ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelensky ទទួល​យក​សំណើ​ឈប់​បាញ់​គ្នា​រយៈ​ពេល​ ៣០ ថ្ងៃ​ដែល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើង​ ខណៈ​ដែល​សំណើ​នេះ​កំពុង​រង់ចាំការ​ឆ្លើយ​តប​ពី​ភាគី​រុស្ស៊ី។

លោក  Zelensky បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ X កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា៖ «អ៊ុយក្រែន​រួច​រាល់​ហើយ​ក្នុង​ការ​ទទួល​យក​សំណើ​នេះ។ យើង​មើល​ឃើញ​ថា​វា​ជា​ជំហាន​វិជ្ជមាន ហើយ​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ទទួល​យក។ ពេល​នេះ​គឺ​ស្រេច​តែ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ចុះ​បញ្ចូល​រុស្ស៊ី​ឲ្យ​ត្រៀម​ខ្លួន​ទទួល​យក​សំណើ​នេះ​ដូច​គ្នា។ ប្រសិន​បើ​រុស្ស៊ី​ទទួល​យក កិច្ច​ឈប់​បាញ់​គ្នា​នឹង​ចាប់​ផ្ដើម​ភ្លាមៗ​តែ​ម្ដង»។

ការ​វិវត្ត​វិជ្ជមាន​នេះ ​មាន​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ក្នុង​ជំនួប​នេះ អ៊ុយក្រែន​បាន​ស្នើ​ឡើង​ ៣ ចំណុច​ធំៗ រួម​មាន ភាព​ស្ងាត់​នៅ​លើ​មេឃ គឺ​១, ការ​បញ្ឈប់​ការ​ការ​បាញ់​មីស៊ីល ការ​ទម្លាក់​គ្រាប់​បែក និង​ការ​ប្រើ​បាញ់​ប្រហារ​ដោយ​ប្រើ​ដ្រូន ២, ភាព​ស្ងប់​ស្ងាត់​នៅ​សមុទ្រ និង​ដោះ​លែង​អ្នក​ទោស​សង្គ្រាម និង​ការ​បញ្ជូន​ត្រឡប់​ពលរដ្ឋ​អ៊ុយក្រែន​ដែល​រុស្ស៊ី​បង្ខំ​ឲ្យ​ផ្លាស់​ទី​ទៅ​រុស្ស៊ី។


លោក Zelensky ថ្លែង​ថា ភាគី​អាមេរិក​មិន​ត្រឹម​តែ​ពិចារណា​លើ​សំណើ​របស់​អ៊ុយក្រែន​លើ ៣ ចំណុច​នោះ​ទេ ថែម​ទាំង​បាន​ពិចារណា​លើ​ទិដ្ឋភាព​ធំជាង​នេះ ដោយ​ចាប់​ផ្ដើម​ដំបូង​ពី​ការ​ឈប់​បាញ់​គ្នា​ទាំង​ស្រុង​សម្រាប់​រយៈ​ពេល ៣០ ថ្ងៃ​គ្រប់​ទី​កន្លែង ​មិន​មែន​ឈប់​បាញ់​មីស៊ីល ទម្លាក់​គ្រាប់​បែក​នៅ​សមុទ្រ​ខ្មៅ​នោះ​ទេ គឺ​នៅ​តាម​ជួរ​មុខ​ទាំង​អស់។

លោក​ថ្លែង​ថា៖ «ភាគី​អាមេរិក​យល់​ពី​ការ​លើក​ឡើង​របស់​យើង ហើយ​ពិចារណា​លើ​សំណើ​របស់​យើង។ ខ្ញុំ​សូម​ដឹង​គុណ​ប្រធានាធិបតី​ ដូណាល់ ត្រាំ សម្រាប់​កិច្ច​សន្ទនា​បែប​ស្ថាបនា​នេះ​រវាង​ក្រុម​ការងារ​របស់​យើង​ទាំង​ពីរ»។


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Marcho Rubio បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ៊ុយក្រែន​បាន​ទទួល​យក​បទ​ឈប់​បាញ់​នេះ និង​យល់​ព្រម​ចាប់​ផ្ដើម​ចរចា​ដើម្បី​ឈាន​ទៅ​ដល់​ការ​បញ្ចប់​សង្គ្រាម។

លោក​ថា៖ «ឥឡូវ​នេះ​យើង​រង់ចាំ​ចម្លើយ​ពី​ភាគី​រុស្ស៊ី។ យើង​សង្ឃឹម​ថា ពួក​គេ​នឹង​យល់​ព្រម ហើយ​ឥឡូវ​នេះ បាល់​គឺ​នៅ​លើ​ជើង​របស់​គេ។ ជា​ថ្មី​ម្ដង​ទៀត គោល​បំណង​របស់​ប្រធានាធិបតី ត្រាំ គឺ​ចង់​ឲ្យ​សង្គ្រាម​ចប់»។

លោក Rubio ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ សហរដ្ឋ​អាមេរិក​សម្រេច​ផ្ដល់​ជំនួយ​យោធា​ និង​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​ដល់​អ៊ុយក្រែន​ឡើង​វិញ បន្ទាប់​ពី​ជំនួយ​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​សប្ដាហ៍​មុន​នេះ។

មេដឹកនាំ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ បាន​ចេញ​សារ​គាំទ្រ​និង​អបអរ​សាទរ​ចំពោះ​ការ​វិវត្ត​ចុង​ក្រោយ​នេះ៕