​បណ្តា​អង្គការ​មនុស្សធម៌​អន្តរជាតិ​ធំៗ បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​សកម្មភាព​ផ្តល់ជំនួយ​មនុស្សធម៌​ជា​ស្បៀងអាហារ​លើកដំបូង​បំផុត​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប (Gaza Strip)​​ ដោយ​ហែកហួរ​ដោយសារ​សង្គ្រាម ដោយ​ប្រើ​យន្តហោះ​ទម្លាក់​ពីលើ​អាកាស​យ៉ាង​អនាធិបតេយ្យ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នា​យប់​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ ​២០២៤​ នេះ​។​

​សារព័ត៌មាន​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​សម្រេច​ផែនការ​របស់ខ្លួន​ដោយ​ជោគជ័យ​លើ​ការផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​លើកដំបូង​រប​ស់​ខ្លួន​ទៅ​តំបន់​ហ្គា​ហ្សា​។ បញ្ជាការ​កណ្តាល​របស់​សហរដ្ឋអាមេរិក ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ C-130s ចំនួន​ ២២​ គ្រឿង​បាន​ទម្លាក់​អាហារ​ចំនួន​ ៦៦​ កញ្ចប់ នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នៃ​តំបន់​ហ្គា​ហ្សា​បាន​ដោយ​ជោគជ័យ​។​

​លោក Richard Gowan នាយក​អង្គការ ICG នៃ​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម ​(X) ថា​៖«​ការផ្តល់​ជំនួយ​ជា​លើកដំបូង​បំផុត​ពី​សំណាក់​សហរដ្ឋ​អាមេរិក​ទៅ​តំបន់​ហ្គា​ហ្សា​ដែលមាន​កញ្ចប់​អាហារ​បាន​ធ្លាក់​ពីលើ​អាកាស​នេះ​គឺ​យើង​អាច​ថតរូប​បាន​យ៉ាង​ស្អាត​ណាស់​ពី​សកម្មភាព​មួយ​នេះ ក៏ប៉ុន្តែ​វា​ជាការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​មួយ​ដ៏​អាក្រក់​មើល​ណាស់​សម្រាប់​ខ្ញុំ​»​។​


​លោក Scott Paul ដែលជា​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ Oxfam's ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖«​ជំនួយ​មនុស្សធម៌​ដែល​សហរដ្ឋអាមេរិក​ទ​ម្លា​ក់​ចុះ​ពីលើ​មេឃ​យ៉ាង​អនាធិបតេយ្យ​នេះ​វា​គ្រាន់តែ​ជាការ​បន្ធូរបន្ថយ​មន​សិ​ការខុសឆ្គង​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ប៉ុណ្ណោះ ក៏ប៉ុន្តែ​អ្វីដែល​ត្រូវធ្វើ​នោះ​គឺ​ការកាត់បន្ថយ​ជំនួយ​យោធា​ដល់​អ៊ី​ស្រា​អែល និង​ជំរុញឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​»​។​

​ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅកាន់​តំបន់​ហ្គា​ហ្សា​នេះ​ត្រូវបាន​ប្រទេស​ផ្សេងទៀត រួមមាន អង់គ្លេស បារាំង អេ​ហ្ស៊ី​ប និង​ហ្ស៊​ក​ដា​នី ធ្លាប់​បានធ្វើ​រួចហើយ​សម្រាប់​ការទម្លាក់​កញ្ចប់​ជំនួយ ប៉ុន្តែ​នេះ​គឺជា​លើក​ទី​ ១ ​ហើយ​សម្រាប់​សហរដ្ឋអាមេរិក​។ សម្រាប់​ការផ្តល់​ជំនួយ​មនុស្សធម៌​ដែល​កញ្ចប់​អាហារ​បាន​ធ្លាក់​ពីលើ​មេឃ​យ៉ាង​អនាធិបតេយ្យ​នេះ លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បានលើកឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​ ២ ខែមីនា ឆ្នាំ​ ២០២៤ ថា ការផ្តល់​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទាំង​នេះ​ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​តំបន់​ហ្គា​ហ្សា ហើយ​នេះ​ជាការ​ធ្វើ​ទង្វើ​មនុស្សធម៌​របស់​សហរ​ដ្ឋ​អាមេរិក​ទៅដល់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​


​ក្រសួងសុខាភិបាល​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហា​ម៉ាស់ បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃ​​សុក្រ ទី​ ១ ខែមីនា ឆ្នាំ​ ២០២៤​ នេះ​ថា ចំនួន​អ្នកស្លាប់​របស់​ប៉ា​ឡេ​ស្ទី​ន​ នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បាន​កើន​ឡើងដល់ ៣០ ២២៨​ នាក់ បន្ទាប់ពី​កងទ័ព​អ៊ីស្រា​អែល​ បានសម្លាប់​មនុស្ស​​ ១៩៣ ​នាក់​ទៀត ក្នុង​រយៈពេល ២៤ ម៉ោង​ក្នុង​ថ្ងៃនោះ​។​

​បើទោះបីជា​អន្តរជាតិ ក៏ដូចជា​សហរដ្ឋ​អាមេរិក ​ដែល​គេ​ដឹងថា​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អ៊ី​ស្រា​អែល ហើយ​ជា​ភាគី​ដែល​ផ្តល់ជំនួយ​យោធា​ធំ​បំផុត​សម្រាប់​ប្រតិបត្តិ​ការវាយប្រហារ​ទៅលើ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​អ៊ីស្រា​អែល គិតគូរ​ពីបទ​ឈប់​បាញ់​យ៉ាង​ណាក៏ដោយ ក៏​នាយករដ្ឋមន្ត្រីអ៊ី​ស្រា​អែល លោក Benjamin Netanyahu បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​​ ១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រតិបត្តិការ​យោធា​របស់​អ៊ី​ស្រា​អែល នឹង​បន្ត​រហូតដល់​សម្រេចបាន​ជ័យជម្នះ​ពេញលេញ​។​

​សង្គ្រាម​អ៊ី​ស្រា​អែល​-​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី​​ ៧ ខែតុលា ឆ្នាំ​ ២០២៣ ជា​ពេលដែល​កងកម្លាំង​ហា​ម៉ា​ស់បាន​វាយឆ្មក់​មុន​ចូល​ទឹកដី​អ៊ី​ស្រា​អែល​៕