គម្រោង Southeast Asia Partnership for Adaptation through Water (SEAPAW) បាន​តែង​តាំង​លោក​សាស្រ្តាចារ្យ Khoo Teng Chye ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ដោយ​ប្តេជ្ញា​ជម្រុញ​ការ​ផ្តល់​ហិរញ្ញប្បទាន​និង​ការ​ច្នៃ​ប្រឌិត​ឱ្យ​កាន់​តែ​ប្រសើរ ដើម្បី​ជម្រុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​ក្នុង​តំបន់


សិង្ហបុរី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិ Singapore International Foundation (SIF) សហការជាមួយ World Economic Forum ថ្ងៃនេះ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​វេទិកា​ពហុភាគី​ក្នុង​តំបន់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ផ្តោត​ចម្បង​លើ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ទឹក។

SEAPAW គឺជា​វេទិកា​ដំបូងគេ​បង្អស់​នៅ​ក្នុង​តំបន់​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ធន់​នៃ​ទឹក ដែល​ជា​វិធីសាស្រ្ត​មួយ​សម្រាប់​ការ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ 


SEAPAW នឹង​ជម្រុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នានា​គាំទ្រ​ដល់​ចក្ខុវិស័យ​រួម ជម្រុញ​ដល់​គម្រោង​ឆ្លងដែន និង​ការ​ពន្លឿន​ការ​ផ្តល់​ហិរញ្ញប្បទាន​បន្សាំ​តាម​រយៈគំរូ​ក្នុង​វិស័យ​សាធារណៈ-ឯកជន-សប្បុរសធម៍។ ភាគី​ពាក់ព័ន្ធ​ទាំង​នោះ​រួមមាន៖ ដៃគូ​ចំណេះដឹង អ្នក​ផ្តល់​ដំណោះ​ស្រាយ ស្ថាប័ន​ហិរញ្ញ​វត្ថុ និង​សប្បុរស​ជន ក៏​ដូចជា​រដ្ឋាភិបាល និង​អ្នកបង្កើត​គោល​នយោបាយ​នានា។


SEAPAW នឹង​ផ្តោត​លើ​ការ​រីក​លូតលាស់​ក្នុង​សហគមន៍ ហើយ​កំណត់​ឱ្យ​ឃើញ​ពី​តំបន់​សំខាន់ៗ​ដែល​ពាក់​ព័ន្ធ​ដល់់​ការ​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ មិនតែ​ប៉ុណ្ណោះ វា​នឹង​បង្ហាញ​ឱ្យ​យើងបាន​ដឹង​ផងដែរ​អំពី​វឌ្ឍនភាព​គោលដៅ​ភាព​ធន់នៃ​ទឹក​ក្នុង​តំបន់ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ ដែល​នឹង​បញ្ជាក់​អំពី​តំបន់​ដែល​ត្រូវ​ការ​ជំនួយ​ក្នុង​ពេល​ខាង​មុខ។


SEAPAW ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ក្នុង​កិច្ចសន្ទនា​ដែល​រៀបចំ​ដោយ SIF, World Economic Forum រួម​ជាមួយ​និង Global Commission on the Economics of Water (GCEW)។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ស្រប​នឹង​កម្មវិធី Singapore International Water Week 2024 ។

គោលបំណង​របស់​គម្រោង SEAPAW គឺ​ស្រប​តាម​គោលការណ៍​រួម​ដែល GCEW បាន​ធ្វើការ​អំពាវនាវ - ការ​សហការ​ជាធ្លុង និង​កសាង​ការ​ការពារ​ធនធាន​ទឹក​សម្រាប់​ពេល​អនាគត​ប្រកប​ដោយ​សមធម៍ និង និរន្តរភាព។

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សិង្ហបុរី Mr. Tharman Shanmugaratnam បាន​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ពិធីនេះ។ គាត់​ក៏​ជា​ម្ចាស់​ជំនួយ​នៃ SIF ជា​សហប្រធាន​នៃ GCEW ហើយក៏​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ World Economic Forum’s Board of Trustees។

លោកប្រធានាធិបតី Mr. Tharman បាន​សង្កត់ធ្ងន់​លើ​ការ​គ្រប់គ្រង​តម្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ទឹក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​និរន្តរភាព​នៅ​គ្រប់​វិស័យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ចាប់ពី​ការ​ធ្វើស្រែ​ចំការ រហូត​ដល់​ផលិតកម្មថ្នាក់​ខ្ពស់ ដោយ​លើក​ឡើង​ពី​ភាព​ងាយ​រងគ្រោះ​ដែល​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់​ទាក់ទង​នឹង​កង្វះ​ខាត​ទឹក និង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ 

