គណៈប្រតិភូ​របស់​ក្រុម​ហា​ម៉ាស់​​​បាន​ទៅដល់​ទីក្រុង​គែរ នៃ​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ចូលរួម​កិច្ចចរចា​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សាដែលខ្លួន​ចង់បាន​នៅមុន​ថ្ងៃ​បុណ្យរ៉ាម៉ាដាន​​មក​ដល់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​រ៉​យ​ទ័​រ។

យោងតាម​ការផ្សាយ​នោះ គណៈប្រតិភូ​ក្រុម​ហា​ម៉ាស់​ដឹកនាំ​ដោយ​អនុប្រធានក្រុមហាម៉ាស់ លោក Khalil Al-Hayya។ 

​រ៉យទ័រ​បាន​រាយការណ៍ថា មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ដែល​ដឹង​រឿង​កិច្ចចរចា​បទ​ឈប់​បាញ់​បាន​និយាយ​ថា ពួកគេ​មិនទាន់​បានបញ្ចប់​កិច្ចព្រមព្រៀង​នៅឡើយ​ទេ នៅពេល​សួរ​ពី​រឿងនេះ។ 


គណៈប្រតិភូ​ពី​ភាគី​អ៊ីស្រាអែល​ក៏ត្រូវ​រំពឹងថា នឹង​ទៅដល់​ទីក្រុង​គែរ​ដើម្បី​ចូលរួម​ការពិភាក្សា​នេះដែរ។ 

ខណៈពេលដែល​ពិធីបុណ្យ​បួស​ក្នុង​សាសនា​អ៊ិ​ស្លាម​កាន់តែ​កៀក​មកដល់ ក្រុម​ហា​ម៉ាស់​ដែល​ដើរ​តាម​សាសនា​អ៊ិ​ស្លាម​ចង់បាន​បទ​ឈប់​បាញ់​ឱ្យបាន​ឆាប់ ដើម្បី​ចូលរួម​គោរពបូជា​ដល់​ព្រះ​របស់​ពួកគេ នៅ​ថ្ងៃទី៨ ខែមីនា ខាងមុខនេះ។ 


កិច្ចចរចា​បទ​ឈប់​បាញ់​ដែល​បាន​ព្រាង​ឡើង និង​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កន្លងមក នឹងមាន​រយៈពេល ៤០ថ្ងៃ ដើម្បី​បើកផ្លូវ​ឱ្យមាន​ការដោះដូរ​ចំណាប់ខ្មាំង​អ៊ីស្រាអែល និង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន ព្រមទាំង​បង្កើន​សកម្មភាព​ផ្តល់ជំនួយ​មនុស្សធម៌៕