ភាពអាចទៅរួចនៃការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅកាន់ការិយាល័យប្រធានាធិបតីវិញបានបង្កឱ្យមានភាពមិនច្បាស់លាស់ និង ក្តីព្រួយបារម្ភជាច្រើនរាប់ចាប់តាំងពីនៅរដ្ឋធានី ប្រ៊ុចសែល នៃប្រទេស បែលហ្ស៊ិក ដល់រាជធាណី អូតាវ៉ា នៃប្រទេស កាណាដា និង ទីក្រុង តូក្យូផងដែរ។ ខណៈទីក្រុង ប៉េកាំង ហាក់ដូចជាមិនបានបង្ហាញប្រតិកម្មណាមួយនោះទេ។
ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងមិនផ្លាស់ប្តូរខ្លាំងនូវគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់អាមេរិកចំពោះប្រទេសចិននោះដែរ។
យ៉ាងណាអតីតប្រធានាធិបតី ត្រាំ ក្នុងអាណត្តិមុនរបស់លោកហាក់ដូចជាតឹងតែងចំពោះប្រទេសចិនជាងលោក ចូ បៃដិន (Joe Biden) ដែលកំពុងកាន់តំណែង។លោក ត្រាំ បានផ្តល់យោបល់ថាសហរដ្ឋអាមេរិកគួរតែដកប្រទេសចិនចេញពីឋានៈជា «ប្រទេសដែលទីពេញចិត្តបំផុត» របស់ខ្លួនជុំវិញការផ្តោះប្តូរពាណិជ្ជកម្ម។
លោក ត្រាំ បានគំរាមយកពន្ធរហូតដល់៦០ភាគរយលើការនាំចូលរបស់ចិនទាំងអស់ ចាប់ផ្តើមពីពេលនេះប្រហែល២០ភាគរយនិងបានប្តេជ្ញាថានឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនតាមបែបសេដ្ឋកិច្ច។
ផ្ទុយទៅវិញរដ្ឋបាល បៃដិន ស្វែងរកអ្វីដែលល្អបំផុតសម្រាប់មហាអំណាចពិភពលោកទាំង២តាមរយៈការបង្កើនផលប្រយោជន៍ពាណិជ្ជកម្មរបស់អាមេរិកពីការចូលរួមផ្នែកសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសចិនស្របពេលដែលព្យាយាមខ្ទប់ការអភិវឌ្ឍរបស់ចិនដូចគ្នា។
គោលនយោបាយរបស់លោក បៃដិន បានជំរុញឱ្យខ្លួនទទួលបានទីផ្សារកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មអាមេរិកដូចជាស្ថាប័នហិរញ្ញវត្ថុនិងព្យាយាមនាំចូលផលិតផល មិនមែនយុទ្ធសាស្ត្ររបស់ខ្លួន ដូចជាផលិតផលកសិកម្មនិងយន្តហោះ Boeing ចូលទៅកាន់ប្រទេសចិនថែមទៀត។ ម្យ៉ាងវាក៏ជួយរក្សាអតិផរណារបស់សហរដ្ឋអាមេរិកឱ្យនៅស្ថិតស្ថេរតាមរយៈការអនុញ្ញាតឱ្យទំនិញប្រើប្រាស់របស់ចិនចូលទៅក្នុងសហរដ្ឋអាមេរិកដោយមានរបាំងមួយចំនួនលើកលែងតែពន្ធគយ។
យ៉ាងណាស្របពេលជាមួយគ្នានេះការបិទផ្លូវបច្ចេកវិទ្យារបស់រដ្ឋបាល Biden លើប្រទេសចិនគឺជាការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតផងដែរដែលខ្លួនអាមេរិកបានដាក់លើប្រទេសមួយនេះចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២នៅពេលដែលអាមេរិកប្រយុទ្ធប្រឆាំងនឹងប្រទេសជប៉ុននិងអាល្លឺម៉ង់។
