​ការស្ទង់មតិ​ថ្មី​មួយ​ក្រោយ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចាក​ចេញពី​ពន្ធនាគារ​បែប​ថែ​សុខភាព បង្ហាញថា អតីត​នាយករដ្ឋមន្ត្រី​​ថៃ ​ដែល​រង​ការធ្វើ​រដ្ឋប្រហារ​កាល​ឆ្នាំ​ ២០០៦ ត្រូវបាន​គេ​មើលឃើញថា ជា​ឥស្សរជន​នយោបាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ប្រទេស​ថៃ ខណៈដែល​លោក ភិ​ថា លីម​ចា​រើ​ន​​រ៉ាត់ ដែល​បរាជ័យ​ក្នុងការ​ឡើងកាន់​អំណាច ទទួល​បានការ​អាណិត​​អាសូរ​ខ្លាំង​ក្នុងចំណោម​ឥស្សរ​ជន​មកពី​គណបក្សប្រឆាំង​សំខាន់ៗ​។​

​ការស្ទង់មតិ​របស់​វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍ និង​រដ្ឋបាល​ (NIDA Poll)​ បានចេញ​ផ្សាយ​របាយការណ៍​ស្ទង់​មតិ សាធារណៈ​មួយ ​ដែល​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​ ២៧ និង​ទី​ ២៩ ខែកុម្ភៈ ដោយមាន​អ្នកចូលរួម​ស្ទង់​មតិ​ចំនួន ​១ ៣១០ ​នាក់​ ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ និង​មកពី​តំបន់​ផ្សេងៗ​គ្នា​ហើយ​មាន​ប្រវត្តិ​អប់រំ មុខរបរ និង​កម្រិត​ប្រាក់ចំណូល​ខុសៗ​គ្នា​នៅ​ទូទាំងប្រទេស ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​ការយល់ឃើញ​ចម្រុះ​។​

​នៅពេល​មានការ​សាកសួរ​ថា​តើ​ឥស្សរជន​នយោបាយ​រូប​ណា​ដែលមាន​ឥទ្ធិពល​បំផុត អ្នក​ឆ្លើយតប​ចំនួន ​៤២,៩០% បានជ្រើសរើស​យក​លោក ថាក់​​ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និង ២១,៩១% បានជ្រើស រើស​យក​នាយ​ក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន ​(Srettha Thavisin) និង ១៧,៤០% បានជ្រើសរើស​យក​អតីត​មេដឹកនាំ​គណបក្ស​ឆ្ពោះទៅមុខ លោក ភិ​ថា​។​


​នៅពេល​សាក​សួរថា តើ​ក្នុងចំណោម​ឥស្សរជន​នយោបាយ​ទាំង​ ៣ ​រូប​ណា ​ដែល​គួរឱ្យ​អា​ណិ​ត​អាសូរ​ខ្លាំងជាងគេ អ្នក​ឆ្លើយតប​ចំនួន ៤៦,៧៩% ​បាន​លើកឡើងថា គឺជា​លោក ភិ​ថា និង ១៧,៨៦% ​បាន​និយាយថា​ពួកគេ​មិន​អាណិត​អ្នកនយោបាយ​ណា​ម្នាក់​ឡើយ ហើយ ១១,៤៥% ​បាន​ជ្រើស​​រើសយក​រូបលោក ថា​ណា​ថន ជួង​រូង​រួ​ង​គិត ​(Thanathorn Juangroongruangkit)​ ដែលជា​អតីត​មេដឹកនាំ​គណបក្ស​អនាគត​ថ្មី (Future Forward Party)​ ដែល​ត្រូវបាន​រំលាយ​កាលពីដើមឆ្នាំ ​២០២០​។​

​លោក ថាក់ស៊ីន ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ខែកុម្ភៈ បន្ទាប់ពី​តុលាការ​បានផ្តល់​ការលើកលែងទោស​ពិ​​សេស​ដល់​លោក ដោយសារតែ​លោក​មាន​អាយុ​ច្រើន និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ព្យាបាល​ឱ្យបាន​ដិតដល់​។ លោក ថាក់ស៊ីន​ត្រូវ​តុលាការ​កាត់ទោស​ ៨ ​ឆ្នាំ តែ​ក្រោយមក​សម្រួល​នៅសល់តែ​ចំនួន​ ១៨០ ​ថ្ងៃ​ប៉ុណ្ណោះ​៕​