​ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ក្រុម​ហា​ម៉ាស់ និង​អ៊ីស្រា​អែល មិន បានកើត​ឡើង​នៅ​ទីក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ី​ប​ទេ  ​ទោះបី ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូ បៃ​ដិ​ន កាលពី​សប្តាហ៍​មុន បាន​អះអាងថា បទ​ឈប់​បាញ់​នឹង​ចូល​ជាធរ​មាននៅ​ដើម​សប្តាហ៍​នេះ​ក៏ដោយ​។​

​ការបរាជ័យ​ក្នុង​ការចរចា​នាពេលនេះ ដោយសារតែ​ភាគី​អ៊ីស្រា​អែល​មិនបាន​បញ្ជូន​ប្រតិភូ​ចរចា​ទៅ​ឡើយ ព្រោះតែ​ភាគី​ហា​ម៉ាស់​មិនបាន​ឆ្លើយតប​ឱ្យបាន​ជាក់លាក់​លើ​ការ​ទាមទារ​របស់​ភាគី​អ៊ី​ស្រា​អែល​។​

​សេចក្តីរាយការណ៍​ជា​បន្តបន្ទាប់​បង្ហាញថា ភាគី​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​ចង់បាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នេះ​ឱ្យបាន​ឆាប់​បំផុត​នៅមុន​ថ្ងៃបុណ្យ​សាសនា​អ៊ិ​ស្លាម ហៅថា «​រ៉ា​ម៉ា​ដាន​» ដែល​នឹង​មកដល់​នៅ ថ្ងៃទី ​១០ ខែមីនា ខាងមុខនេះ​។​


​តាម​សេចក្តីរាយការណ៍​របស់ Aljazeera ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាតា ដោយ​ដកស្រង់​បន្ត​ពី​សារព័ត៌​មានអ៊ីស្រា​អែល Ynet បាន​ស្រង់​សម្តី​មន្ត្រី​អ៊ី​ស្រា​អែល​ដែល​មិន​ផ្តល់​អត្តសញ្ញាណ ដែល​និយាយថា អ៊ី​ស្រា​អែល​មិន​ទៅ​ចូលរួម​ចរចា​ទេ​។​

​សេចក្តីរាយការណ៍​នោះ​លើកឡើងថា​៖«​មិនមាន​គណៈប្រតិភូ​អ៊ី​ស្រា​អែល​មកដល់​ទីក្រុង​គែរ​ទេ​។ ក្រុម​ហា​ម៉ាស់ បដិសេធ ដើម្បី​ផ្តល់​ចម្លើយ​ច្បាស់លាស់ ព្រោះ​ហេតុ​ដូច្នោះ គ្មាន​ហេតុផល​ដើម្បី​បញ្ជូន​គណៈប្រតិភូ​អ៊ី​ស្រា​អែល​ទេ​»​។​


​កាលពី​សប្តាហ៍​មុន ខណៈ​មានការ​រំពឹង​ខ្ពស់​លើ​ការចរចា ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន បាន​ព្រលយ​ពី​លទ្ធភាព​ទទួលបាន​បទ​ឈប់​បាញ់​ថ្មី​ជា​លើក​ទី ​២ ​ដែល​នឹង​ចូល​ជាធរ​មាននៅ​ដើម​សប្តាហ៍​នេះ​។​

​ខណៈ​ការចរចា​ដែល​ត្រូវបាន​រំពឹងទុក​សម្រាប់​ថ្ងៃ​ចន្ទ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កា​ម៉ា​ឡា ហារី​ស (Kamala Harris)​ កាលពី​ថ្ងៃទី​ ៣​ ខែមីនា បានទាមទារ​ឱ្យ​ក្រុម​ហា​ម៉ាស់ ដែលជា​សកម្មប្រយុទ្ធ ប៉ា​ឡេ​ស្ទី​ន យល់ព្រម​លើ​បទ​ឈប់​បាញ់​រយៈពេល ៦ ​សប្តាហ៍​ជាបន្ទាន់​។​

​អនុ​ប្រធានាធិបតី​អាមេរិក​ក៏​ជំរុញ​ដល់​ភាគី​អ៊ី​ស្រា​អែល ​ឱ្យធ្វើ​បន្ថែមទៀត​ដើម្បី​ជំរុញ​ការបញ្ជូន​ជំនួយ​ទៅកាន់​តំបន់​ហ្គា​ហ្សា ជា​កន្លែង​មាន​ប្រជាជន​ស្លូតត្រង់​កំពុង​ទទួលរង «​មហន្តរាយ​មនុស្សធម៌​»​។​​បទ​ឈប់​បាញ់​ដែល​គ្រោង​ធ្វើ​នេះ​ផ្តោតលើ​ការដោះដូរ​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែល​និង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន និង​ការបង្កើន​សកម្ម​ភាព​ផ្តល់ជំនួយ​មនុស្សធម៌​៕