រដ្ឋ​មន្ត្រី​​ក្រសួង​ដឹក​ជញ្ជូន​ម៉ាឡេស៊ី​បាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ប្រទេស​ម៉ាឡេស៊ី​​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ស្វែង​រក​​យន្តហោះ​ MH370 ​​ដែល​បាត់​ខ្លួន​កាល​ពី​ ១០ ឆ្នាំ​មុន​សាជា​ថ្មី​​។ នេះ​បើ​តាម​ការ​រាយកា​រណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

លោក​រដ្ឋ​មន្រ្តី​ Anthony Loke​ បាន​និយាយ​ថា​ ម៉ាឡេស៊ី​​​បាន​អញ្ជើញ​ក្រុមហ៊ុន​​រុក​រក​បាត​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​ Ocean Infinity ​​ឱ្យ​ពិភាក្សា​អំពី​សំណើ​ស្វែង​រកយន្តហោះ​​លើក​នេះ​ ក្រោយ​បរាជ័យ ​២ ​ដង​រួច​មក​។

លោក​ Loke​បាន​និយាយ​​ក្នុង​ព្រឹត្តិការណ៍​រំឭក​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​​៖ «​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ប្តេជ្ញា​ក្នុង​ការ​ស្វែង​រក​ (យន្តហោះ​ MH370​)​ ហើយ​ការ​ស្វែង​រក​ត្រូវ​តែ​បន្ត​»​។​


ជើង​ហោះ​ហើរ​​ MH370 ​ដែល​ជា​យន្តហោះ​ Boeing 777 ​ដឹក​អ្នក​ដំណើរ​ ២២៧​ នាក់​ និ​ង​​​បុគ្គលិក​លើ​យន្តហោះ​ ១២ នាក់​ បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី ៨ មីនា​ ឆ្នាំ​ ២០១៤​ ពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូឡា​ឡាំពួរ​ ទៅ​ទី​ក្រុង​ប៉េកាំង​។ 

ដំបូង​ឡើយ​ ក្រុម​អ្នក​ស៊ើប​អង្កេត​ម៉ាឡេស៊ី​ មិន​បាន​ច្រាន​ចោល​នូវ​លទ្ធភា​ព​ដែល​ថា​ យន្តហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​នេះ​បាន​ធ្លាក់​នោះ​ទេ​ ខណៈ​គេ​​បាន​រក​ឃើញ​​បំណែក​យន្តហោះ​នៅ​លើ​ឆ្នេរ​នៃ​ទ្វី​ប​​អាហ្វ្រិក​ និង​លើ​កោះ​នានា​ក្នុង​​មហាសមុទ្រ​។


ក្នុង​ឆ្នាំ​ ២០១៨​ ម៉ាឡេស៊ី​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន ​Ocean Infinity​ ដើម្បី​ស្វែង​រកយន្តហោះបាត់​ខ្លួ​ន​ដដែលក្នុង​​​មហា​សមុទ្រ​ឥណ្ឌា​ភាគ​ខាង​ត្បូង​ ដោយ​​សន្យា​ផ្តល់​ប្រាក់​ដល់​ទៅ ​៧០​ លាន​ដុល្លារ​ ប្រសិន​បើ​រក​ឃើញ​​។​ មុន​នោះ​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៧​ ​ម៉ាឡេស៊ី ​ចិន ​និង​អូស្ត្រាលី​​ បាន​បញ្ចប់​ការ​រុក​រក​ក្រោម​ទឹក​ ដែល​ប្រើ​ទឹក​ប្រាក់​ជាង​ ១៣០ លាន​ដុល្លារ​ ប៉ុន្តែ​មិន​សម្រេច​បាន​ផ្លែ​ផ្កាឡើយ​។ 

ជា​ថ្មី​ម្ដង​ទៀត​ លោក​ Loke​ បាន​និយាយ​ថា​ ប្រទេស​ម៉ាឡេស៊ី​នឹង​ពិភាក្សា​ជាមួយ​ប្រទេស​អូស្ត្រាលី​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បន្ត​ការ​ស្វែង​រក​ នៅ​ពេល​ដែល​សំណើ​របស់​ Ocean Infinity ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី​​ម៉ាឡេស៊ី​៕