អតីត​ប្រធានាធិបតី​ហ្វីលីពីន Rodrigo  Duterte នឹង​ឡើង​សវនាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​នៅ​ថ្ងៃ​សុក្រ ទី១៤ ខែមីនា​នេះ វេលា​ម៉ោង ២ រសៀល​ម៉ោង​នៅ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់ ពាក់​ព័ន្ធ​នឹង​បទ​ចោទ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ នេះ​បើ​តាម ICC។

លោក​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី១២ ខែមីនា។

លោក Duterte ត្រូវ​បាន​ ICC ចាត់​ទុក​ជា​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ដែល​មាន​កម្រិត​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ប្រព្រឹត្ត​នៅ​ប្រទេស​ហ្វីលីពីន ចន្លោះ​ពី​ថ្ងៃ​ទី១ ខែវិច្ឆិកា ឆ្នាំ​២០១១ ដល់​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ​២០១៩ ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​គ្រឿង​ញៀន​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។


តុលាការ​ ICC ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃ​ទី១៣ មីនា​ថា ក្នុង​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​តុលាការ ចៅក្រម​នឹង​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​ជន​សង្ស័យ និង​ភាសា​ដែល​ដែល​លោក​អាច​ឆ្លើយ​តប​នៅ​ក្នុង​នីតិវិធី​កាត់​ក្ដី។ លោក​នឹង​ត្រូវ​ប្រាប់​ពី​បទ​ចោទ និង​សិទ្ធិ​ឆ្លើយ​តប​ស្រប​តាម​លក្ខន្តិកៈ​រ៉ូម។

ចៅក្រម​នៅ​តុលាការ​សាលា​ដំបូង​នេះ​រួម​មាន​លោកស្រី Iulia Antoanella Motoc ដែល​ជា​ប្រធាន​​អង្គ​ជំនុំ​ជម្រះ និង ចៅក្រម  Reine Adélaïde Sophie Alapini-Gansou និង​ចៅក្រម​ María del Socorro Flores Liera៕