នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថា​វី​ស៊ីន (SretthaThavisin)​ នៅ​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បាន​លើកឡើងថា កាលពី​សប្តាហ៍​មុន ប្រទេស​ថៃ​បាន​ជួយ​សម្រួល​ដល់​ការបញ្ជូន​ជនជាតិ​ចិន​​ចំនួន​៩០០នាក់​​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ដោយ​ពួកគេ​ជា​ជនរងគ្រោះ​ដែល​បាន​ជាប់ឃុំ​នៅក្នុង​អគារ​ប្រើ​សម្រាប់​ការ​ឆបោក ស្ថិតនៅ​ទីក្រុង​តូច​មួយ​ក្បែរ​ព្រំដែន​មី​យ៉ាន់​ម៉ា។

យោងតាម​អង្គការសហប្រជាជាតិ តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​នោះ គឺជា​មជ្ឈមណ្ឌល​​ប្រមូលផ្ដុំ​ទៅដោយ​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការ​ក្លែងបន្លំ​តាម​អ៊ីនធឺណិត។

ក្រុម​ឧក្រិដ្ឋជន​បាន​បញ្ជូន​មនុស្ស​រាប់សែន​នាក់ ហើយ​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​ឆបោក និង​ប្រតិបត្តិ​ការខុសច្បាប់ផ្សេងៗទៀត។


ក្រុមប៉ូលិស​ថៃ​បានចាប់ផ្ដើម​បើក​ប្រតិបត្តិ​ការជួយ​សម្រួល​ក្នុងការ​បញ្ជូន​ជនជាតិ​ចិន​ទៅ​ប្រទេស​ចិន​វិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បិទ​បញ្ចប់​ប្រតិបត្តិការ​នៅ​ថ្ងៃ​សៅរ៍។

ថៃ​បាន​ដឹក​ជនជាតិ​ចិន​ពី​ទីក្រុង​មី​យ៉ាវ៉ាដ​ឌី (Myawaddy) ព្រំដែន​មី​យ៉ាន់​ម៉ា ទៅ​ព្រលានយន្តហោះ​ក្នុងស្រុក​ម៉ែ​សូត(Mae Sot) ព្រំដែន​ថៃ ជា​កន្លែង​ដែល​ពួកគេ​បាន​ឡើង​យន្តហោះ​ចិន​ត្រលប់​ទៅ​ស្រុក។


លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា បាន​ថ្លែងថា៖«ប្រតិបត្តិការ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដោយ​ស្ម័គ្រចិត្ត​រួមគ្នា រវាង​ប្រទេស​ចិន មី​យ៉ាន់​ម៉ា និង​ថៃ»។ លោក​បានបញ្ជាក់​បន្ថែម​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ដោយ​ផ្អែកទៅលើ​គោលការណ៍​មនុស្សធម៌ និង​មិនមាន​ការបង្ខិតបង្ខំ​ឡើយ។

ស្នងការរង​ប៉ូលិស​ថៃ លោក ស៊ូ​រ៉ា​ឆែ ហាក​ផាន (SurachaeHakparn)បាន​និយាយថា ប្រតិបត្តិការ​នេះ​ត្រូវការ​ជើងហោះហើរ​ចំនួន ១៥ ជើង និង​ប្រើ​រយៈពេល​បី​ថ្ងៃ ទើប​អាច​បញ្ជូន​ជនរងគ្រោះ​ជនជាតិ​ចិន​ទាំងនោះ​ត្រលប់​ទៅ​ប្រទេស​ចិន​វិញ​ទាំងអស់។

យ៉ាងណាមិញ ក្រសួងការបរទេស​ចិន និង​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា មិនបាន​ឆ្លើយតប​នឹង​សំណើសុំ​ការអត្ថាធិប្បាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រ (Reuters) នោះទេ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បានធ្វើ​បត្យាប័ន​ជនសង្ស័យ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ចំនួន ៣១០០០ នាក់​ទៅកាន់​ប្រទេស​ចិន។ការធ្វើ​បត្យាប័ន​នេះ​គឺជា​ផ្នែក​មួយ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបោកប្រាស់​តាម​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា។

លើសពីនេះ​ទៀត ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​ក៏​ធ្លាប់បាន​ជួយ​បញ្ជូន​ជនជាតិ​ថៃ​ជាង ២០០នាក់​ទៅកាន់​ប្រទេស​ថៃ​វិញ​ផងដែរ ​ក្នុងនោះ​មាន​ទាំង​ជនរងគ្រោះ និង​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម​ចោរលួច​បន្លំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍។

ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នៅ​អំឡុង​ពេលដែល​ជម្លោះ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ជនជាតិភាគតិច​ប្រដាប់អាវុធ​នៅ​ឡៅ​កាំ​ង (Laukkaing) ស្ថិតក្នុង​រដ្ឋ​សាន (Shan) ភាគ​ខាងជើង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា៕