ក្នុងករណី បៃដិន ក្រសោបបានអាណត្តិទី២របស់ខ្លួន គោលនយោបាយរបស់លោកក៏ប្រហែលជាការចាត់វិធានការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែខ្លាំងជាងប្រឆាំងនឹងចិនមិនចាញ់លោក ត្រាំ នោះដែរ។
ហេតុនេះការរឹតបន្តឹងលើការវិនិយោគរបស់សហរដ្ឋអាមេរិកទៅក្នុងប្រទេសចិនកាន់តែធំជាងមុនហើយសង្គ្រាមបច្ចេកវិទ្យាក៏ទំនងជារីករាលដាលយ៉ាងខ្លាំងដល់វិស័យផ្សេងទៀត។រនាំងខ្ពស់នឹងកាន់តែខ្ពស់ជាងមុនហើយទីធ្លាតូចអាចក្លាយជាវាលធំទូលាយ។
បៃដិន និង ត្រាំ មានមហិច្ឆតាមួយដូចគ្នាគឺការយកឈ្នះចិន។ មេដឹកនាំរបស់អាមេរិកទាំង២មើលឃើញថាប្រទេសចិនជាការគំរាមកំហែងដ៏ធំបំផុតតែ១គត់ចំពោះអនុត្តរភាពរបស់សហរដ្ឋអាមេរិកហើយប្តេជ្ញាចិត្តក្នុងការរារាំងការអភិវឌ្ឍរបស់ចិនជាដាច់ខាត។
អ្វីដែលមានភាពខុសគ្នារវាងមេដឹកនាំទាំង២នេះគឺជាវិធីសាស្ត្រប៉ុណ្ណោះដោយវិធីរបស់ ត្រាំ គឺវាយប្រហារចំៗនិងសាហាវជាង។ ចំណែកលោក បៃដិន ប្រសិនបើចិនជាកង្កែបលោកស្រុសវាបន្តិចម្តងៗ ខណៈដែលលោក ត្រាំ ចង់បោះកង្កែបចូលទៅក្នុងទឹកពុះតែម្តង។
ទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយថាលោក បៃដិន មានគ្រោះថ្នាក់ជាងលោក ត្រាំ ដោយសារតែលោកធ្វើការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនហើយបច្ចុប្បន្ននេះទីក្រុងប៉េកាំងពិបាកក្នុងការកំណត់ថាមេដឹកនាំអាមេរិករូបណានឹងផ្តល់ផលវិបាកដល់ខ្លួនខ្លាំងជាងដោយសារបរិយាកាសភូមិសាស្ត្រនយោបាយ។
ដូច្នេះគោលនយោបាយដ៏ល្អបំផុតសម្រាប់ប្រទេសចិនគឺផ្តោតលើអាជីវកម្មផ្ទៃក្នុងជាជាងការបារម្ភចំពោះការវិលត្រឡប់របស់ ត្រាំ ដែលជាអ្វីដែលលើសពីដែនអំណាចរបស់ខ្លួន។
សំខាន់ជាងនេះទៅទៀតប្រទេសចិនមានភាពល្អប្រសើរនិងមានទំនុកចិត្តជាងក្នុងការទប់ទល់ជាមួយ ត្រាំ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។ អាណត្តិទី១ របស់ត្រាំ ប្រទេសចិនកាន់តែរឹងមាំ សេដ្ឋកិច្ចរបស់គេបានកើនឡើងពាក់កណ្តាលចាប់តាំងពីឆ្នាំ ២០១៧។
ការនាំចេញរបស់ចិនចូលសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ ១៣.៧ ភាគរយ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៣ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០៤។ ស្របពេលជាមួយគ្នានេះប្រទេសចិន ក៏កំពុងផ្តោតលើការធ្វើពាណិជ្ជកម្ម ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតជាជាងជាមួយសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងជប៉ុនរួមបញ្ចូលគ្នា៕