
គ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា។
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៧ រិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ថៃ និងបានរង្គើដល់ប្រទេសវៀតណាម និងកម្ពុជាក្នុងកម្រិតបន្តិចបន្តួច នៅថ្ងៃទី២៨ ខែមីនានេះ។
គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រនេះ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជា។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និងមជ្ឈមណ្ឌលភូមិសាស្ត្ររបស់ប្រទេសអាឡឺម៉ង់ បាននិយាយថា ការរញ្ជួយដីមានជម្រៅ ១០ គីឡូម៉ែត្រជាមួយនឹងចំណុចកណ្តាលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
វីដេអូរដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការដួលរលំអគារ និងមានផ្សែងហុយ ខណៈមនុស្សជាច្រើនបានស្រែក និងរត់ចេញពីអាគារ នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកស្រុកនៅទីក្រុងយ៉ាំងហ្គោនបាននិយាយថា ពួកគេមិនអាចធ្វើការហៅទូរស័ព្ទបានទេបន្ទាប់ពីការរញ្ជួយដីបានកើតឡើង។
ប៉ូលិសនៅទីក្រុងបាងកកបាននិយាយថា អគារខ្ពស់ៗដែលកំពុងសាងសង់ក្នុងទីក្រុងបានដួលរលំ ហើយចំនួនអ្នកស្លាប់អាចមាន ប៉ុន្តែ មិនទាន់មានតួលេខច្បាស់លាស់។
ទឹកនៅពីលើដំបូលអគារខ្ពស់ៗក្នុងទីក្រុងបាងកកបានខ្ទាត់ស្រក់មក ខណៈវាកំពុងញ័រ ហើយកម្ទេចកម្ទីបានធ្លាក់មកពីអគារជាច្រើន។ ប្រជាជននៅទីក្រុងបាងកកត្រូវបានជម្លៀសចេញពីអគាររបស់ពួកគេ ដោយឱ្យស្នាក់នៅខាងក្រៅអាគារក្នុងករណីមានហេតុការណ៍ផ្សេងទៀតកើតឡើង
នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានកោះហៅកិច្ចប្រជុំបន្ទាន់មួយ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរញ្ជួយដីនេះ។ នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ប្រទេសថៃ បាននិយាយថា រញ្ជួយដីនេះ បានកើតឡើងស្ទើរតែគ្រប់តំបន់នៃប្រទេស។
ងាកមកប្រទេសកម្ពុជាយើងឯនេះវិញ មានសេចក្ដីរាយការណ៍ថាអគារមួយចំនួន ក៏ទទួលរងឥទ្ធិពលពីការរញ្ចួយដីនេះផងដែរ ដោយនៅរសៀលថ្ងៃសុក្រនេះ មានមនុស្សផ្អើលឈូរឈររត់ចេញពីអាគារធ្វើការមួយចំនួន បន្ទាប់ពីពួកគេមានអាការវិលមុខ និងធីងធោងនៅពេលដែលពួកគេស្ថិតនៅក្នុងអាគារ។ នៅខេត្តព្រះសីហនុ ក៏មានសេចក្ដីរាយការណ៍អំពីឥទ្ធិពលបន្តិចបន្តួចកើតចេញពីរញ្ជួយដីនេះដែរ។
គិតត្រឹរសៀលថ្ងៃទី២៨ ខែមីនានេះ មិនទាន់មានតួលេខផ្លូវការអំពីអ្នកស្លាប់ ឬរបួស ទេ ប៉ុន្តែ សារព័ត៌មានជាច្រើនបានចុះផ្សាយថា មនុស្សរាប់សិបអ្នកបានស្លាប់ របួស និងជាប់នៅក្នុងអគារដែលបាក់រលំ៕