ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍​នា​ថ្ងៃ​ចន្ទ​ទី៤ខែមីនា​នេះ ​អូស្ត្រាលី​បានបញ្ជាក់​​ថា​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​និង​តំបន់​អាស៊ីអាគ្នេយ៍​កំពុងតែ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​លើ​ផ្នែក​សន្តិសុខ​នៅតាម​ច្រក​សមុទ្រ​ចិន​ខាងត្បូង។

ដូចនេះ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​បន្ថែម​កញ្ចប់​ថវិកា​សម្រាប់​ការពារ​សន្តិសុខ​ដែនសមុទ្រ​របស់​ពួកគេ។

រដ្ឋមន្ត្រីការបរទេស​របស់​អូស្ត្រាលី លោកស្រី Penny Wong បាន​និយាយថា​អូស្ត្រាលី​នឹង​​ផ្តល់​មូលនិធិ​មាន​​ទឹកប្រាក់ ៦៤ លាន​ដុល្លារ​អូស្ត្រាលី (៤១,៨ លាន​ដុល្លារ) ក្នុង​រយៈពេល៤ឆ្នាំ​បូករួម​ទាំង​មូលនិធិ​ថ្មី​ចំនួន ៤០ លាន​ដុល្លារ​អូស្ត្រាលី​ ដែល​នឹង​រួមចំណែក​ដល់​សន្តិសុខ​និង​វិបុលភាព​ក្នុង​តំបន់​​ស្របតាម​អាទិភាព​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។


លោកស្រី​បាន​មានប្រសាសន៍ថា៖«ពួកយើង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​អសន្តិសុខ​ទាំង​ផ្លូវទឹក​និង​ផ្លូវអាកាស​ហើយ​ដែល​បញ្ហា​ទាំងនេះ​បាន​បង្ក​ការប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​តាមផ្លូវ​សមុទ្រ​ចិន​ខាងត្បូង»។

​លោកស្រី​ បន្ថែម​ថា៖​«បញ្ហា​ដែល​កើតឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​អនុតំបន់​មេគង្គ​ឬ​នៅ​ទូទាំង​ប៉ាស៊ីហ្វិក​ទាំងមូល​នឹង​ប៉ះពាល់​ដល់​យើងទាំងអស់គ្នា​តែម្ដង»។


ប្រទេស​ចិន​បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នូវ​ដែនសមុទ្រ​ចិន​ខាងត្បូង​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ជាប់​ជាមួយ​ប្រទេស​ហ្វីលីពីន​វៀតណាម​ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី​និង​ប្រ៊ុយណេ។ច្រក​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​ជា​ច្រក​ដឹកជញ្ជូន​ដ៏​សំខាន់​ដោយ​ទំហំ​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំមាន​ទៅដល់​ជាង៣ពាន់​ពាន់​លាន​ដុល្លារ។

ប៉ុន្តែ​យ៉ាងណា​តុលាការ​កណ្ដាល​អចិន្ត្រៃយ៍​ធ្លាប់បាន​និយាយ​កាលពី​ឆ្នាំ២០១៦ថា​ការទាមទារ​របស់​ចិន​មិនមាន​មូលដ្ឋាន​ផ្លូវច្បាប់​ច្បាស់លាស់​ទេ​ពោលគឺ​ចិន​សំអាង​តែ​ទៅលើ​ផែនទី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​តែប៉ុណ្ណោះ។

ជាមួយគ្នា​នោះ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Enrique Manalo បាន​និយាយថា​សមុទ្រ​ចិន​ខាងត្បូង​មាន​សារៈសំខាន់​និង​ជា​យុទ្ធសាស្ត្រ​ដែល​រក្សា​អនាគត​រួមគ្នា​ដ៏​ត្រចះត្រចង់​មួយ។

លោក Enrique Manalo បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់ខ្លួន​ទៀតថា៖«អនាគត​បែបនេះ​អាច​កើតមានឡើង​លុះត្រាតែ​ប្រទេស​ក្នុង​តំបន់​មានការ​សហការគ្នា​បានល្អ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​ការទូត​ឬ​ការប្រើប្រាស់​កម្លាំង​ជាដើម»។

ហ្វីលីពីន​បច្ចុប្បន្ន​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​នៅលើ​ច្រក​សមុទ្រ​ចិត្ត​ខាងត្បូង​ហើយ​តំបន់​នោះ​ក៏បាន​ក្លាយទៅជា​ចំណុចក្ដៅ​រវាង​កងទ័ព​ជើង​ទឹក​ចិន​និង​កងទ័ពជើងទឹក​អាមេរិក​ផងដែរ។

លោក​ Manalo បាន​និយាយទៀតថា​ប្រជាជាតិ​នានា​នៅក្នុង​តំបន់​ត្រូវតែ​ក្រោកឈរឡើង​យ៉ាងរឹងមាំ​ដើម្បី​រួមគ្នា​ប្រឈម​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍។

​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំមុន​បាន​និយាយថា​ខ្លួន​នឹងធ្វើ​ការ​ល្បាត​រួមគ្នា​បន្ថែមទៀត​ជាមួយ​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ដោយឡែក​អូស្ត្រាលី​ពេលនេះ​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មួយ​ចាប់ពី​ថ្ងៃទី៤ដល់​ថ្ងៃទី៦ដើម្បី​ប្រារព្ធ​ខួប៥០ឆ្នាំ​ដែល​អូស្ត្រាលី​ក្លាយជា​ដៃគូ​ក្រៅ​តំបន់​ដំបូង​របស់​អាស៊ាន៕