នៅ​ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Sea ដែលជា​ក្រុមហ៊ុន​ដ៏​ធំជាងគេ​ទី៤ នៅក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​សិង្ហ​បុរី បានប្រកាស​ពី​ការរំពឹងទុក​របស់ខ្លួន​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ជា​លើក​ទីជាប់ៗគ្នា បន្ទាប់ពី​បាន​អនុវត្ត​វិធានការ​កាត់បន្ថយ​ចំណាយ​ជាច្រើន។ 

ក្រុមហ៊ុន Sea បាន​ផ្ដោតទៅលើ​សេវាកម្ម​បី រួមមាន Garena ដែល​ផ្ដោតទៅលើ​ការបង្កើត​ហ្គេម​អន​ឡាញ Shopeeផ្ដោតទៅលើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង SeaMoney ផ្ដោតទៅលើ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ឌីជីថល។


ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​ទីក្រុង​ញូវយ៉ក​មួយ​នេះ បានចេញ​ផ្សាយ​ពី​របាយការណ៍​ប្រាក់ចំណេញ​ចំនួន ១៦២ លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០២៣ ដែលជា​ការកើនឡើង​គួរឱ្យកត់សម្គាល់ បន្ទាប់ពី​ការខាតបង់​ចំនួន ១,៦៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ២០២២។ 

តួលេខ​នៃ​ប្រាក់ចំណូល​កើនឡើង​នេះ គឺ​មួយផ្នែកធំ​បានមកពី​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល ពោលគឺ​ឥណទាន​បុគ្គល និង​សាជីវកម្ម​មានការ​កើនឡើង ធ្វើឱ្យ​សម្រេចបាន​ប្រាក់ចំណេញ​សុទ្ធ​ក្នុង​ឆ្នាំ​ដំបូង​គួរឱ្យកត់សម្គាល់។


លោក ហ្វ័ររ៉េ​ស លី (Forrest Li) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន បានបង្ហាញ​ពី​ក្ដី​រំពឹងថា ក្នុង​ឆ្នាំ២០២៤នេះ ក្រុមហ៊ុន​នឹង​ទទួលបាន​ប្រាក់ចំណេញ​បន្ថែមទៀត ប៉ុន្តែ​លោក​មិនបាន​ផ្ដល់​តួលេខ​ជាក់លាក់​នោះទេ។

នៅ​ឆ្នាំ២០២៣ ប្រាក់ចំណូល​សរុប​រប​ស់​ក្រុមហ៊ុន​បាន​ឈានដល់ ១៣ ពាន់​លាន​ដុល្លារ កើនឡើង ៥% ក្នុងនោះ ប្រាក់ចំណូល​ពី Shopee បាន​កើនឡើង​ចំនួន ៩,៧៧ ពាន់​លាន​ដុល្លារ ស្មើនឹង ៣១% ខណៈដែល​ប្រាក់ចំណូល​របស់ Garenaបាន​ធ្លាក់ចុះ ៤៤% មក​នៅត្រឹម ២,១៧ ពាន់​លាន​ដុល្លារ ដោយសារ​ការថយចុះ​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី​ហ្គេម​ក្រោយ​វិបត្តិ​កូ​វីដ១៩ បាន​បញ្ចប់ទៅ។

តម្លៃ​ភាគហ៊ុន​នៅពេល​ផ្សារ​ហ៊ុន​បិទ​របស់​ក្រុមហ៊ុន Sea បាន​កើនឡើង ៥,៦% នៅ​ផ្សារភាគហ៊ុន​ទីក្រុង​ញូវយ៉ក បន្ទាប់ពី​បាន​កើនឡើង​រហូតដល់ ១១% កាលពីពេលថ្មីៗនេះ។ គួរ​ដឹង​ដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ផ្ដោតទៅលើ​ការកាត់បន្ថយ​ចំណាយ​លើ​ការផ្សព្វផ្សាយ​យ៉ាងច្រើន ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​វិនិយោគិន និង​ដើម្បី​អាច​រកបាន​ប្រាក់ចំណេញ​ខ្លះ បន្ទាប់ពី​ការខាតបង់​ជាច្រើន​ឆ្នាំ។

ចាប់ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន​នេះ​បានប្រកាស​ប្រាក់ចំណេញ​ប្រចាំត្រីមាស​ដំបូង​របស់ខ្លួន បន្ទាប់ពី​បានរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ដូចជា​ការបញ្ឈប់​បុគ្គលិក​រាប់ពាន់នាក់ និង​ការរក្សា​កម្រិត​ប្រាក់ខែ​បុគ្គលិក​ឱ្យនៅ​ថេរ​ជាដើម។

យ៉ាងណាក៏ដោយ ចាប់តាំងពី​ឆ្នាំ២០២៣ មក ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការប្រកួតប្រជែង​ពី​ដៃគូ​ប្រជែង​ក្នុង​តំបន់ ដូចជា​ក្រុមហ៊ុន TikTok របស់ ByteDance ក្រុមហ៊ុន Sea បានប្រកាស​ពី​ផែនការ​បង្កើន​ការវិនិយោគ​នៅក្នុង​អាជីវកម្ម​អេឡិចត្រូនិក​របស់ខ្លួន។

ក្រុមហ៊ុន Sea ក៏បាន​ប្រកាស​ជាមុន​ផងដែរ​ថា ការវិនិយោគ​បន្ថែម​ទៅលើ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ និង​ការដឹកជញ្ជូន អាច​បណ្តាលឱ្យ​មានការ​ប៉ះពាល់​ដល់​ផ្នែក Shopee និង​ក្រុមហ៊ុន​ទាំងមូល។ យ៉ាងណាមិញ បើទោះបីជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏ដោយ លោកនាយក​ប្រតិបត្តិ លី បាន​និយាយថា Shopee បាន​ជ្រៀតចូល​មួយផ្នែកធំ​ទៅក្នុង​ទីផ្សារ​នៅ​ឆ្នាំ២០២៣ ហើយ​នៅ​ឆ្នាំ២០២៤ នេះ លោក​ក៏​រំពឹងថា​នឹង​អាច​រក្សា​វត្ត​មានបាន​ដូចដើម។

នៅ​ឆ្នាំ២០២៣ ក្រុមហ៊ុន​បាន​ផ្តោតលើ​ការវិនិយោគ​លើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ប៉ុន្តែ​បាន​ខាត​បង់អស់​ចំនួន ១១១ លាន​ដុល្លារ​សម្រាប់​រយៈពេល​ពី​ខែតុលា ដល់​ខែធ្នូ ធ្លាក់ចុះ​ពី​ប្រាក់ចំណេញ​ដែល​ទទួលបាន​ចំនួន ៤២២ លាន​ដុល្លារ​ក្នុងអំឡុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២។

នេះ​ជាការ​ខាតបង់​ប្រចាំត្រីមាស​ទី២របស់​ក្រុមហ៊ុន បើទោះបីជា​ចំនួន​នេះ​បាន​ថយចុះ​ពី​ការខាតបង់ ១៤៤ លាន​ដុល្លារ​ក្នុង​រយៈពេល៣ខែ​មុន​ក៏ដោយ។ សម្រាប់​ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Sea បាន​រំពឹងថា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់ខ្លួន​នឹង​ទទួលបាន​ផលចំណេញ​នៅក្នុង​ឆមាស​ទី២៕