ម៉ានីល៖ គ្រួសាររាប់ពាន់នាក់ដែលបានបាត់បង់មនុស្សជាទីស្រលាញ់នៅក្នុងសង្គ្រាម​គ្រឿង​ញៀន​របស់​អតីតប្រធានាធិបតី Rodrigo Duterte កំពុង​រង់​ចាំ​មើល​ដំណើរ​ការ​កាត់​ទោស​ លើ​រូប​លោក​ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)​ បន្ទាប់​ពី​យន្តហោះ​បាន​ដឹក​លោក​ចេញ​ពី​ទីក្រុង​ម៉ានីល​ឆ្ពោះ​ទៅ​ទីក្រុង​ឡាអេ កាល​ពី​ថ្ងៃ​អង្គារ។

អតីតប្រធានាធិបតីរូបនេះត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីជើងហោះហើរ Cathay Pacific ​របស់លោក​ដែលធ្វើដំណើរពីហុងកុងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (Naia) ក្នុងទីក្រុងម៉ានីល នៅព្រឹកថ្ងៃអង្គារ ទី១១ ម៉ោង ៩:៣០នាទីព្រឹក។

លោក​ត្រូវបានគេដឹកតាមយន្តហោះចាកចេញពីទីក្រុងម៉ានីល ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់នៅយប់ថ្ងៃអង្គារដដែល​ ហើយការបញ្ចូនខ្លួនឡើងយន្តហោះនេះដែរក៏​មានការប៉ះទង្គិចគ្នារវាងមេធាវីរបស់លោក​ និងអាជ្ញាធរផងដែរ។


យន្តហោះចម្បាំង Gulfstream G550 ដែលមានកន្ទុយលេខ RPC5219 បានហោះឡើងនៅម៉ោង ១១:០៣ យប់ ជាមួយនឹងអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលប្រឈមមុខនឹងការកាត់ក្តីនៅក្នុងតុលាការអន្តរជាតិបន្ទាប់ពីការចាប់ខ្លួនលោកដោយ Interpol  ក្រោម​បទ​ចោតប្រកាន់​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប្រភពអាកាសចរណ៍រដ្ឋាភិបាលបាននិយាយថា យន្តហោះនេះនឹងឈប់ចាក់សាំងនៅឌូបៃ មុនពេលបន្តទៅទីក្រុងឡាអេ។


ភ្លាមៗបន្ទាប់ពីយន្តហោះបានហោះឡើង លោកប្រធានាធិបតី Ferdinand Marcos Jr. បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការនាំខ្លួនគាត់ទៅទីក្រុងឡាអេនឹងអនុញ្ញាតឱ្យ «អតីតប្រធានាធិបតីរូបនេះប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងនឹងសង្គ្រាមបង្ហូរឈាមរបស់លើ​លើគ្រឿងញៀន»។

លោក​បាន​និយាយ​ថា៖ «ការ​ចាប់​ខ្លួន​នេះ​គឺ​ជា​ការ​អនុលោម​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រទេស​នេះ​ចំពោះ ប៉ូលិស Interpol»។

លោក​បន្ត​ថា៖ «ប៉ូលិល Interpol បានស្នើសុំជំនួយ ហើយយើងមានកាតព្វកិច្ច ពីព្រោះយើងមានការប្តេជ្ញាចិត្តចំពោះ Interpol ដែលយើងត្រូវបំពេញ បើ​យើង​មិន​ធ្វើ​បែប​នោះ​ទេ ពួកគេ​នឹង​លែង​ជួយ​យើង​ក្នុង​ករណី​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ជន​ភៀសខ្លួន​ហ្វីលីពីន​នៅ​បរទេស»។

លោក Duterte ត្រូវបានគេរាយការណ៍ថាបានស្នើសុំមើល​ដីកាចាប់ខ្លួន ICC បន្ទាប់ពីត្រូវបានប្រាប់ដោយរដ្ឋអាជ្ញារដ្ឋាភិបាលដែលបានជួបគាត់នៅខាងក្នុងយន្តហោះថា មានការជូនដំណឹងសម្រាប់ការចាប់ខ្លួនគាត់។

ដោយផ្អែកលើវីដេអូដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ អតីតប្រធានាធិបតីរូបនេះបានប្រាប់ទៅមន្រ្តីដែលមកចាប់ខ្លួនគាត់ថា «អ្នកនឹងត្រូវសម្លាប់ខ្ញុំប្រសិនបើខ្ញុំមិនយល់ព្រម»៕