លោក ត្រាំ​ បញ្ឈប់ផែនការដំឡើងពន្ធ ៥០% លើការនាំចូលដែកថែប និងលោហៈ ពី​ប្រទេស​កាណាដា ក្រោយពីកាណាដាប្រកាសដាក់ពន្ធទៅលើអគ្គិសនីរបស់អាមេរិកវិញ ប៉ុន្តែពន្ធ ២៥% នៅតែដំណើរការ និងចូលជាធរមាននៅថ្ងៃទី ១២ ខែមីនានេះ។

ការសម្រេចចិត្តលុបចោលផែនការដំឡើងពន្ធ៥០% របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ធ្វើឡើងបន្ទាប់ពី លោក Doug Ford អភិបាល​ខេត្ត Ontario នៃប្រទេស​កាណាដា កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពន្ធ ២៥% លើអគ្គិសនីដែលនាំចេញទៅអាមេរិក ដើម្បីជាការ​ឆ្លើយ​តប​ទៅនឹង​វិធានការពន្ធ​របស់​ប្រធានាធិបតីអាមេរិក។

កាណាដា បានផ្គត់ផ្គងការប្រើប្រាស់អគ្គិសនីដល់រដ្ឋ​ចំនួន​ ៣ របស់​អាមេរិករួម​មាន​ រដ្ឋមីនីសូតា ញូវយ៉ក និងមីឈីហ្គែន ដែលក្នុងនោះមានប្រជាជនប្រមាណ១,៥ លាន​នាក់ ប្រើប្រាស់អគ្គិសនីពីកាណាដា។


លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់លោក ត្រាំ បាន​ប្រាប់ទូរទស្សន៍ CNBC នៅថ្ងៃពុធនេះថា លោក ត្រាំ លែងមានគម្រោងដំឡើងពន្ធចំនួន៥០% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់កាណាដាទៀតហើយ។

សូមជម្រាបថា ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មជិតស្និទ្ធបំផុតមួយរបស់អាមេរិក ប៉ុន្តែកាណាដា បានខឹងយ៉ាងខ្លាំងទៅលើអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ ដែល​បានចាប់​ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ក្នុង​ខែដំបូង ក្នុងនាមជា​ប្រធានាធិបតី៕


ប្រភព៖ BBC