បាងកក៖ ពលរដ្ឋ​ចិន​ ២០០​នាក់​ពាក់​ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អ៊ីនធឺណិត ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​ចិន​វិញ ខណៈ​ដែល​អាជ្ញាធរ​ថៃ ចិន និង មីយ៉ាន់ម៉ា បន្ត​រួម​គ្នា​បង្ក្រាប​បទល្មើស​​ជួញដូរ​មនុស្ស​និង​ការ​ឆបោក​តាម​អនឡាញ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai​រួមជាមួយ​នឹងលោក Liu Zhongyi​ ជំនួយការរដ្ឋមន្ត្រីក្រសួង​សន្តិសុខសាធារណៈ​របស់ប្រទេសចិន និងលោក Aung Kyaw Kyawអនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃ​ក្នុងមីយ៉ាន់ម៉ា បានទៅទស្សនាអាកាសយានដ្ឋាន Mae Sot ក្នុងខេត្ត Tak ប្រទេស​ថៃ កាល​ពីល្ងាច​ថ្ងៃព្រហស្បតិ៍ទី២០ ដើម្បី​ត្រួតពិនិត្យការ​ធ្វើមាតុភូមិនិវត្តន៍​ជនជាតិចិន បន្ទាប់​ពីប្រតិបត្តិការ​បង្រ្កាប​ជនជាតិ​ចិន​ចេញ​ពីតំបន់ Myawaddy​ព្រំដែន​មីយ៉ាន់ម៉ា។

ជាផ្នែកនៃដំណើរការធ្វើមាតុភូមិនិវត្តន៍ ឡានក្រុង​បានដឹកជញ្ជូនអ្នកជាប់ឃុំ​ទៅកាន់​អាកាសយានដ្ឋាន ជាកន្លែងដែលពួក​គេបានចុះពី​លើ​ឡាន​ ដើម្បីពិនិត្យសុវត្ថិភាព រួមទាំង​ការត្រួតពិនិត្យ​ទំនិញហាមឃាត់ និងវត្ថុគ្រោះថ្នាក់ មុន​នឹង​ឡើង​ជិះ​យន្តហោះ​ទៅ​ប្រទេស​ចិន។


បន្ទាប់​មកពួកគេត្រូវបានអម​ដំណើរទៅកាន់​ជើងហោះ​ហើរ China Southern Airlines ក្រោមវិធានការ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។

បន្ទាប់ពីពិភាក្សារួច លោក Phumthamលោក Liu Zhongyiនិង Aung Kyaw Kyawបានចាប់ដៃគ្នា​ជានិមិត្តរូប ដោយបញ្ជាក់​ពីការអនុវត្តបេសកកម្ម​ប្រកបដោយ​ជោគជ័យ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី។


លោកPhumthamឧបនាយករដ្ឋមន្ត្រីថៃ​បានសង្កត់ធ្ងន់​លើសារៈសំខាន់នៃ​កិច្ចខិតខំប្រឹង​ប្រែង​សម្រប​សម្រួល ដោយកត់​សម្គាល់​ថា ការពិភាក្សា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​ជាច្រើន​ខែ​នៅថ្នាក់​រដ្ឋមន្ត្រី។

លោក​បាន​បញ្ជាក់​ថា គ្មាន​ប្រទេស​ណា​មួយ​អាច​អនុវត្ត​ប្រតិបត្តិការ​បែប​នេះ​ដោយ​ឯករាជ្យ​បាន​ទេ ដោយសារ​ភាពស្មុគស្មាញ​នៃ​សន្តិសុខ​ព្រំដែន និង​ដំណើរការ​អនុវត្ត​ច្បាប់។ លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ភាគី​ទាំងអស់​គោរព​អធិបតេយ្យភាព​របស់​ជាតិ​នីមួយៗ ហើយ​នឹង​គោរព​ច្បាប់​មូលដ្ឋាន។

កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីត្រីភាគី​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ​បន្ត​ទៀត។ លោក Aung Kyaw ​ថ្លែង​ថា លោក​ត្រៀមខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ប្រសិន​បើ​មាន​ការ​ចាំបាច់ ក្នុង​កិច្ច​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឆបោក​កម្រិត​អន្តរជាតិ​នេះ៕