អ្នក​យក​ព័ត៌មាន​រប​ស់​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​របស់​ប្រទេស​រុស្ស៊ី​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគាររយៈពេល​ ៧ ​ឆ្នាំ​នៅ​ថ្ងៃទី ៦​ ខែមីនា ​ឆ្នាំ ២០២៤ ​ជុំវិញ​អត្ថបទ​ដែល​បុរស​រូបនេះ ​បាន​សរសេរ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

លោក Roman Ivanov ដែល​ធ្វើ​ការ​ឱ្យ​ស្ថាប័ន ​RusNews តាម​អ៊ិន​ធឺ​ណែ​ត​ត្រូវ​បាន​កាត់​ទោស​ពីបទ​ផ្សាយ «ព័ត៌មាន​ក្លែងក្លាយ» អំពី​កងទ័ព​រុស្ស៊ី ក្រោម​ច្បាប់​ត្រួត​ពិនិត្យ​ក្នុងសម័យ​សង្គ្រាម​ដោយ​ច្បាប់​នេះ​ត្រូវ​ចូល​ជា​ធរមាន​ភ្លាមៗ​ បន្ទាប់​ពី​ការ​ធ្វើសង្គ្រាម​ចូល​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០២២ នោះ។

ប្រទេស​រុស្ស៊ី​ បាន​ប្រើប្រាស់​ច្បាប់​ទាំង​នោះ ​ដើម្បី​បង្ក្រាប​អ្នក​កាសែត ​និង​សកម្មជន​ដែល​រាយការណ៍​ព័ត៌មាន​ដែល​ប្រឆាំង​នឹង​វិមាន​ក្រឹម​ឡាំង ​ឬ​អំពី​អ្វីដែល​ទីក្រុង​ម៉ូស្គូ​ ហៅថា​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែន។


ការចោទ​ប្រកាន់​លើ​លោក Ivanov កើត​ចេញ​ពី​អត្ថបទ​ដែល​អ្នក​សារព័ត៌មាន​រូប​នេះ​បាន​សរសេរ​អំពី​ការ​សម្លាប់​រង្គាល​នៅ​ទីក្រុង Bucha ប្រទេស​អ៊ុយ​ក្រែន​ព្រមជាមួយ​របាយ​ការណ៍​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ការវាយ​ប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​លើ​លំនៅស្ថាន​ជន​ស៊ីវិល​អ៊ុយ​ក្រែន។

អត្ថបទ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅលើ​គណនី​បណ្តាញ​សង្គម «Chestnoye Korolyovskoye» ដែលជា​បណ្តាញ​ព័ត៌មាន​ដំណើរការ​ដោយ​លោក​ផ្ទាល់ ហើយក៏​ជា​គណនី​ដែល​លោក​បាន​សរសេរ​ប្លុក​អំពី​បញ្ហា​ក្នុងស្រុក​ គឺ​ទីក្រុង Korolyov ដែលជា​ទីក្រុង​តូច​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង​ម៉ូស្គូ​ ដែល​លោក​កំពុង​រស់​នៅ។


ក្រុម​សិទ្ធិ​មនុស្ស​បានឱ្យ​ដឹងថា​ លោក Ivanov បាន​ប្រើ​សុន្ទរកថា​បិទ​របស់​ខ្លួន​នៅក្នុង​តុលាការ​កាលពី​ថ្ងៃទី ៥ ខែ​មីនា​ ដើម្បី​មក​ស្រាយ​ដោយ​បង្ខំ​ម្តងទៀត​អំពី​អ្វីដែល​លោក​ហៅថា «ឧក្រិដ្ឋកម្ម» នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន។

បើតាម​សម្តី​ដែល​គេ​ដកស្រង់ លោក Ivanov បាន​និយាយ​ថា៖ «ប្រទេស​របស់​យើង​បាន​ប្រែក្លាយ​ទៅជា​ព្យុះ​ព្រិល​នៃ​ទុក្ខព្រួយ និង​សំណាង​អាក្រក់។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រកាស​អំពី​ព្រឹត្តិការណ៍​នៅ ​Bucha ដើម្បី​ឱ្យ​ប្រជាជន​រុស្ស៊ី​មើល​ឃើញ​ថា​ សង្គ្រាម​មិនបាន​ប្រយោជន៍​អ្វី​ក្រៅពី​នាំ​ភាពភ័យ​ខ្លាច​ការឈឺចាប់ ទុក្ខព្រួយ​ការ​បំផ្លិច​បំផ្លាញ​និង​ការបាត់បង់​នោះទេ»។

លោក Ivanov បាន​បន្តថា៖ «យើង​ត្រូវតែ​យល់ថា​អ្វី​គ្រប់យ៉ាង​ដែល​បានកើត​ឡើង​នៅ​អ៊ុយ​ក្រែ​ន​គឺជា​កំហុស​របស់​យើង»។

ភ្លាមៗបន្ទាប់ពី​ការ​កាត់​ទោស​អត្ថបទ​នៃ​សុន្ទរកថា​របស់​លោក Ivanov ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅលើ​គេហទំព័រ Memorial ​ដែលជា​អង្គការ​សិទ្ធិ​មនុស្ស​ដ៏​ល្បី​បំផុត​មួយ​របស់​រុស្ស៊ី​ខណៈ​នាយក​នៃ​ស្ថាប័ន​មួយ​នេះ​គឺ​លោក Oleg Orlov ក៏​ត្រូវបាន​កាត់ទោស ​កា​លពី​ខែកុម្ភៈ​ ឱ្យ​ជាប់គុក ២ ឆ្នាំកន្លះ​ពីបទ​ធ្វើឱ្យ​ខូច​កិត្តិយស​កង​កម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី។

គួរ​ជម្រាប​ថា Ivanov គឺជា​អ្នកកាសែត​ទី២ នៃ ​RusNews ដែល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​ពីបទ «ព័ត៌មាន​ក្លែងក្លាយ» បន្ទាប់​ពី​លោក Maria Ponomarenko ដែល​ត្រូវ​បាន​កាត់ទោស​កាលពី​ខែកុម្ភៈ​ ឱ្យ​ជាប់គុក​ ៦ ​ឆ្នាំ​សម្រាប់​ការចោទ​ប្រកាន់​ទីក្រុង​ម៉ូស្គូ​ពី​ការ​ទម្លាក់​គ្រាប់បែក​នៅ​រោង​មហោស្រព Mariupol ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ខែ​ដំបូង​នៃ​ការវាយ​ប្រហារ៕