​ក្រោយ​ការ​បែកធ្លាយ​សំឡេង​ចរចា​និយាយ​រឿង​យុទ្ធសាស្ត្រ​សង្គ្រាម​រវាង​មេទ័ព​អាល្លឺម៉ង់ និង​អ៊ុយ​ក្រែ​ន​លើ​ការ​​វាយប្រហារ​នៅ​តំបន់​គ្រី​មា ដែល​រុស្ស៊ី​ កាន់កាប់ ១​ ទសវត្សរ៍​មកហើយ​នោះ មេដឹកនាំ​អាល្លឺម៉ង់​ បានចាត់ទុក​ការ​​បែកធ្លាយ​សំឡេង​សន្ទនា​នេះ ជា​រឿង​ «​ធ្ងន់ធ្ងរ​» និង​សន្យា​ស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​។​

១ ​ថ្ងៃ​បន្ទាប់ពី​ការ​បង្ហោះ​សារ​សំឡេង​សន្ទនា​របស់​មន្ត្រី​កងទ័ព​អាល្លឺម៉ង់ ដែល​និយាយ​ពី​ផែនការ​វាយ​ផ្តាច់​ស្ពាន​ត​ភ្ជាប់​តំបន់​ដីគោក​រុស្ស៊ី​ ទៅកាន់​ឧបទ្វីប​គ្រី​មា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​​អ៊ីតា​លី អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz​ កាលពី​ថ្ងៃទី​ ២ ខែមីនា​បាន​និយាយថា​៖ «​អ្វីដែល​ត្រូវបាន​គេ​រាយការណ៍​គឺជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​នោះ​ហើយ​ជា​មូល​ហេតុដែល​ឥឡូវនេះ​វា​ត្រូវបាន​ស៊ើបអង្កេត​យ៉ាង​យកចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត និង​លឿន​បំផុត​»​។ នេះ​បើ​យោងតាម​ការដកស្រង់​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​ផ្សាយ​ថា និពន្ធ​នាយិកា​នៃ​ប៉ុស្តិ៍​ទូរ​ទស្សន៍ RT លោកស្រី Margarita Simonyan កាលពី​ថ្ងៃទី ​១ ​មីនា បាន​បង្ហោះ​សារ​សំឡេង ដែល​មន្ត្រី​យោធា​ជាន់ខ្ពស់​អាល្លឺម៉ង់ បាន​ពិភាក្សា​ស្នើ​អង់គ្លេស​ជួយ​រៀបចំ​ផែនការ​វាយប្រហារ​ស្ពាន​គ្រី​មា ដោយ​ប្រើប្រាស់​ម៉ី​ស៊ី​ល Taurus របស់​អាល្លឺម៉ង់​។​


​សារ​សំឡេង​ដែល​លោកស្រី Margarita Simonyan បង្ហោះ​កាលពី​ថ្ងៃទី​ ១ ខែមីនា បាន​បង្ហោះ​ការថត​សំឡេង​រយៈពេល​ ៣៨ ​នាទី​ជា​អ្វីដែល​លោក​ស្រី​បាន​អះអាងថា មន្ត្រី​កងទ័ព​អាល្លឺម៉ង់​នៅ​ថ្ងៃទី ​១៩ ខែកុម្ភៈ ពិភាក្សា​អំពី​ការ​វាយប្រហារ​នៅ គ្រី​មា​។ យោង ​AFP​។​

​ក្រោយ​ការ​បែកធ្លាយ​នោះ AFP បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​ដែល​បាន​សារភាព​ត្រង់ៗ​ថា ក្រសួងការពារជាតិ​ជឿថា​ការសន្ទនា​នៅក្នុង​កងពល​ទ័ពអាកាស​ត្រូវបាន «​ស្ទាក់ចាប់​»​។​


​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយថា​៖ «​បច្ចុប្បន្ន​យើង​មិនអាច​និយាយបាន​ច្បាស់​ថា​តើ​ការផ្លាស់ប្តូរ​ត្រូវបាន​ធ្វើឡើង​ចំពោះ​កំណែ​ដែល​បាន​កត់ត្រា​ឬ​ថតចម្លង​ដែល​កំពុង​ចរាចរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នោះទេ​»​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ប្រាប់ AFP ថា ខ្លួន​កំពុង​ស៊ើបអង្កេត «​ថា​តើ​ការទំនាក់ទំនង​នៅក្នុង​វិស័យ​កងទ័ពអាកាស​ត្រូវបាន​ស្ទាក់ចាប់​ឬ​អត់​»​។​

​តាម TASS សារ​សំឡេង​ដែល​លោក​ស្រី Simonyan បាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម VK  ​គឺ​សារ​សំឡេង​នោះបាន​និយាយថា​ រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ Boris Pistorius បាន​បញ្ជា​ឱ្យ​សិក្សា​ពី​បញ្ហា​នៃ​ការផ្គត់ផ្គង់​មី​ស៊ី​ល Taurus រយៈ​ចម្ងាយ​ឆ្ងាយ​ដល់​អ៊ុយ​ក្រែ​ន​។​

​មន្ត្រី​នៅក្នុង​សារ​សំឡេង​ពិភាក្សា​នោះ​រួមមាន​ប្រធាន​នាយកដ្ឋាន​ប្រតិ​​ប​ត្តិ​ការ និង​លំ​ហាត់​នៅ​បញ្ជាការ​កង​​ទ័ពអាកាស លោក Frank Graefe​ អធិការ​កងទ័ពអាកាស លោក Ingo Gerhartz និង​បុគ្គលិក​ ២ ​នាក់​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​អាកាស​នៃ​ទីបញ្ជាការ​អវកាស ដោយនិយាយ​ពី​ការផ្តល់​គ្រាប់​ដល់​អ៊ុយ​ក្រែ​ន​៕