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដំណឹង​ល្អ​នោះ​គឺ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ទឹក​គឺ​អាច​ដោះស្រាយ​បាន។ ប៉ុន្តែ​វា​ទាមទារ​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ ដើម្បី​ជម្រុញ​ការ​វិនិយោគ​ទាំង​ក្នុង​បច្ចេក​វិទ្យា​ថ្មី និង​ដំណោះស្រាយ​ដែល​អាច​សម្រេច​បាន​ខាង​សេដ្ឋកិច្ច​ជាក់លាក់»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «SEAPAW បាន​ប្រើប្រាស់​បណ្តាញ​ក្នុង​តំបន់​របស់ SIF និង​អ្នក​ជំនាញ​របស់ World Economic Forum លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ហើយ​អាច​ជម្រុញ​ការ​វិនិយោគទាំង​នេះ​ក្នុង​ភាព​ធន់​នៃ​ទឹក​សម្រាប់​ជា​ប្រយោជន៍​ក្នុង​តំបន់ និង ពិភព​លោក​ទាំង​មូល»។

លោកស្រី Neo Gim Huay ជា​នាយក​គ្រប់គ្រង មជ្ឈមណ្ឌល​ធម្មជាតិ​និង​អាកាសធាតុ​មក​ពី World Economic Forum បាន​មាន​ប្រសាសន៍​ថា៖ «យុទ្ធសាស្ត្រ​អាកាសធាតុ​ដ៏​រឹងមាំ​ត្រូវ​តែ​រួម​បញ្ចូល​យុទ្ធសាស្រ្ត​ការពារ​ទឹក ដើម្បីពង្រឹង​ភាព​ធន់​នៃ​ជីវកម្ម និង​ធានា​ថា​ជីវិត និង​ជីវភាព​រស់នៅ​មាន​ភាព​ប្រសើរ​ឡើង។ ដោយឡែក ប្រមាណ​ជា៩០% នៃ​ព្រឹត្តិការណ៍​ប៉ះពាល់​អាកាសធាតុ​នានា​មាន​ការ​ទាក់ទង​នឹង​ទឹក។ ប្រសិន​បើ​យើង​អាច​ការពារ​ធនធានទឹក​របស់​យើង​បាន យើង​ក៏​នឹង​អាច​កាត់​ស្តារ​ឡើងវិញ​ ហើយ​បន្ថយ​នូវ​គ្រោះ​មហន្តរាយ​ដែល​ទាក់ទង​នឹង​អាកាសធាតុ​បាន​ប្រសើរ​ជាង​មុន​ដែរ។ World Economic Forum មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់​ដៃ​គូជាមួយ​មូលនិធិ Singapore International Foundation ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់​ក្នុង​ការ​បន្សាំខ្លួន និង​បង្កើន​ភាព​ធន់​របស់​សហគមន៍​តាម​រយៈការ​ថែក្សា​ធនធាន​ទឹក»។

លោក​សាស្ត្រាចារ្យ Khoo Teng Chye ត្រូវ​បាន​តែងតាំង​ជា​ប្រធាន SEAPAW ក្នុង​ពិធី​សម្ពោធ​នោះ។ លោក​នាំមក​នូវ​បទ​ពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​រៀបចំ​ផែនការ​ទីក្រុង និង និរន្តរភាព​បរិស្ថាន​នៅ​ទូទាំង​វិស័យ​សាធារណៈ​និង​ឯកជន។

បច្ចុប្បន្ន​នេះ​គាត់​ជា​នាយក NUS Cities និង​ជា​សាស្រ្តាចារ្យ​នៃ​មហាវិទ្យាល័យ​ផ្នែក ឌីហ្សាញ និង​វិស្វកម្ម​នៅ​សាកល​វិទ្យាល័យ National University of Singapore ។ មិនតែ​ប៉ុណ្ណោះ លោក​សាស្រ្តាចារ្យ Khoo ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ជាច្រើន និង​ជា​គណៈកម្មាធិការ​ប្រឹក្សា ដោយ​លើក​កម្ពស់​ដល់​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង។

លោក​បាន​មាន​ប្រសាសន៍​ថា៖​«វិបត្តិ​ទឹក​មាន​ទំនាក់ទំនង​យ៉ាង​ស៊ី​ជម្រៅ​ជាមួយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​បណ្តា​ប្រទេស​ទាំងអស់​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ។ SEAPAW ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​មួយ​ដើម្បី​កៀរគរ​ភាគី​ពាក់ព័ន្ធ​នានា និង ប្រើប្រាស់​គោលនយោបាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដើម្បី​ពង្រីក​ការ​វិនិយោគ ការ​ប្រើប្រាស់ ការ​កំណត់​ភាព​ធន់ និង​និរន្តរភាព​នៃ​ទឹក។ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល វេទិកា​ត្រួសត្រាយ​ផ្លូវ​នៅ​ក្នុង​តំបន់​នេះ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដឹកនាំ និង​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សម្រាប់អនាគត​ប្រកប​ដោយ​សមភាព រួម​បញ្ចូល និង​ការពារ​ផល​ប៉ះពាល់​ដែល​ទាក់ទង​នឹង​បរិស្ថាន​នាពេល​អនាគត»។

ប្រសិន​បើ​អង្គការ​នានា​មាន​បំណង​ចង់​សហការ និង​ស្វែងរក​ភាព​ជា​ដៃគូ​ជាមួយ SEAPAW សូម​ទាក់ទង seapaw@sif.org.sg ឬ​ចូល​ទៅ​កាន់​គេហទំព័រ SEAPAW webpage។