស់ប្តូរ​ស្ថានភាព​នៅលើ​សមរភូមិ​ទេ។ យើង​នឹង​បំផ្លាញ​យន្តហោះ ដូចដែល​យើង​បំផ្លាញ​រថក្រោះ រថពាសដែក និង​ឧបករណ៍​ផ្សេងទៀត រួមទាំង​ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត​ជាច្រើន»។

លោក ពូ​ទីន​ បាន​និយាយថា F-16 ក៏​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ផងដែរ។

លោក ពូ​ទីន បាន​និយាយថា៖ «ជាការ​ពិត ប្រសិនបើ​ពួកវា​នឹងត្រូវ​បាន​ប្រើ​ពី​អាកាសយានដ្ឋាន​នៅក្នុង​ប្រទេស​ទី​បី ពួកគេ​ក្លាយជា​គោលដៅ​ស្របច្បាប់​សម្រាប់​យើង គ្រប់​ទីកន្លែង​ដែល​ពួកគេ​អាច​នឹង​ស្ថិតនៅ»។

កន្លងមក ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ន័​រវេ​ស និង​ហូ​ឡង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​បាន​សន្យា​បរិច្ចាគ​យន្តហោះ F-16 ។ សម្ព័ន្ធ​នៃ​បណ្តា​ប្រទេស​បាន​សន្យាថា​នឹង​ជួយ​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែ​ន​ក្នុងការ​ប្រើប្រាស់​របស់​ពួកគេ៕