ផ្លូវ​នានា​នៃ​រដ្ឋធានី​ហាណូយ​របស់​ប្រទេស​វៀតណាម​ ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់​ កាលពី​ថ្ងៃទី ៤ ខែមីនា​ ​ធ្វើឱ្យ​អ្នកដំណើរ​ពិបាក​ក្នុង​ការមើល​យ៉ាងខ្លាំង ​ដោយសារតែ​ការបំពុល​បរិយាកាស​ដែល​បណ្តាលមកពី​កម្រិត​ភាគល្អិត​កម្រិត​ខ្ពស់​ចេញពី​ការ​បំ​ភាយ​រថយន្ត​ និង​ល្អងធូលី​ ដែល​ទាក់ទង​នឹង​សំណង់។

កម្រិត​នៃ​ភាគល្អិតតូចៗគ្រោះថ្នាក់​ដែល​គេ​ស្គាល់​ថា PM2.5 នៅក្នុង​ខ្យល់​នៅ​ទីក្រុង​ហាណូយ​គឺ​នៅ​កម្រិត ១៨៧ មីក្រូ​ក្រាម ​ក្នុង ១ ម៉ែត្រគុប ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ដែលជា​កម្រិត​ខ្ពស់បំផុត​ចំណោម​បញ្ជី​ទីក្រុង​អន្តរជាតិ ​ដែលមាន​ការបំពុល​ខ្យល់​បំផុត។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ Air Visual ដែល​ផ្តល់ព័ត៌មាន​បំពុលបរិយាកាស​សកល​ដោយ​ឯករាជ្យ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ។

លោក Duong Kim Oanh អាយុ ៥៨ ឆ្នាំ​រស់នៅ​ទីក្រុង​ហាណូយ​បាន​និយាយថា៖ «នេះ​ជាការ​បំផ្លាញ​សុខភាព​របស់​យើង ហើយ​ខ្ញុំ​គិតថា​ការបំពុល​របស់​ទីក្រុង​ហាណូយ​ គឺ​បណ្តាលមកពី​យានយន្ត​ផ្ទាល់ខ្លួន​មួយចំនួនធំ​ និង​ល្អង​ធូលី​ ចេញពី​សំណង់​ទាំងអស់​បូករួម​ទាំង​អាកាសធាតុ​ត្រជាក់»។


ដោយឡែក​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​ឆ្នាំ ២០២១ បានឱ្យដឹងថា​ ការ​បំ​ភាយ​ចេញពី​យានជំនិះ​ចំនួន ៨ លាន​គ្រឿង ​ដែល​បាន​ចុះបញ្ជី​របស់​ទីក្រុង​ហាណូយ​ បាន​បង្កើត ៣០% នៃ​ការបំពុល​បរិយាកាស​ចំណែក​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​ឧស្សាហកម្ម​មាន ៣០% ផ្សេងទៀត។

លោក Pham Thi Phuong ពលរដ្ឋ​ក្នុង​ទីក្រុង​ហាណូយ​ម្នាក់ទៀត​បាន​និយាយថា ​ការបំពុល​ខ្យល់ នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​មនុស្ស​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ឈឺ​ឬ​ថប់ដង្ហើម។


​កាលពី​ថ្ងៃទី ២ ខែកុម្ភៈ​កន្លងទៅ​មាន​ជើងហោះហើរ​ជិត ១០០ ទៅ​និង​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង​ហាណូយ ​ត្រូវបាន​ពន្យារពេល ​ឬ​បង្វែរ​ទៅ​ទីក្រុង​ផ្សេងទៀត​ ដោយសារ​ចុះ​អ័ព្ទ​ខ្លាំង​ និង​ការបំពុល​ខ្យល់​ស្ថិតក្នុង​កម្រិត​អាក្រក់​ខ្លាំងពេក៕