រដ្ឋាភិបាល​ចិន​​នា​ថ្ងៃ​ចន្ទ​នេះ​ បាន​ប្រកាស​លុប​ចោល​នូវ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រ​ចាំ​ឆ្នាំ​​របស់​នា​យ​ក​រដ្ឋ​មន្ត្រី​ ​ដែល​​តាមទម្លាប់​តែង​ធ្វើ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​។ នេះ​បើ​តាម​កា​ររាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។ 

ជា​ទូទៅ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​​មក​ នាយក​រដ្ឋ​មន្ត្រី​​ចិន​តែង​​ជួប​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ក្រោយ​កិច្ច​​​ប្រជុំ​ប្រ​ចាំ​ឆ្នាំ​នៃ​សភា​ប្រជាជនជាតិ​ (NPC) ​ហើយ​​ឆ្លើយ​​សំណួរ​របស់​​​អ្នក​​សារព័ត៌មានជាតិ​ និង​អន្តរជាតិ​​​ ដែល​ជា​ធ​ម្មតា​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា​ជា​ឱកាស​ដ៏​កម្រ ​សម្រាប់​អ្នក​កាសែត​ចោទ​សួរ​ថ្នាក់​ដឹង​នាំ​ជាន់​ខ្ពស់​ជាមួយ​នឹ​ង​សំណួរ​គ្រប់​ប្រធាន​បទ​។ ​​ ​ 

​អ្នក​នាំ​ពាក្យ NPC លោក​ Lou Qinjian​​​ បាន​​និយាយ​នៅ​មុន​ថ្ងៃ​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ចិន លី ឈាង​ (Li Qiang)​ នឹង​មិន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ដែល​​ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​សប្តាហ៍​ ​តាម​​ទម្លាប់​នោះ​ទេ​​។


សាស្ត្រាចារ្យ​រង​នៅ​សកលវិទ្យាល័យ​ជាតិ​​សិង្ហបុរី​ លោក​​​ Alfred Wu ​​បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​ហាក់​ដូច​ជា​ស្រប​ទៅ​នឹង​ការ​ថយ​ចុះ​នៃ​អំណាច​របស់​នាយក​រដ្ឋ​មន្ត្រី​ចិន​ ​​ខណៈ​​បក្ស​កុម្មុយនិស្ត​ និង​មេ​ដឹក​នាំ​ចិន លោក​ ស៊ី​ ជីន​ពីង​  ​គ្រប់​គ្រង​ជា​ស្នូល​​លើ​កិច្ច​ការ​របស់​ប្រទេស​។

AP ស្រង់​សម្ដី​លោក​ Alfred ដែល​ថ្លែង​យ៉ាងដូច្នេះ​​​ថា​​​៖​ «​​ដោយសារ​​រចនា​សម្ព័ន្ធ​​ឥឡូវ​​​គឺ​គណបក្ស​​ដឹក​មុខ​​​ ហើយ​​នាយក​​រដ្ឋ​មន្ត្រី​​​​ដូច​​​ជា​​អ្នក​​អនុវត្ត​​បទ​បញ្ជា​​របស់​​បក្ស​ ដូច្នេះវា​​លែង​សំខាន់​ទៀត​ហើយ​​។ ​នោះ​ជា​សារ​សំខាន់»។ 


យ៉ាង​ណា​មិញ​ លោក Lou ការ​លុប​ចោល​​សន្និសីទសារព័ត៌មាន​​ប្រចាំ​ឆ្នាំ​របស់​នាយករដ្ឋ​មន្រ្តី​​ ធ្វើ​ឡើង​ដោ​យ​សារ​តែ​មាន​សេចក្តី​សង្ខេប​ព័ត៌មាន​បន្ថែម​ទៀត​​ពី​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​ដែល​មន្ត្រី​គណៈ​រដ្ឋ​មន្ត្រី​ជាន់​ខ្ពស់​នឹង​និយាយ​អំពី​បញ្ហា​ការ​ទូត​ សេដ្ឋកិច្ច ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​ ​

កិច្ច​ប្រជុំ​សភា​ចិន​​នឹង​បើក​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ហើយ​វា​នឹង​​មាន​ការ​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ចំ​ពោះ​ការ​បង្ហា​ញ​​​ជំហាន​ណាមួយ​ដែល​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការ​លំបាក​។​

លោក​នាយករដ្ឋមន្រ្តី​ លី​ ​នឹង​បង្ហាញ​របាយការណ៍​ប្រចាំ​ឆ្នាំ​នៅ​ឯការ​បើក​កិច្ច​ប្រជុំ​ដដែល​ ដោយ​​រំពឹង​ថា​នឹង​រួម​បញ្ចូល​គោលដៅ​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​ ២០២៤​។  ​

អ្នក​នាំ​ពាក្យ NPC លោក​ Lou ដដែល​ បាន​និយាយ​ថា​ ​កិច្ច​ប្រជុំ​នឹង​បង្កើន​ឱកាស​សម្រាប់​អ្នក​សារព័ត៌​មា​ន​ដើម្បី​សួរ​សំណួរ​​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី​ដទៃ​ទៀត​ ក៏​ដូច​ជា​​ប្រតិភូ​ជិត​ ៣ ០០០ នាក់​ទៅ​កាន់​សមាជ។​

​​លោក​​បា​ន​​ថ្លែង​​ដោយ​​មិន​​មាន​​ការ​​ពន្យល់​​បន្ថែម​​ថា​​​៖ ​«​​ប្រសិន​​បើ​​មិន​​មាន​​កាលៈ​ទេសៈ​​ពិសេស​​ទេ​ សន្និសីទ​​សារព័ត៌មាន​​របស់​​នាយក​​រដ្ឋ​មន្ត្រី​ ​នឹង​ត្រូវ​លុប​ចោល​​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ខាង​​មុខ​​​ទៀត​»៕​