បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានប្រកាសកាលពីខែមុន ថា សិង្ហបុរី បានចុះកិច្ចសន្យាផ្តាច់មុខជាមួយតារាចម្រៀង ថេយឡឺ ស្វ៊ីហ្វ (Taylor Swift) និងមានការលើកឡើងថា នាយករដ្ឋមន្ត្រីថៃ ច្រណែនសិង្ហបុរីនោះ អ្នកនាំពាក្យរដ្ឋាភិបាលបានស្រាយបំភ្លឺកាលពីថ្ងៃទី៥ ខែមីនា ថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រី មិនមែនសំដៅលើការរិះគន់ ឬបង្ហាញការច្រណែនចំពោះសិង្ហបុរីនោះទេ។
អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ លោក ឆៃ វ៉ាតឆារ៉ុង (Chai Watcharong) បានបញ្ជាក់ថា លោក សេដ្ឋា បានលើកប្រធានបទពីតារានេះឡើង គឺដើម្បីកោតសរសើរដល់ប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ លោក ឆៃ បានលើកឡើងថា ៖«សំណើរបស់សិង្ហបុរីបានបង្ហាញពីភាពក្លាហាន និងការផ្តួចផ្តើមគំនិតដែលនាំឱ្យក្រុមរបស់កញ្ញាថេយឡឺ ស្វ៊ីហ្វ យល់ព្រមចុះកិច្ចសន្យាសម្តែងផ្តាច់មុខនៅក្នុងប្រទេសសិង្ហបុរីដែលបានផ្តល់ផលប្រយោជន៍ដល់ប្រទេសនេះយ៉ាងច្រើន»។
លោក សេដ្ឋា បានថ្លែងក្នុងសន្និសីទធុរកិច្ចមួយកាលពីថ្ងៃទី១៥ ខែកុម្ភៈ អំពីការផ្តល់ជូននូវទឹកប្រាក់ជាច្រើនរបស់សិង្ហបុរី ដើម្បីទទួលបានការសម្តែងផ្តាច់មុខពីកញ្ញាថេយឡឺ នៅក្នុងប្រទេសរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក សេដ្ឋា បានរំលេចថា អ្នករៀបចំការប្រគំតន្ត្រីAEG របស់កញ្ញា ថេយឡឺ បានប្រាប់លោកថា សិង្ហបុរីបានផ្តល់ទឹកប្រាក់ចន្លោះពី ២លានដុល្លារទៅ ៣ លានដុល្លារក្នុង ១ កម្មវិធីដើម្បីបានសម្ដែងផ្តាច់មុខ។ យ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេដឹងថាជាចំនួនសរុបសម្រាប់កម្មវិធីទាំង ៦មិនមែនក្នុង១កម្មវិធីនោះទេ។
ទន្ទឹមនឹងនេះ សមាជិកសភាហ្វីលីពីនម្នាក់បានសម្តែងការមិនពេញចិត្តចំពោះប្រទេសសិង្ហបុរី ដោយបញ្ជាក់ថា វាមិនមែនជាការល្អនោះទេដែលប្រទេសជិតខាងធ្វើដូច្នេះ។ ការណ៍នេះបាននាំឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាននាំគ្នារាយការណ៍ផ្តោតលើការមិនសប្បាយចិត្តចំពោះទង្វើរបស់សិង្ហបុរី។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង (Lee Hsien Loong)បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីថា លោកមិនបានចាត់ទុកការចុះកិច្ចព្រមព្រៀងជាមួយតារាចម្រៀងនេះថាជាទង្វើមិនរាក់ទាក់ចំពោះប្រទេសជិតខាងនោះទេ។
លោក លីបានឆ្លើយបំភ្លឺទៅកាន់សំណួរមួយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស៊ី (Anthony Albanese) ថា៖«បណ្ដាភ្នាក់ងាររបស់យើងបានជួបចរចាចុះកិច្ចព្រមព្រៀងជាមួយក្រុមរបស់កញ្ញា ថេយឡឺ ដើម្បីទៅសម្តែងផ្តាច់មុខនៅក្នុងប្រទេសសិង្ហបុរី ពោលគឺសម្ដែងតែ១ ប្រទេសគត់នៅអាស៊ីអាគ្នេយ៍»។
ដោយឡែក លោក ឆៃ ក៏បានធ្វើការស្រាយបំភ្លឺចំពោះការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីថៃថា ៖ «សម្ដី និងចេតនារបស់នាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហានេះ មិនមែនជាការរិះគន់ ឬការបង្ហាញភាពច្រណែនចំពោះប្រទេសសិង្ហបុរីនោះទេ»។
លោក បានបន្ថែមថា ការលើកឡើងរបស់លោក សេដ្ឋា គឺចង់មានន័យថា ប្រទេសដែលមានបំណងជំរុញវិស័យទេសចរណ៍គួរពិនិត្យមើលវិធីសាស្ត្ររបស់សិង្ហបុរី។ លោកបានបញ្ជាក់ថាការចុះកិច្ចសន្យាជាមួយតារាចម្រៀងនេះគឺជារឿងធម្មតា ហើយគ្មានហេតុផលអ្វីដែលសិង្ហបុរីត្រូវមានអារម្មណ៍អាម៉ាស់នោះទេ។
លោកសង្កត់ធ្ងន់ថា ៖«ដូចដែលសិង្ហបុរីបានបញ្ជាក់ច្បាស់ហើយថាកិច្ចសន្យាជាមួយតារាចម្រៀងនេះមិនមែនធ្វើទៅបានដោយគ្រាន់តែសិង្ហបុរីហ៊ានផ្ដល់ទឹកប្រាក់ច្រើននោះទេ ដែលនេះមានន័យថា ប្រទេសនេះមានកត្តាផ្សេងៗទៀតជាច្រើនទើបអាចបញ្ចុះបញ្ចូលក្រុមការងាររបស់កញ្ញា ថេយឡឺឱ្យយល់ព្រមទទួលចុះកិច្ចសន្យាជាមួយ»។
លោក ឆៃ បានមានប្រសាសន៍ថា ៖«ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលមានមនុស្សមួយចំនួនមានចេតនាបកស្រាយសម្ដីរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ក្នុងន័យអវិជ្ជមាន ដូច្នេះហើយសូមបញ្ឈប់ការធ្វើបែបនេះ ព្រោះវាអាចនាំឱ្យមានភាពប្រេះស្រាំទំនាក់ទំនងរវាងប្រជាជាតិទាំង២»។
កញ្ញា ថេយឡឺ បានសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីចំនួនបីកម្មវិធីរួចស្រេចហើយ ហើយកញ្ញានឹងសម្ដែងចំនួន៣កម្មវិធីទៀតនៅថ្ងៃខាងមុខ។ កម្មវិធីប្រគំតន្ត្រីចុងក្រោយគេនឹងធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ៕