
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសកាលពីថ្ងៃអាទិត្យថា ផែនការរបស់ខ្លួនក្នុងការប្រារព្ធពិធីបុណ្យសង្ក្រាន្តដ៏ធំនៅទូទាំងប្រទេសនឹងដំណើរការទៅតាមការគ្រោងទុក។
TAT បានបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃស្ថានភាពពីការរញ្ជួយដីកាលពីថ្ងៃសុក្រ បានរកឃើញថាស្ថានភាពនៅក្នុងទីក្រុងបាងកក និងផ្នែកផ្សេងទៀតនៃប្រទេសបានវិលមករកភាពប្រក្រតីវិញហើយ។
ជាឧទាហរណ៍ អាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ក្នុងទីក្រុងបាងកក បានបន្តដំណើរការដូចធម្មតា ដោយក្រុមហ៊ុនអាកាសចរណ៍បានផ្តល់សេវាកម្មជាធម្មតា។
លើសពីនេះទៀត ការដឹកជញ្ជូនសាធារណៈ ជាពិសេសសេវាផ្លូវដែកអគ្គិសនីដែលដំណើរការដោយ BTSC និង MRT នៅតែដំណើរការធម្មតា ហើយសណ្ឋាគារ និងកន្លែងកម្សាន្តក្នុងតំបន់ទេសចរណ៍សំខាន់ៗក៏មិនរងផលប៉ះពាល់ដែរ។
TAT បានរាយការណ៍ថា ភ្ញៀវទេសចរមិនបានលុបចោលការកក់របស់ពួកគេទេ ហើយប្រតិបត្តិករទេសចរណ៍ក៏មិនបានដកការកក់ទុកមុនរបស់ពួកគេផងដែរ។
TAT ក៏បានបញ្ជាក់ផងដែរថា ផ្លូវហាយវេទូទាំងប្រទេសមិនមានទទួលរងការខូចខាត និងអាចប្រើប្រាស់បានជាធម្មតាសម្រាប់ការធ្វើដំណើរ។
ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ TAT កំពុងស្វែងរកកិច្ចសហប្រតិបត្តិការពីវិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ និងនាយកដ្ឋានសាធារណការ ដើម្បីត្រួតពិនិត្យសណ្ឋាគារដែលមានកម្ពស់ខ្ពស់។
អាជ្ញាធរបានធានាដល់សាធារណជនថា ការរៀបចំពិធីបុណ្យសង្ក្រាន្តដ៏ធំនៅទីក្រុងបាងកក ឈៀងម៉ៃ និងទីតាំងផ្សេងទៀតនឹងមិនរងផលប៉ះពាល់ឡើយ៕