កសិករឥណ្ឌា គ្រោងនឹងដង្ហែទៅកាន់រដ្ឋធានីញូវដែលី នៅថ្ងៃពុធក្នុងសប្តាហ៍នេះ ដើម្បីជំរុញបន្ថែមទៀត នូវការទាមទារដើម្បីឱ្យតម្លៃដំណាំកើនឡើងបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនជុំមិនបានជោគជ័យ។ មេដឹកនាំសហជីពកសិករលោក Jagjit Singh Dallewal ដែលកំពុងស្វែងរកការធានាការគាំទ្រពីរដ្ឋឬតម្លៃទិញអប្បបរមា សម្រាប់កសិផលរបស់កសិករបានប្រាប់ក្រុមអ្នកយកព័ត៌មានថា នៅថ្ងៃទី ៦ ខែមីនា កសិករទូទាំងប្រទេសនឹងមកទីក្រុងដែលី ដោយរថភ្លើងរថយន្តក្រុង និងផ្លូវអាកាស។លោកថាកសិករក៏នឹងបិទផ្លូវរថភ្លើងនៅទូទាំងប្រទេសផងដែរនៅថ្ងៃទី ១០ ខែមីនា។
ការតវ៉ារបស់កសិករឥណ្ឌា បានចាប់ផ្តើមនៅដើមខែកុម្ភៈដោយកសិកររាប់រយនាក់នៅរដ្ឋ Punjab ផ្តើមធ្វើយុទ្ធនាការរបស់ពួកគេឆ្ពោះទៅកាន់ទីក្រុងដែលី។ ក្រុមបាតុករមិនបញ្ឈប់យុទ្ធនាការរបស់ខ្លួនឡើយបើទោះត្រូវបានរារាំងដោយប៉ូលិសនិងទាហានប៉ារ៉ាម្តងរួចមកហើយនៅ Shambhu ជាប់ព្រំដែនជាមួយរដ្ឋ Haryana ជិតខាងដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីរដ្ឋធានី។
រដ្ឋាភិបាលឥណ្ឌា កន្លងមកដែលបានប្រកាសគាំទ្រដើម្បីបង្កើនតម្លៃដំណាំជាង ២០ ប្រភេទក្នុង ១ ឆ្នាំក៏ប៉ុន្តែភ្នាក់ងាររដ្ឋទិញតែស្រូវនិងស្រូវសាលី ដែលវាផ្តល់ផលប្រយោជន៍ដល់កសិករតែ ៦ ភាគរយឬកសិករ ដែលដាំដំណាំ ២ ប្រភេទនេះប៉ុណ្ណោះ។
នៅឆ្នាំ ២០២១ នៅពេលដែលរដ្ឋបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi លុបចោលច្បាប់កសិកម្ម រដ្ឋាភិបាលបានបញ្ជាក់ថា ខ្លួននឹងបង្កើតក្រុមអ្នកដាំដុះនិងមន្ត្រីរដ្ឋាភិបាលដើម្បីស្វែងរកមធ្យោបាយធានាតម្លៃគាំទ្រសម្រាប់ផលិតផលកសិកម្មទាំងអស់។ក៏ប៉ុន្តែរហូតមកទល់ឆ្នាំ ២០២៤ ពុំមានសញ្ញាវិជ្ជមានណាមួយកើតមានឡើង ទើបការតវ៉ារបស់កសិករក៏ផ្តើមរីកធំឡើង៕