​​ថ្នាក់​ដឹកនាំ​​វិមាន​ក្រឹមឡាំង​របស់​រុស្ស៊ី​​​កំពុង​​​ចអង្អុល​ត្រង់ៗ​ទៅ​កាន់​​អធិការ​បតី​អាល្លឺម៉ង់​​ អំពី​អំណាច​គ្រប់​គ្រង​ក្នុង​ប្រទេស​របស់​លោក បន្ទាប់​​សារសំឡេង​​បែក​ធ្លាយ​​​របស់​មន្ត្រី​យោធា​​អាល្លឺម៉ង់​ដែល​​ផ្តល់​យុទ្ធ​សាស្រ្ត​​​ដល់​យោធា​អ៊ុយក្រែន​ក្នុងការ​វា​យផ្តាច់ស្ពាន​​តភ្ជាប់​ទៅតំបន់គ្រីមាដោយ​ប្រើប្រាស់មីស៊ីល​​របស់​អាល្លឺម៉ង់។ 

តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ វិមាន​ក្រឹម​ឡាំង​​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ការ​កត់ត្រា​ការពិភាក្សា​យោធា​អាល្លឺម៉ង់​បាន​បង្ហាញថា​កងកម្លាំង​ប្រដាប់អាវុធ​របស់​អា​ល្លឺ​ម៉​ង់​កំពុង​ពិភាក្សា​អំពី​ផែន​ការបើក​ការវាយប្រហារ​លើទឹក​ដី​រុស្ស៊ី ហើយ​បាន​ចោទសួរ​ថា​តើ​អធិការបតី Olaf Scholz គ្រប់គ្រង​ស្ថានការណ៍​ដែរឬទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​បានចេញ​ផ្សាយ​ខ្សែអាត់​សំឡេង​​ និង​ជា​​អ្វីដែល​ពួកគេ​បាន​និយាយថា​គឺជា​កិច្ចប្រជុំ​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​អាល្លឺម៉ង់​ដែល​ពិភាក្សា​អំពី​​ការ​ផ្តល់អាវុធ​​​ដល់​​អ៊ុយ​ក្រែ​ន និង​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​ដោយ​ទីក្រុង កៀវ​នៅលើ​ស្ពាន​មួយ​នៅឧបទ្វីប​គ្រីមា ដែល​រុស្ស៊ី​​ក្រសោប​យក​តាំងពីឆ្នាំ​​២០១៤។ 


សំឡេង​ខ្សែ​អាត់​ដែល​មានរយៈពេល​៣៨​នាទី​​នោះ​បាន​ធ្វើ​ឱ្យ​បញ្ហា​សន្តិសុខ​​យោធា​​ត្រូវ​បាន​ចោទ​សួរ​ក្នុង​ចំណោម​​យោធា​​លោក​ខាងលិច​ ហើយ​​​​ជំរុញ​ឱ្យ​មន្ត្រី​រុស្ស៊ី​ទាមទារ​ឱ្យមាន​ការពន្យល់។

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាន​និយាយថា៖​«សំឡេង​ខ្សែអាត់​ដែល​បាន​ថត​នោះ​ និយាយ​ដោយ​ខ្លួន​ឯងថា ​អាល្លឺម៉ង់​ផែន​ការវាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី​​កំពុង​ត្រូវបាន​ពិភាក្សា​យ៉ាងច្បាស់​លាស់ និង​ជាក់ស្តែង។ នេះ​មិន​តម្រូវឱ្យមាន​ការបកស្រាយ​ផ្លូវច្បាប់​ណាមួយ​ឡើយ។ អ្វី​គ្រប់យ៉ាង​នៅទីនេះ​គឺ​ជាក់ស្តែង​ជាង»។


អាល្លឺម៉ង់​និយាយថា ខ្លួន​កំពុង​ស៊ើបអង្កេត​ការថត​សំឡេង។ រុស្ស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ដើម្បី​ទាមទារ​ការពន្យល់។

​រ៉យទ័រ​ដកស្រង់​សម្តី​លោក ប៉េស្កូវ ដូច​បាន​និយាយថា៖​«នៅទីនេះ​យើង​ត្រូវ​ស្វែងយល់ថា​តើ អាល្លឺម៉ង់​ កំពុង​ធ្វើ​នេះ​តាម​គំនិត​ផ្តួចផ្តើម​របស់ខ្លួន​ឬ​អត់។ បន្ទាប់មក​សំណួរ​គឺថា​តើ ​អាល្លឺម៉ង់​អាច​គ្រប់គ្រង​បាន​ប៉ុណ្ណា ហើយ​តើ Scholz គ្រប់គ្រង​ស្ថានការណ៍​បាន​ប៉ុន្មាន? ឬ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​អាល្លឺម៉ង់?»។