តំបន់​អឺរ៉ុប​ដែល​ជា​ប្លុក​ឈាន​មុខ​​គិត​គួរ​ពី​បញ្ហា​បរិស្ថាន​ ពេល​នេះ​សម្រេច​បាន​​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​នឹង​ហាម​ប្រាម​ការ​ប្រើប្រាស់​ថង់ប្លាស្ទិក​​ដែល​ប្រើ​ម្តង​រួច​បោះចោល (​single-use plastics) ដែល​មន្ត្រី​និយាយថា នេះ​ជា​វិវឌ្ឍន៍​ចុង​ក្រោយ​ដើម្បី​រួម​ចំណែក​ដល់​​គោល​នយោបាយ​បៃ​តង។​

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​ បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​បាន​និយាយ​ថា​ អ្នក​ចរចា​របស់​សហ​ភាព​អឺរ៉ុប​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ថ្ងៃទី ៤​ ខែ​មីនា ដើម្បី​ហាមឃាត់​ការប្រើប្រាស់​ប្លាស្ទិក​ដែល​ប្រើបានតែម្តង​រួចបោះចោល នៅក្នុង​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ចាប់ពី​ឆ្នាំ ២០៣០ ក្រោម​ច្បាប់​ថ្មី​ដើម្បី​កាត់​បន្ថយ​សំណល់​ប្លាស្ទិក​ដែល​កើត​ចេញ​ពី​ការ​វេច​ខ្ចប់​នៅ​ទូទាំង​តំបន់​អឺរ៉ុប។

ប្រទេស សមាជិក​អឺរ៉ុប​ទាំង​២៧​និង​សមាជិក​សភា​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​លើ​សេចក្តី​ព្រាង​អត្ថបទ​ច្បាប់​ដែល​កំណត់​គោលដៅ​នៃ​ការ​កាត់​ សំណល់​វេច​ខ្ចប់​ក្នុង​ប្លុក​អឺរ៉ុប​ចំនួន ​៥​ភាគរយ​នៅ​ឆ្នាំ២០៣០​បើ​ធៀប​នឹង​​បរិមាណ​សំណល់​នៅ​ក្នុង​ឆ្នាំ២០១៨។


គោល​បំណង​គឺ​ដើម្បី​កាត់​បន្ថយ​បរិមាណ​សំណល់​ឱ្យ​បាន ១០ភាគរយ​នៅ​ឆ្នាំ ២០៣៥ និង ១៥ភាគរយ​នៅ​ឆ្នាំ២០៤០។

អត្ថបទ​ច្បាប់​ដែល​បាន​ព្រាង​នោះ​​គឺជា​ធាតុ​សំខាន់​នៃ​គោលដៅ​បរិស្ថាន​របស់ អឺរ៉ុប​ ក្រោម​កិច្ចព្រមព្រៀង​បៃតង ដែលជា​សំណុំ​នៃ​ច្បាប់​សម្រាប់​ការជួយ​ប្លុក​អឺរ៉ុប​ឱ្យ​សម្រេច​បាន​​គោលដៅ​អាកាសធាតុ​របស់​ខ្លួន។


រដ្ឋាភិបាល​នៃ​ប្រទេស​បែលហ្ស៊ិក ដែល​កាន់តំណែង​ជា​ប្រធាន​សហភាព​អឺរ៉ុប​វិលជុំ ​បាន​និយាយ​នៅ​លើ បណ្តាញ​សង្គម X.ថា៖«បញ្ញត្តិ​នេះ​មាន​​បំណង​កាត់​បន្ថយ​កាកសំណល់​​បណ្តាល​មក​ពី​ការ​វេចខ្ចប់​ ធ្វើ​ឱ្យ​មាន​និរន្តរភាព ​ខណៈដែល​ធានា​​ស្តង់​ដា​គ្រប់គ្រង​សំណល់​​កម្រិត​ខ្ពស់​បំផុត»។​

ប្លា​ស្ទិក​ក្នុង​ការ​ផ្តល់​សេវាកម្ម​ម្ហូប​អាហារ​ចល័ត​​គឺជា​បេះដូង​នៃ​ការ​ចរចា​ដ៏​ល្វីង​ជូរ​ចត់ បន្ទាប់ពី​មានការ​បញ្ចុះ​បញ្ចូល​យ៉ាងខ្លាំង​ក្លា​ដោយ​ក្រុមហ៊ុន​អាហារ​រហ័ស ​និង​ឧស្សាហកម្ម​ក្រដាស ​ដែល​បាន​និយាយ​ថា​ការ​វេច​ខ្ចប់​ក្រដាស​កាតុង​ធ្វើ​កេស​អាច​កែច្នៃ​ឡើង​វិញ​បាន ​ឬ​ពី​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្តរភាព គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាង​ប្លា​ស្ទិ​កទេ។

ការហាម​ប្រាម​ការ​វេច​ខ្ចប់​ប្លា​ស្ទិ​ក​ប្រើតែ​១ដង រួច​ចោល​ពី​ឆ្នាំ ២០៣០​ក៏​នឹង​អនុវត្ត​ផង​ដែរ​ចំពោះ​ការ​វេចខ្ចប់ ផ្លែ​ឈើ ​និង​បន្លែ​ស្រស់​ដែល​មិន​ទាន់​កែច្នៃ ​ផ្នែក​ផលិត​ផល​ដោយឡែកៗ​ ដូចជា​គ្រឿង​ទេស ​និង​ស្ករ ក៏ដូចជា​សម្ភារប្រើប្រាស់​ក្នុង​បន្ទប់​ទឹក​ខ្នាត​តូច និង​ថង់​រួញ​សម្រាប់​វ៉ា​លីស​ក្នុង​អាកាសយានដ្ឋាន​ផងដែរ។

ថង់​ប្លា​ស្ទិក​ទម្ងន់​ស្រាល​បំផុត​ក៏​នឹងត្រូវ​ហាមឃាត់​ផងដែរ​ ដោយ​មាន​ករណី​លើក​លែង​មួយ​ចំនួន។

លោកស្រី ​Frederique Ries សមាជិក​សភា​សហភាព​អឺរ៉ុប​របស់​ប្រទេស​បែល​ហ្ស៊ិក​ដែល​បាន​ជំរុញ​អត្ថបទ​ច្បាប់​នោះ តាមរយៈ​សភា​បាន​និយាយថា «ជា​លើកដំបូង​នៅ​ក្នុង​ច្បាប់​បរិស្ថាន​ សហភាព​អឺរ៉ុប​កំពុង​កំណត់​គោលដៅ​កាត់​បន្ថយ​ការ​ប្រើប្រាស់​វេច​ខ្ចប់​ដោយ​មិន​គិត​ពី​សម្ភារប្រើប្រាស់»។

លោកស្រី​បាន​និយាយ​ថា៖‌«យើង​អំពាវនាវ​ឱ្យ​គ្រប់​វិស័យ​ឧស្សាហ​កម្ម បណ្តា​ប្រទេស​សហភាព​អឺរ៉ុប និង​អ្នក​ប្រើប្រាស់​ចូលរួម​របស់​ពួកគេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វេច​ខ្ចប់​ដែល​លើស»៕​