ញូវដេលី៖ លោក Elon Musk ចោទថា ការវាយប្រហារតាមអ៊ីនធឺណិត​ដ៏ធំដែលផ្តោតលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់(អតីត Twitter) មានដានឌីជីថលមកពីប្រទេសអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Musk បាននិយាយថា៖ «យើងមិនប្រាកដថាមានអ្វីកើតឡើងនោះទេ ប៉ុន្តែមានការវាយលុកតាមអ៊ីនធឺណិតដ៏ធំមួយ ដើម្បីព្យាយាមបំផ្លាញប្រព័ន្ធ X ដែលមានអាស័យដ្ឋាន IP Address ចេញពីប្រភពមកនៅ​ប្រទេសអ៊ុយក្រែន»។

ការ​វាយ​ប្រហារ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បានរីក​រាលដាល​នៅ​ទូទាំង​អាស៊ី អឺរ៉ុប និង​អាមេរិក​ខាង​ជើង ដោយ​គេហទំព័រ Downdetector ដែលជាគេហទំព័រតាមដានការរំខាននៃសេវាកម្មអ្នកប្រើប្រាស់ បានរាយការណ៍ថា មនុស្ស​មិនអាចចូលប្រើ X សម្រាប់រយៈពេលវែង​មួយ។


នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋី CEO របស់ក្រុមហ៊ុន Tesla និង SpaceX បានស្តីបន្ទោសការវាយប្រហារតាមអ៊ីនធឺណិតចំពោះបញ្ហាមួយនេះនៅ​បណ្ដាញ​សង្គម X។ 

លោក Musk បានអះអាងថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងគាត់ ចំពោះការដឹកនាំនៅក្នុងក្រសួង​​ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលស្ថិតក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ៕