នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានអំពាវនាវដល់ប្រជាពលរដ្ឋថៃ បង្ហាញចិត្តសប្បុរសចំពោះភ្ញៀវទេសចរបរទេស ក្នុងគោលបំណងជួយជំរុញលើកកម្ពស់វិស័យទេសចរណ៍ ដែលជាកម្លាំងជំរុញដ៏សំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Nation Thailand កាលពីថ្មីនេះៗ។
ការអំពាវនាវយ៉ាងដូច្នេះរបស់នាយករដ្ឋមន្ត្រីថៃ ធ្វើឡើងក្រោយមានការព្រួយបារម្ភអំពីភាពចម្រូងចម្រាសដែលកើតឡើងនាពេលថ្មីៗនេះរវាងពលរដ្ឋថៃ និងជនបរទេសដែលបានបង្កប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។
លោក សេដ្ឋា បានថ្លែងថា៖ «ពួកគេ [ភ្ញៀវទេសចរ] ចង់ធ្វើដំណើរកម្សាន្តនៅទីនេះ ព្រោះពួកគេចូលចិត្តប្រទេសថៃ។ សូមមេត្តាជួយដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ទេសចរណ៍ផង។ វិស័យនេះគឺជាឧបករណ៍ដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចថៃ»។
កាលពីខែមករា ប៉ូលិសក្រុងប៉ាតាយ៉ា បានឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ពីបទប្រើអាវុធគំរាមអ្នកទេសចរបរទេសម្នាក់ ដោយសារតែបុរសថៃនោះតូចចិត្តដែលជនបរទេសរូបនោះ មិនចាប់អារម្មណ៍នឹងស្រាបៀរដែលខ្លួនដាក់លក់។
កាលពីខែមុននេះដែរ ប៉ូលិសថៃ ក៏បានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៤១ ឆ្នាំម្នាក់ ពីបទប៉ុនប៉ងរំលោភ និងប្លន់ស្ត្រីទេសចរជនជាតិចិន ក្នុងព្រៃដាច់ស្រយាលមួយក្បែរទីក្រុងប៉ាតាយ៉ា។
ថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ កាលពីឆ្នាំមុន ដោយបានបាត់បង់តំណែងរបស់ខ្លួនក្នុងនាមជាជើងឯកទេសចរណ៍អាស៊ីអាគ្នេយ៍ ទៅម៉ាឡេស៊ី ដែលមានទេសចរបរទេសទៅលេងរហូតដល់ ២៩ លាននាក់។
ក្នុងឆ្នាំនេះ ប្រទេសថៃ សម្លឹងទទួលភ្ញៀវទេសចរបរទេសចំនួន ៣៥ លាននាក់ ប៉ុន្តែហេតុការណ៍ហិង្សានៅថៃ បានបង្កក្តីបារម្ភដល់វិស័យនេះ៕