ភ្នំពេញ៖ អ្នក​បើកបរ​ផ្ទាល់ខ្លួន​ជនជាតិ​សិង្ហបុរី​ម្នាក់​ ​ជាប់​ពាក់ព័ន្ធ​ករណី​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ជាមួយ​អ្នក​កាន់​លិខិត​ឆ្លងដែន​ជាតិ​កម្ពុជា ឈ្មោះ Su Binghai។ នេះជា​ជនជាតិ​សិង្ហបុរី​ដំបូង​គេ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​មួយ​នេះ។


លោក Liew Yik Kit អាយុ ៤១ ឆ្នាំ​ដែល​បាន​រត់​គេច​ខ្លួន​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​លាង​លុយ​កខ្វក់។ លោក Liew ត្រូវ​បាន​កាត់ទោស​ពី​បទ​ចោទ​ចំនួន​ពីរ​ករណី​​នៅ​ថ្ងៃទី១៥ ខែសីហា​។​

អ្នកបើកបរ​រូប​នេះ ​បាន​កុហក​ប៉ូលិស​ថា លោក Su មិន​បាន​ទុក​វត្ថុ​មាន​តម្លៃ​ណា​មួយ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ​ ខណៈ​ការ​​​​ពិត លោក Su មាន​រថយន្ត​ទំនើបៗ​ចំនួន ៤ គ្រឿង​ ​​រួមមាន Rolls-Royce Phantom, Rolls-Royce Cullinan, Ferrari F8 Spider និង Ferrari Stradale​។​


បន្ទាប់មក អតីត​អ្នក​បើក​រថយន្ត​រូបនេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បោះចោល​រថយន្ត​ទាំង​ ៤​គ្រឿង នៅ​ចំណត​រថយន្ត ត្រង់​ប្លុក​២០ លើ​ផ្លូវ​ប៊ុន​កេង ចន្លោះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២៣។


ទង្វើ​នេះ​បានធ្វើ​​ឱ្យ​​សមត្ថកិច្ច​ខកខាន​ក្នុងការ​ចាប់យក​រថយន្ត​ទាំង​៤​គ្រឿង និង​រារាំង​ដល់​ដំណើរ​នៃ​ការរក​យុត្តិធម៌។
កំណត់ត្រា​របស់​ក្រុមហ៊ុន​បង្ហាញ​ថា លោក Liew គឺជា​អ្នក​តំណាង​ដែល​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ជួល​រថយន្ត Quality Limo Services ​ ដែល​បច្ចុប្បន្ន​​លែង​ដំណើរការ​ទៀតហើយ។


លោក Liew ដែល​មិន​ទាន់​មាន​មេធាវី​ការពារ​ក្ដី បាន​សុំ​ពេល​តុលាការ​ពិចារណា​លើ​ពាក្យ​បណ្តឹង និង​ស្វែងរក​ការ​ប្រឹក្សា​ផ្លូវច្បាប់។ លោក​បាន​ផ្តល់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ចំនួន ១៥០០០ ដុល្លារ។

អតីត​អ្នក​គ្រប់គ្រង​ទំនាក់ទំនង​ពីរ​នាក់​នៅ​ធនាគារ​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី១៥ ខែសីហា​។ Liu Kai អាយុ ៣៥ ឆ្នាំ​ជា​អតីត​អ្នកគ្រប់គ្រង​នៅ Julius Baer ប្រឈម​មុខ​នឹង​ការ​ចោទ​ផ្សំ​គំនិត​ជាមួយ​ Lin Baoying ​ជា​ស្ត្រី​តែ​ម្នាក់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​លាង​លុយ​ដើម្បី​ប្រើប្រាស់​ឯកសារ​ពន្ធ​ក្លែងក្លាយ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​ ដើម្បី​បើក​គណនី​ធនាគារ​នៅ​ប្រទេសស្វ៊ី​​ស​។​

លោក Wang Qiming អាយុ ២៦ ឆ្នាំ ជា​អតីត​អ្នកគ្រប់គ្រង Citibank ត្រូវបាន​កាត់ទោស ១០ ករណី រួមទាំង​ការ​ក្លែងបន្លំ និង​ការលាង​លុយកខ្វក់ ដែល​ពាក់ព័ន្ធ​នឹង​អ្នក​លាងលុយកខ្វក់​ពីរ​នាក់​គឺ Su Baolin និង Vang Shuiming​។​

នៅ​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២៣ ប៉ូលិស​​ច្រើន​ជាង ៤០០ នាក់​បាន​ធ្វើការ​ឆ្មក់​ចូល​ក្នុង​ពេល​ដំណាល​គ្នា​លើ​លំនៅដ្ឋាន​ប្រណីត​នៅ​ទូទាំង​ប្រទេស​សិង្ហ​បុរី ដែល​នាំ​ទៅ​ដល់​កា​រចាប់​ខ្លួន​ជន​បរទេស​ចំនួន ១០ នាក់​។

ប្រតិបត្តិការ​នេះ​បណ្តាលឱ្យ​មានការ​រឹបអូស ឬ​រឹតបន្តឹង​ការ​ចរាចរណ៍​​នូវ​សាច់ប្រាក់ និង​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៣ ពាន់​លាន​ដុល្លារ ដែល​រួមមាន​គ្រឿងអលង្ការ នាឡិកា ឡាន និង​គ្រឿង​ស្រវឹង​។​

បុរស​ ៩​នាក់​ និង​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​ក្នុង​សំណុំ​រឿងនេះ​បាន​យល់ព្រមឱ្យ​​រឹបអូស​សាច់ប្រាក់​ និង​ទ្រព្យសម្បត្តិ​ជាង ៩០០ លាន​ដុល្លារ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ប្តឹងតវ៉ា​របស់​ពួកគេ​។​

ការស៊ើបអង្កេត​ក៏បាន​រកឃើញ​ទ្រព្យសម្បត្តិ​បន្ថែម​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជនសង្ស័យ ១៧ នាក់​ផ្សេងទៀត​ដែល​បាន​រត់​ចេញពី​ប្រទេស​សិង្ហ​បុរី​។​

នៅក្នុង​ខែមករា ឆ្នាំ២០២៤ ដីកាចាប់ខ្លួន និង​ការជូនដំណឹង​​របស់ប៉ូលិស​អាំងទែប៉ូ​ ត្រូវ​បានចេញ​សម្រាប់​ជនសង្ស័យ​ពីរ​នាក់ ជា​ជនជាតិខ្មែរ ឈ្មោះ Su Yongcan អាយុ ៣៣ ឆ្នាំ និង Wang Huoqiang អាយុ ២៩ ឆ្នាំ​។​

បគ្គល​​​ទាំង ១០​នាក់ បានទទួល​ការកាត់ទោស​ដាក់ពន្ធនាគា​រ​ពី ១៣ ទៅ ១៧ ខែ ហើយ​ត្រូវបាន​និរទេស​ជា​បន្តបន្ទាប់ និង​ហាមឃាត់​មិន​ឱ្យចូល​ប្រទេស​សិង្ហ​បុរី​ឡើងវិញ​។

Su Wenqiang, Wang Baosen, Su Baolin, Su Haijin, Chen Qingyuan, Zhang Ruijin, Lin Baoying និង Su Jianfeng ត្រូវបាន​និរទេស​មក​កម្ពុជា​។​

Vang Shuiming ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ ហើយ Wang Dehai ត្រូវបាន​និរទេស​ទៅ​ចក្រភព​អង់គ្លេស៕ ​

Asia News Network (ANN)/The Straits Times