រដ្ឋ​មន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​ លោក​ Chiu Kuo-cheng​​ បាន​ឱ្យ​ដឹង​​​នៅ​​ថ្ងៃ​អង្គារ​​​​​ថា​​ កង​​កម្លាំង​ប្រដាប់​អាវុធ​​តៃវ៉ាន់​ នឹង​បង្កើន​ចំនួន​សមយុទ្ធ​មីស៊ីល​​ក្នុង​ឆ្នាំ​នេះ​ ​​ចំ​ពេល​មាន​​កំណើន​សម្ពាធ​យោធា​​​ពី​ចិន​ ដើម្បី​បង្ខំ​ឱ្យ​កោះ​នេះ​ទទួល​យក​ការ​ទាម​ទារ​អធិបតេយ្យភាព​របស់​ខ្លួន​។​ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​សភា​ លោក​ Chiu ​បាន​និយាយ​ថា​ ក្រសួង​នឹង​បង្កើន​​ចំនួន​សមយុទ្ធ​មីស៊ីល​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​ «​ការ​គំរាម​កំហែង​របស់​សត្រូវ​»​។​ លោក​បន្ត​ថា​​ កាល​ពី​អតីត​កា​ល​ សម​យុទ្ធ​មីស៊ីល​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ដង​​ក្នុង​មួយ​​ឆ្នាំ​ប៉ុណ្ណោះ ​ដើម្បី​កុំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អាកាសចរណ៍​ និង​ជីវិត​ប្រចាំ​ថ្ងៃ​​។​

​រដ្ឋម​ន្រ្តី​ដដែល​ ​និយាយ​ថា​​៖«​យើង​ត្រូវ​ពិចារណា​លើ​ការ​ជំរុញ​ការ​ហ្វឹក​ហ្វឺន​របស់​យើង ​ដើម្បី​ឆ្លើយ​តប​ទៅ​​នឹង​ស្ថានភាព​របស់​សត្រូវ​»​ ដោយ​បន្ថែម​ថា​ បរិមាណ​គ្រាប់​រំសេវ​ដែល​ប្រើ​ក្នុង​សមយុទ្ធ​នឹង​ស្រប​តាម​បទ​ប្បញ្ញត្តិ​។ ​លោក​​មិ​ន​​បាន​​បញ្ជាក់​​លម្អិត​លើ​បញ្ហា​នេះ​នោះ​ទេ​។


ចិន​ទទូច​ទាម​ទារ​​​តៃវ៉ាន់​ ដែល​ជា​កោះ​ស្វ័យគ្រប់​គ្រង​បែប​ប្រជាធិបតេយ្យ​ ថា​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​ប្ដេជ្ញា​ថា​នឹង​ប្រើ​កម្លាំង​វាយ​យក​ ប្រសិន​បើ​ចាំ​បាច់​។ ចិន​បាន​បង្កើន​សកម្មភាព​យោ​ធា​របស់​ខ្លួន​ជុំ​វិញ​កោះ​ រួម​ទាំង​ការ​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ជា​ដើម​ ដែល​បង្ក​ឱ្យ​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ទៅៗ​។

ការ​ប្រកាស​បង្កើន​សមយុទ្ធ​មីស៊ីល​របស់​តៃវ៉ាន់​ ត្រូវ​បាន​គេ​ឃើញ​ថា​ ធ្វើ​ឡើង​ ​ខណៈមាន​របាយការណ៍ ពី​រ៉យទ័រ​ កាល​ពី​ថ្ងៃ​អង្គារ​​ដដែល​ថា​ ​​​​​​ប្រទេស​ចិន​នឹង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិរហូត​ដល់​ ៧,២ ភាគរយ​នៅ​ឆ្នាំ​នេះ​។ ​អត្រា​នេះ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ខ្ពស់​ជាង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​​៕​​