ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប ​និង​សភា​អឺ​រ៉ុប​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​សម្រេច​លើ​​កិច្ច​​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​មួយ​ ដើម្បី​ហាម​ឃាត់​ការ​នាំ​ចូលទៅ​ទីផ្សាររួម​​អឺរ៉ុប​ នូវ​​ផលិត​ផល​​ដែល​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ផលិតកម្ម​។

កិច្ច​ព្រម​ព្រៀង​នេះ​ បញ្ជាក់​ពី​ទំនួល​ខុស​ត្រូវ​ផ្សេង​ៗ​គ្នា​របស់​គណៈកម្មការ​សហភាព​អឺរ៉ុ​ប ​និង​រដ្ឋ​ជា​សមា​ជិក​ ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ​ក្រុម​ហ៊ុនណា​​ ដែល​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​ដោយ​បង្ខំ​ ហើ​យ​ហាម​ឃាត់​ផលិតផល​របស់​ក្រុមហ៊ុន​នោះ​។ 

លោក​ Pierre-Yves Dermagne ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​សេដ្ឋកិច្ច​របស់​បែលហ្ស៊ិក ដែល​បច្ចុប្បន្ន​ជា​ប្រទេស​ប្រធាន​ប្ដូរ​វេន​របស់​ប្លុក​អឺរ៉ុប​​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មាន​បំណង​បំបែករបៀប​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​បែប​នោះ​។ 


លោក​បាន​បន្ត​​ថា​៖ «​ជាមួយ​នឹង​បទ​ប្បញ្ញត្តិ​នេះ​ យើង​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​​ទីផ្សារ​​រួម​របស់​យើង​​នឹង​មាន​មាន​ចរាចរណ៍​ផលិត​ផល​របស់​ពួក​គេ​ទេ​ មិន​ថា​ផលិត​នៅ​អឺរ៉ុប​ ឬ​នៅ​បរទេស​នោះ​ទេ​»​។ ​

ការ​ហាម​ប្រាម​នឹង​ត្រូវ​បាន​អនុវត្ត​លើ​ទំនិ​ញ​ដែល​ផលិត​នៅ​ក្រៅ​សហភាព​អឺរ៉ុប​ ដែលប្រើ​​កម្លាំង​ពលកម្ម​ដោយ​ប​ង្ខំ​ និង​លើ​ផលិត​ផល​ដែល​ផលិត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ដែល​ជាប់​​គ្រឿង​បន្លាស់​ផលិត​នៅ​​បរទេស​ដោយប្រើ​​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។​


យ៉ាង​ណា​មិញ​ កិច្ច​ព្រម​ព្រៀង​បណ្ដោះ​អាសន្ន​ដដែល​ នៅ​តែ​ត្រូវ​អនុម័ត​ជា​ផ្លូវ​ការ​ដោយ​សភា​អឺរ៉ុប​ និង​ក្រុម​ប្រឹក្សា​ ដើម្បី​អនុវត្ត​វា​។ នេះ​បើ​តាម​រ៉យទ័រ​៕