ប្រធាន​អង្គការសិទ្ធិមនុស្ស​រប​ស់​អង្គការសហប្រជាជាតិ​លោក Volker Turk កាលពី​ថ្ងៃទី ៤ ខែមីនា​​ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដោះស្រាយ​ការរំលោភបំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​និង​តំបន់​ទី​បេ។

ក្នុងនោះ​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើង​ពី​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​របស់​ចិន​ទៅលើ​ជនជាតិ Uyghurs ដែលជា​ជនជាតិភាគតិច​កាន់សាសនា​មូស្លីម​ដែលមាន​ចំនួន​ប្រមាណ ១០ លាន​នាក់​នៅ​ភាគ​ខាងលិច​នៃ​ខេត្ត​ស៊ី​ង​ជាំ​ង។

បើតាម​អង្គការសិទ្ធិមនុស្ស​ដដែល​ រដ្ឋ​ចិន​បាន​ធ្វើទុក្ខបុកម្នេញ​ក្រុម​ជនជាតិភាគតិច​ទាំងនោះ​ដោយ​បង្ខិតបង្ខំ​ពួកគេ​ឱ្យធ្វើ​ការងារ​លើស​កំណត់​នៅក្នុង​តំបន់​នោះ។ ប៉ុន្តែ​យ៉ាងណា ទីក្រុង​ប៉េកាំង​បានប្រកែក​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​រំលោភបំពាន​ដូច​ការចោទប្រកាន់​ខាង​លើ។


បើទោះបីជា​យ៉ាងនេះ​ក្ដី​លោក Volker Turk បាន​និយាយ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ហ្សឺ​ណែវ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចិន​អនុវត្តតាម​អនុសាសន៍​ដែល​ធ្វើឡើង​ដោយ​ការិយាល័យ​របស់ខ្ញុំ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​ផ្សេងទៀត​ទាក់ទង​នឹង​ច្បាប់​គោលនយោបាយ​និង​ការអនុវត្ត​ទាំងឡាយណា​ដែល​រំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​និង​តំបន់​ទី​បេ»។

ទាក់ទិន​នឹង​ចំណុច​នេះ​បេសកកម្ម​ការទូត​របស់​ប្រទេស​ចិន​នៅ​ទីក្រុង​ហ្សឺ​ណែវ​មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​ទេ។


​ប្រទេស​ចិន ​បាន​ដណ្តើម​កាន់កាប់​តំបន់​ទី​បេ​ក្នុង​ឆ្នាំ ១៩៥០ ក្រោមរូបភាព​រំដោះ​តំបន់​នេះ​ចេញពី​របប​សក្ដិភូមិ។ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្កោលទោស​ចិន​ម្ដង​ហើយ​ម្ដងទៀត​ចំពោះ​ការគ្រប់គ្រង​បែប​គាបសង្កត់​ទៅលើ​តំបន់​ទី​បេ។

ក្នុង​ឆ្នាំ ២០២២ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ គឺ​លោកស្រី Michelle Bachelet ធ្លាប់បាន​ចេញផ្សាយ​របា​យ​ការណ៍​មួយ​ប៉ុន្មាន​ម៉ោង​មុនពេល​លោកស្រី​បញ្ចប់​អាណត្តិ​ដោយ​បញ្ជាក់​ពី​ការរក​ឃើញថា​មានការ​ចាប់ឃុំខ្លួន​ជនជាតិភាគតិច Uyghurs និង​អ្នក​កាន់សាសនា​មូស្លីម​ផ្សេងទៀត។

ក្នុង​របាយការណ៍​នាពេលនោះ​លោកស្រី Michelle Bachelet បាន​សង្កត់ធ្ងន់ថា​វា​អា​ចរាប់ចូល​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ទាំង​ខេត្ត​ស៊ីន​ជាំ​ង​និង​តំបន់​ទី​បេ​ជានិច្ចកាល​តែង​រង​ការគាបសង្កត់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តាមរយៈ​សកម្មភាពផ្សេងៗគ្នា។សូម្បីតែ​គោលនយោបាយ​ដែល​អនុវត្ត​នៅ​តំបន់​ទាំង២ ក៏មាន​ភាព​តឹងរ៉ឹង​ជាង​តំបន់ផ្សេងៗទៀត​នៅក្នុង​ប្រទេស​ចិន​ដែរ។

ផ្អែក​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ទី​បេ​គឺជា​អាណាចក្រ​ឯករាជ្យ​ដ៏​មាន​ឥទ្ធិពល​មួយ​ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ចិន​អះអាងថា​ជា​ផ្នែក​មួយ​របស់ខ្លួន​និង​បាន​គ្រប់គ្រង​តំបន់​នេះ​ដោយ​កំណត់ឱ្យ​ប្រជាជន​រៀន​និង​ប្រើប្រាស់​ភាសា​ចិន​ជំនួស​ឱ្យ​ភាសា​ទី​បេ​របស់​ពួកគេ។

ខេត្ត​ស៊ីន​ជាំ​ង​ឯណោះ​វិញ​ជា​ខេត្ត​ដែលមាន​ជនជាតិភាគតិច​អ៊ិ​ស្លាម​រស់នៅ​ច្រើន​ប៉ុន្តែ​ក៏​ជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ចិន​ដែរ។ចិន​បានចាត់ទុក​ខេត្ត​នេះ​ជា​ទុនបម្រុង​នៃ​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់ខ្លួន។

ជារឿយៗចិន​បាន​ប្រើប្រាស់​ហេតុផល​ចោទប្រកាន់​ជនជាតិ​អ៊ិ​ស្លាម​ទាំងនោះ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរ​វករ​ ដើម្បី​គាបសង្កត់​ពួកគេ​កាន់តែខ្លាំង​ពី ១ ថ្ងៃ​ទៅ ១ ថ្ងៃ៕