ប្រមុខទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) លោក Philippe Lazzarini បានព្រមានឱ្យដឹងកាលពីថ្ងៃទី៤ ខែមីនា អំពីការធ្វើ«យុទ្ធនាការប្រកបដោយចេតនា និងរួមគ្នា» ក្នុងគោលបំណងបញ្ចប់ប្រតិបត្តិការរបស់ភ្នាក់ងារនេះជួយជនរងគ្រោះក្នុងសង្គ្រាមនៅប៉ាឡេស្ទីន។
រដ្ឋាភិបាលអ៊ីស្រាអែលកាលពីចុងខែមករា បានចោទប្រកាន់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះថាបានផ្តល់ការងារដល់កងកម្លាំងហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀតចំនួន៤៥០នាក់ដើម្បីបំពេញការងារក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
យោងការផ្សាយរបស់រ៉យទ័រ លោក Philippe Lazzarini មិនបាននិយាយអ្វីជាក់លាក់ចំពោះការចោទប្រកាន់ចុងក្រោយដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកបានអំពាវនាវដល់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់ការថ្លែងដោយបើកចំហថា UNRWA នឹងមិនជាផ្នែកមួយនៃតំបន់ហ្គាហ្សាក្រោយសង្គ្រាមទេ។
លោក Lazzarini ដែលជាប្រធានទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖«UNRWA កំពុងប្រឈមមុខនឹងយុទ្ធនាការដោយចេតនា និងរួមគ្នាដើម្បីធ្វើឱ្យខូចប្រតិបត្តិការរបស់ខ្លួន ហើយទីបំផុតត្រូវបញ្ចប់»។
លោកបានបន្តថា៖«ការអនុវត្តផែនការនេះកំពុងដំណើរការរួចហើយជាមួយនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់យើងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។ ការរំលាយ UNRWA គឺមើលឃើញឆាប់ៗនេះហើយ។ តាមរយៈការធ្វើដូច្នេះ យើងនឹងលះបង់គ្រប់ជំនាន់របស់កុមារ ដោយសាបព្រោះគ្រាប់ពូជនៃការស្អប់ ការអាក់អន់ចិត្ត និងជម្លោះនាពេលអនាគត»។
លោក Lazzarini បានប្រាប់អង្គសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៩៣នាក់តំណាងប្រទេសជាសមាជិក ថា UNRWA កំពុង «ដំណើរការដោយផ្ទាល់មាត់» បន្ទាប់ពីប្រទេសចំនួន ១៦បានផ្អាកការផ្តល់មូលនិធិសរុបចំនួន ៤៥០លានដុល្លារអាមេរិក នៅពេលដែលអ៊ីស្រាអែលកាលពីខែមករាបានចោទប្រកាន់បុគ្គលិក UNRWA ចំនួន១២នាក់ថាបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដែលរៀបចំឡើងដោយក្រុមហាម៉ាស៕